ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ីអាគ្នេយ៍ត្រៀមខ្លួនសម្រាប់អនាគតនុយ ក្លេអ៊ែរ ៖ សិង្ហបុរី និងសហរដ្ឋអាមេរិក ចាប់ដៃគ្នាបើកផ្លូវឆ្ពោះទៅរកថាមពលស្អាត

9 ម៉ោង មុន

សិង្ហ​បុរី ៖ តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ឈាន​ចូល​ដល់​យុគសម័យ​ថ្មី​នៃ​ថាមពល​ដោយ​ផ្តោត​លើ​ជម្រើស​នុយក្លេអ៊ែរ​ដ៏​ស្អាត និង​មាន​ស្ថិរភាព ។ នៅ​ក្នុង​វេទិកា​សិង្ហ​បុរី​-​សហរដ្ឋអាមេរិក (Singapore–U.S. Forum) ដែល​ជា​វេទិកា​មួយ​ដ៏​សំខាន់​ប្រចាំឆ្នាំ​២០២៥ នៃ​ស​ប្តា​ហ៍…

សិង្ហ​បុរី ៖ តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ឈាន​ចូល​ដល់​យុគសម័យ​ថ្មី​នៃ​ថាមពល​ដោយ​ផ្តោត​លើ​ជម្រើស​នុយក្លេអ៊ែរ​ដ៏​ស្អាត និង​មាន​ស្ថិរភាព ។ នៅ​ក្នុង​វេទិកា​សិង្ហ​បុរី​-​សហរដ្ឋអាមេរិក (Singapore–U.S. Forum) ដែល​ជា​វេទិកា​មួយ​ដ៏​សំខាន់​ប្រចាំឆ្នាំ​២០២៥ នៃ​ស​ប្តា​ហ៍ ថាមពល​អន្តរជាតិ​នៅ​ប្រទេស​សិង្ហ​បុរី មេដឹកនាំ​វិស័យ​ថាមពល រួម​ទាំង​អ្នកជំនាញ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ដ៏​ចម្បង​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ការ​កសាង​សមត្ថភាព និង​ការ​រៀបចំ​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ធានា​បាន​នូវ​ការ​ផ្លាស់​ប្តូរ​ថាមពល​ប្រកបដោយ​ជោគជ័យ នៅ​ក្នុង​តំបន់ ជា​ពិសេស​ផ្តោត​សំខាន់​លើ​នុយក្លេអ៊ែរ​ដែល​ជា​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​រវាង​សិង្ហ​បុរី និង​អា​មេ​រិ​ក ។

ឯកឧត្តម​បណ្ឌិត តាន់ ស៊ី ឡេ​ង រដ្ឋមន្ត្រី​ទទួល​បន្ទុក​ថាមពល វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បាន​សង្កត់ធ្ងន់​ថា ថាមពលនុយក្លេអ៊ែរ​កំពុង​ក្លាយជា​ផ្នែក​មួយ​ដែល​កំពុង​លេចធ្លោ​នៃ​កិច្ច​សហប្រតិបត្តិការ​ស្រប​ពេល​ដែល​តំបន់​នេះ​ប្រឈម​មុខ​នឹង​តម្រូវការ​ថាមពល​ដែល​កំពុង​កើនឡើង និង​ការ​ចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​កាបូន ។

សិង្ហ​បុរី​បាន​ពង្រឹង​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​យ៉ាង​ស៊ីជម្រៅ ដោយ​មាន​សមិទ្ធផល​សំខាន់​ៗ​ដូច​ជា កិច្ចព្រមព្រៀង​១២៣ (123 Agreement): កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ការ​ប្រើប្រាស់​ដោយ​សន្តិភាព​នៃ​ថាមពលនុយក្លេអ៊ែរ​ស៊ី​វិល និង​ការ​ដាក់​បញ្ចូល​សិង្ហ​បុរី​ទៅ​ក្នុង​បញ្ជី​គោលដៅ​អនុញ្ញាត​ជា​ទូទៅ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ការ​នាំ​ចេញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ។
តាម​រយៈ​វេទិកា​សិង្ហ​បុរី​-​សហរដ្ឋអាមេរិក ដើម្បី​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ភាព​វាងវៃ សិង្ហ​បុរី​កំពុង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​បច្ចេកទេស​របស់​ខ្លួន ដោយ​អាជ្ញាធរ​ទីផ្សារ​ថាមពល (EMA) របស់​សិង្ហ​បុរី និង​អា​មេ​រិ​ក បាន​ចុះហត្ថលេខា​លើ ៖
-​អនុស្សរណៈ​នៃ​ការ​យោគយល់ (MOU) ជាមួយ​វិទ្យាស្ថាន Battelle Memorial ដើម្បី​សិក្សា​ពី​បច្ចេកវិទ្យា​ឡ​ដុត​ទំនើប ។
-​លិខិត​នៃ​ចេតនា (LOI) ជាមួយ មន្ទីរពិសោធន៍​ជាតិ​អៃ​ដា​ហូ (Idaho National Laboratory) ដើម្បី​សហការ​លើ​ការ​វាយតម្លៃ​បច្ចេកទេស ។

រដ្ឋមន្ត្រី​ថាមពល​សិង្ហ​បុរី បាន​បញ្ជាក់​ថា ភាព​ជា​ដៃគូ​ទាំងនេះ​នឹង​ធានា​ថា ការ​ស្វែង​យល់​ណាមួយ​អំពី​ថាមពលនុយក្លេអ៊ែរ គឺ​ត្រូវ​ផ្អែក​លើ ជំនាញ​កម្រិត​ពិភពលោក និង​ស្តង់ដារ​សុវត្ថិភាព​តឹងរ៉ឹង ។

លើស​ពី​នេះ ការ​អភិវឌ្ឍ ប្រព័ន្ធ​អេកូឡូស៊ី​ជាតិ​ដ៏​រឹង​មាំ​ដែល​រួម​មាន​រដ្ឋាភិបាល ស្ថាប័ន​អប់រំ និង​ក្រុមហ៊ុន​ក្នុងស្រុក គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ត្រៀមខ្លួន​រយៈពេល​វែង​ក្នុង​ការ​ផ្តល់​សេវា​វិស្វកម្ម និង​ការ​ធ្វើតេស្ត​សុវត្ថិភាព ។

អ្នកជំនាញ​នៅ​ក្នុង​វេទិកា​បាន​លើក​ឡើង​ថា ក្រៅពី​បច្ចេកវិទ្យា ការ​ដាក់​ពង្រាយ​ថាមពលនុយក្លេអ៊ែរ​តម្រូវ​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​គោលនយោបាយ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ។
លោកស្រី Miriam D’Onofrio ពី​ក្រុមហ៊ុន X-energy បាន​បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​ទាមទារ​ធាតុ​សំខាន់​បី ៖ ភាព​ច្បាស់លាស់​នៃ​គោលនយោបាយ ការ​បន្ត​នៃ​គោលនយោបាយ និង​ការ​ប្តេជ្ញា​ចិត្ត​លើ​គោលនយោបាយ សម្រាប់​គម្រោង​រយៈពេល​វែង ។

លោក Marc Nichol ពី​វិទ្យាស្ថាន​ថាមពលនុយក្លេអ៊ែរ បាន​ផ្តល់​យោបល់​ថា ប្រទេស​នានា​គួរតែ​បង្កើត បទ​ប្បញ្ញត្តិ​ទំនើប ដែល​ផ្អែក​លើ​ប្រសិទ្ធភាព និង​ហានិភ័យ ដោយ​ឆ្លុះ​បញ្ចាំង​ពី​សុវត្ថិភាព​ប្រសើរ​ឡើង​នៃ​ឡ​ដុត​ទំនើប ។

លោកស្រី Dr Jennifer Gordon បាន​ចង្អុលបង្ហាញ​ទៅ​លើ​យន្តការ​ហិរញ្ញវត្ថុ​ដូច​ជា ធានា​រ៉ាប់រង​លើ​ការ​ចំណាយ​លើស កម្ចី​ធានា និង​ភាព​ជា​ដៃគូ​សាធារណៈ​-​ឯកជន ដើម្បី​ចែករំលែក​ហានិភ័យ​រវាង​រដ្ឋាភិបាល និង​ឧស្សាហកម្ម ។

លោក ឯកអគ្គរដ្ឋទូត Brian D. McFeeters បាន​កត់​សម្គាល់ថា រដ្ឋ​ជា​សមាជិក​អាស៊ាន ពិតជា​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ថាមពលនុយក្លេអ៊ែរ ហើយ​អាច​នឹង​មានគុណ​សម្បត្តិ​បទ​ប្បញ្ញត្តិ ដោយសារ​ពួក​គេ​អាច​អនុម័ត​ក្របខ័ណ្ឌ​ទំនើប និង​សាមញ្ញ​ជាង​មុន​ដោយ​មិន​ចាំបាច់​ដោះស្រាយ​ជាមួយ​ភាព​ស្មុគស្មាញ​នៃ​ប្រព័ន្ធ​ចាស់​ៗ​ឡើយ ។

ដោយឡែក នៅ​ក្នុង​សុន្ទរកថា​បើក​របស់​លោក នៅ​សន្និសីទ CEPSI ឯកឧត្តម​បណ្ឌិត តាន់ បាន​គូសបញ្ជាក់​ពី​តួនាទី​របស់​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី ឬ Power Grid ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ថាមពល ។

សិង្ហ​បុរី​កំពុង​ផ្តោត​លើ​អាទិភាព​ចំនួន​បី សម្រាប់​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​របស់​ខ្លួន ៖ កា​រត​ភ្ជាប់​គ្នា ភាព​ធន់ និង​ភាព​បត់បែន​។ ឯកឧត្តម​បាន​លើក​ឡើង​ថា បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តំបន់​អាច​ជួយ​ប្រទេស​អាស៊ាន​ឱ្យ​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​សក្តានុពល​ថាមពល​កកើត​ឡើង​វិញ​ដ៏​សម្បូរ​បែប​ក្នុង​តំបន់ និង​ពង្រឹង​ភាព​ធន់​របស់​បណ្តាញ​តាម​រយៈ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ។

បន្ថែម​លើ​នេះ AI គឺជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ដែល​ត្រូវ​បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ថាមពល​អន្តរជាតិ​នៅ​សិង្ហ​បុរី (SIEW 2025)​។ នៅ​ក្នុង​សន្និសីទ CEPSI ដែល​ធ្វើ​ឡើង​ស្រប​ជាមួយនឹង​វេទិកា​សិង្ហ​បុរី​-​សហរដ្ឋអាមេរិក គឺជា​ឱកាស​ដែល​អ្នកជំនាញ​បាន​ពិភាក្សា​អំពី AI ក្នុង​វិស័យ​ថាមពល រួម​ជាមួយ​នវានុវត្តន៍​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី និង​យុទ្ធសាស្ត្រ​កាបូន​ទាប ក្នុង​នោះ​រួម​មាន ៖

-​ការ​គ្រប់គ្រង​បណ្តាញ​ផ្គត់ផ្គង់ (Grid Management): បញ្ញា​សិប្បនិម្មិត (AI) ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​តួនាទី​សំខាន់​ក្នុង​ការ បង្កើន​ប្រសិទ្ធភាព និង​ភាព​ធន់​នៃ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី ជា​ពិសេស​នៅ​ពេល​ដែល​ប្រទេស​នានា​ចាប់ផ្តើម​រួម​បញ្ចូល​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ដ៏​សម្បូរ​បែប និង​ថាមពលនុយក្លេអ៊ែរ​ដែល​ជា​ប្រភព​ថាមពល​មាន​ស្ថិរភាព ។
-​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ថាមពល​: ព្រឹត្តិការណ៍ SIEW 2025 ក៏​បាន​លើក​ឡើង​ពី​តួនាទី​របស់ AI ក្នុង​ការ ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍ និង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ថាមពល ដែល​កាន់តែ​ឆ្លាត​វៃ និង​មាន​ភាព​ធន់​ជាង​មុន​។

និយាយ​ជា​រួម តួនាទី​របស់ AI ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​កត្តា​ជំរុញ​បច្ចេកវិទ្យា ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ថាមពល​ទាំងមូល រួម​ទាំង​ការ​គ្រប់គ្រង​ថាមពលនុយក្លេអ៊ែរ និង​បណ្តាញ​អគ្គិសនី​ក្នុង​តំបន់​ផង​ដែរ ៕

កែសម្រួលដោយ