ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​នៅ​តែ​ស្ថិត​ក្នុង​ពិចារណា​លើ​ការ​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង J-10 របស់​ចិន

8 ម៉ោង មុន

ទីក្រុង​ហ្សា​ការ​តា ៖ យោង​តាម​ប្រភព​ពី​កាសែត South China Morning Post នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥…

ទីក្រុង​ហ្សា​ការ​តា ៖ យោង​តាម​ប្រភព​ពី​កាសែត South China Morning Post នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៥ បាន​ចេញផ្សាយ​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​តែ​កំពុង​ពិចារណា​លើ​ការ​ទិញ​យន្តហោះ​ចម្បាំង J-10 របស់​ចិន រហូត​ដល់ ៤២ គ្រឿង ដើម្បី​ធ្វើ​ទំនើប​កម្ម​យោធា​របស់​ខ្លួន​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅឡើយ​ទេ​។ នេះ​បើ​តាម​ក្រសួងការពារជាតិ​ឥណ្ឌូ​ណេ​ស៊ី ដោយ​បាន​បញ្ជាក់​អំពី​របាយការណ៍​មុន​ៗ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក Frega Wenas Inkiriwang បាន​ថ្លែង​ថា «​វា​នៅ​តែ​កំពុង​ត្រូវ​បាន​វិភាគ និង​ពិនិត្យ​ឡើង​វិញ​។ នៅ​ពេល​នេះ យើង​កំពុង​តែ​ពិចារណា​លើ​កត្តា​ទាំងអស់​ដែល​អាច​បំពេញតម្រូវការ​របស់​យើង ដើម្បី​ជួយ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​យើង​»​។

នៅ​ថ្ងៃ​ទី​១៦ ខែតុលា កន្លង​ទៅ បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូ​នេ​ស៊ី លោក Sjafrie Sjamsoeddin ដោយ​ថ្លែង​ថា យន្តហោះ J-10 នឹង​ហោះហើរ​នៅ​ទីក្រុង​ហ្សា​កា​តា​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ​។ នៅ​ស​ប្តា​ហ៍​បន្ទាប់ លោក Sjamsoeddin បាន​និយាយ​ថា ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក ប្រា​បូ​វូ ស៊ូ​ប៊ៀ​ន​តូ (Prabowo Subianto) ក្នុង​នាម​ជា​មេបញ្ជាការ​កំពូល​កងកម្លាំងប្រដាប់អាវុធ នឹង​ជា​អ្នក​សម្រេចចិត្ត​ថា តើ​ត្រូវ​ទិញ​យន្តហោះ J-10 ដែរ​ឬទេ? ហើយ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក Tempo បានឱ្យ​ដឹង​ថា ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​មិន​ទាន់​បាន​ធ្វើការ​សម្រេចចិត្ត​នៅឡើយ​ទេ​។

បណ្តា​អ្នក​សង្កេតការណ៍​បាន​លើក​ឡើង​ថា យន្តហោះ​ចម្បាំង J-10 នឹង​មាន​តម្លៃ​ថោក​ជាង​យន្តហោះ​ចម្បាំង​ដទៃ​ទៀត​នៅ​លើ​ទីផ្សារ ប៉ុន្តែ​ការ​ទិញ​ចូល​បន្ថែម​ទៅ​ក្នុង​កងទ័ពអាកាស​ឥណ្ឌូ​ណេ​ស៊ី នឹង​ធ្វើ​ឱ្យ​ប្រតិបត្តិការ​មាន​ភាព​ស្មុគស្មាញ​នៅ​ក្នុង​យោធា​របស់​ខ្លួន និង​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ដទៃ​ទៀត​។

ប្រសិនបើ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ពិតជា​ទិញ​យន្តហោះ​ចម្បាំង J-10 មែន វា​នឹង​ក្លាយជា​ការ​លក់​គ្រឿង​បរិក្ខារ​យោធា​លើក​ដំបូង​របស់​ចិន​ទៅ​កាន់​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បច្ចុប្បន្ន​មាន​យន្តហោះ​ចម្បាំង​សរុប​ចំនួន ១១០​គ្រឿង រួម​ទាំង​យន្តហោះ F-16 របស់​សហរដ្ឋអាមេរិក យន្តហោះ Su-27 និង Su-30 របស់​រុ​ស្ស៊ី បូក​រួម​ទាំង​យន្តហោះ​ស៊េរី BAE Hawk 100 និង 200 របស់​ចក្រភព​អង់គ្លេស​។ ឥណ្ឌូ​ណេ​ស៊ី​ក៏​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង Rafale របស់​បារាំង​ចំនួន ៤២ គ្រឿងក្នុង​តម្លៃ ៨,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២២ ដោយ​យន្តហោះ​ចំនួន ៦ គ្រឿង​ដំបូង​នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់​នៅ​ឆ្នាំ ២០២៦​។

លើស​ពី​នេះ ប្រទេស​នេះ ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង Kaan ចំនួន ៤៨ គ្រឿង​ពី​តួ​ក​គី ហើយ​គ្រោង​នឹង​ស្វាគមន៍ យន្តហោះ​ចម្បាំង T-50i ថ្មី​ចំនួន ២ គ្រឿង​ពី​កូរ៉េ​ខាងត្បូង​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​សម្រាប់​យន្តហោះ​ចម្បាំង T-50i Golden Eagle ចំនួន ៦ គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ