ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជនសង្ស័យលួចម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលលួចម៉ូតូជនរងគ្រោះបានសម្រេចគេចខ្លួនបាន៤ថ្ងៃ ម្ចាស់ជាប់ដៃលេងបាល់ទះភ្លេចដកសោចេញពីម៉ូតូ ស្ត្រីដៃដល់ឃើញឱកាសល្អក៏លួចតែម្តង។

ការស្រាវជ្រាវឃាត់ខ្លួនស្ត្រីជាជនសង្ស័យលួចម៉ូតូខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិក្រាំងគ្រួស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា ស្ត្រីជាជនសង្ស័យលួចម៉ូតូដែលឃាត់ខ្លួនមានឈ្មោះ មួយ ស្រីឆេង អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិក្រាំងគ្រួស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលស្ត្រីដៃដល់ធ្វើសកម្មភាពលួចម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្ទឹងត្រែង1A-7028 ម្ចាស់ម៉ូតូមិនទាន់ស្គាល់ឈ្មោះនោះទេ ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅក្នុងភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីចោរកម្មបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ.ស្ទឹងត្រែង1A-7028 មូលហេតុដែលជនសង្ស័យធ្វើសកម្មភាពលួចបានសម្រេចនោះ គឺដោយសារតែម្ចាស់ទុកម៉ូតូក្បែរតារាងបាល់ទះ ហើយម្ចាស់ជាប់ដៃលេងបាល់ក៏ភ្លេចដកកូនសោរចេញពីម៉ូតូ ។

នគរបាលស្រុកគងពិសីបានបន្តថា ក្រោយពីធ្វើការស្រាវជ្រាវនឹងបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីលោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសីដឹកនាំផ្ទាល់ដោយលោកអធិការនគរបាលស្រុកគងពិសី បានសហការធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខសញ្ញាជនសង្ស័យជាចោរលួចម៉ូតូខាងលើ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ឈ្មោះ មួយ ស្រីឆេង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិក្រាំងគ្រួស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ យកមកសួរនាំ និងបានដកហូតម៉ូតូ១គ្រឿងរបស់ជនរងគ្រោះត្រឡប់មកវិញ ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាជនសង្ស័យឈ្មោះ មួយ ស្រីឆេង បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែឃើញឱកាសល្អ និងភាពអំណោយផលនៃវត្ថុលួចមានសោនៅជាប់នឹងម៉ូតូ ហើយម្ចាស់កំពុងតែវីវក់នឹងការលេងកីឡាបាល់ទះភ្នាល់គ្នាផងនោះ ក៏លួចតែម្តង ។
ដោយបានអនុញ្ញតពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សមត្ថកិច្ចជំនាញបានប្រគល់វត្តុតាងម៉ូតូជូន ជនរងគ្រោះជាម្ចាស់យកទៅប្រើប្រាស់វិញ និងបានឃាត់ខ្លួនស្ត្រីជាចោរស្រីដៃឆើតបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ