ខេត្តកំពង់ធំ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មគិតទុកជាមុន បទប៉ុនប៉ងឃាតកម្មគិតទុកជាមុន បទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតជនសង្ស័យជាមេខ្លោងគ្រឿងញៀន និងជនសមគំនិត ប្រឈមជាប់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិត ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត បានប្រកាសថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្ត បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ១០៨ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន ប៉ុនប៉ងឃាតកម្មគិតទុកជាមុន កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រឆាំងនឹងអ្នករាជការ
សាធារណៈ ដែលត្រូវចោទមានចំនួន៣នាក់ ៖
១-ឈ្មោះ យ៉ង់ សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ ។
២-ឈ្មោះ ថត សៀងហៃ ភេទប្រុស អាយុ២៩ឆ្នាំ
៣-ឈ្មោះ ថត ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ ។

ជនត្រូវចោទខាងលើនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៦២២ អ.ក/២០២៥ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យទៅលើភ័ស្តុតាងនានា ដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង៣នាក់ខាងលើរួមមាន ៖
១-ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេខ្លោង ដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុន កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៧ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០២៥ ។

២-ឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ២៩ឆ្នាំ ដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទសមគំនិតក្នុងអំពើប៉ុនប៉ងឃាកម្មគិតទុកជាមុន សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងសមគំនិតក្នុងអំពើកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៧ មាត្រា២៩ និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០២៥ ។
៣-ឈ្មោះ យ៉ង់ សវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ ដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទសមគំនិតក្នុងអំពើប៉ុនប៉ងឃាកម្មគិតទុកជាមុន សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងសមគំនិតក្នុងអំពើកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៧ មាត្រា២៩ មាត្រា២០០ និងមាត្រា៥០៣នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវឆ្នាំ២០០៥ ប្រព្រឹត្តនៅភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៣និង១០នាទីរសៀល ។

សូមរំឭកថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងស្រុកតាំងគោក បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក លើមុខសញ្ញាឈ្មោះ ថន ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ(មេខ្លោងគ្រឿងញៀន) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ យ៉ង់ សុវណ្ណ ហៅខ្វាន់ តែត្រូវបានឈ្មោះ យ៉ង់ សុវណ្ណ ហៅខ្វាន់ (ឪពុកមេខ្លោង)កាន់កាំបិតខ្វែវមករារាំងសមត្ថកិច្ចមិនឲ្យចូលឃាត់ខ្លួនឈ្មោះ ថន ឌីណា ដែលត្រូវជាកូនរបស់ខ្លួនឡើយ ។ 
ស្របពេលនោះ ឈ្មោះ ថនឌីណា និងឈ្មោះ ថន សៀងហៃ ក៏បានឆ្លៀតឱកាសយកកាំភ្លើងលបបាញ់ប្រហារសមត្ថកិច្ចពីក្រោយ បណ្តាលឲ្យលោក ទឹម ចាន់នី អធិការរងនគរបាលស្រុកបារាយណ៍ រងរបួសធ្ងន់ និងបណ្តាលឲ្យលោក ហួន សាវ័យ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាត់បង់អាយុជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ 

ក្រោយពេលធ្វើសកម្មភាពបាញ់សម្លាប់សមត្ថកិច្ចរួចមក ឈ្មោះ ថន សៀងហៃ បានយកម៉ូតូឌុបឈ្មោះ ថន ឌីណា រត់គេចខ្លួនទៅ ខេត្តត្បូងឃ្មុំ ដើម្បីយកអាវុធលាក់ទុក និងបន្តរត់គេចខ្លួនទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយមក ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
បច្ចុប្បន្ន ជនត្រូវចោទខាងលើត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធី ។ ចំពោះបទល្មើសខាងលើនេះ បានបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាពសង្គម ដែលតុលាការត្រូវអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ៕
 
                        
			         
				
ចែករំលែកព័តមាននេះ