ខេត្តកំពង់ស្ពឺ ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួន ខណៈដែលខឹងសុំលុយម្ដាយចំនួន១,០០០រៀល(មួយពាន់រៀល) យកទៅទិញបារី ប៉ុន្តែម្ដាយមិនឱ្យ ហើយថែមទាំងស្ដីបន្ទោសមិនជួយការងារផ្ទះ ស្រាប់តែកូនប្រុសស្ទុះទៅទាញកាំបិតប៉័ងតោកាប់លើម្តាយតែម្តង ។ ហេតុការណ៍ឃាត់ខ្លួនកូនប្រុសចិត្តតិរច្ឆានរូបនេះ កើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង០១និង១០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច មានករណីឃាតកម្មមួយកើតឡើងដោយកូនប្រុសប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយបង្កើត។ ជនសង្ស័យដៃដល់មានឈ្មោះ នឿន ណែត ហៅខ្នែត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅជាមួយឪពុកម្តាយក្នុងភូមិ-ឃុំខាងលើ បានយកកាំបិតប៉័ងតោ(កាប់ពីខាងខ្នង)កាប់ទៅលើម្ដាយបង្កើតឈ្មោះយួន ផាន អាយុ៤៧ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ចំសៀតផ្កាលើត្រចៀកខាងស្ដាំចំនួន០១កាំបិត បណ្ដាលឲ្យស្លាប់។
ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យដៃដល់ខាងលើ នៅផ្ទះតែ២នាក់ម្ដាយ ពេលដែលជនសង្ស័យកំពុងដេកអង្រឹង ហើយបានសុំលុយម្ដាយ១,០០០រៀល(មួយពាន់រៀល) យកទៅទិញបារីជក់ ប៉ុន្តែម្ដាយមិនឲ្យហើយថែមទាំងស្ដីបន្ទោសមិនដែលជួយធ្វើការងារ ។ ពេលនោះ ជនសង្ស័យដៃដល់បានស្ទុះទៅយកកាំបិតប៉័ងតោនៅលើតុ កាប់ទៅលើម្ដាយហូរឈាមជោកខ្លួន ។ ពេលធ្វើសកម្មភាពកាប់រួចបានបោះកាំបិតប៉័ងតោចោល និងបានដើរទៅដេកនៅក្នុងអង្រឹងនៅមុខផ្ទះ ចំណែកម្ដាយជាជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ។

នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា លុះដល់ម៉ោង០២ និង២០នាទីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឪពុកត្រឡប់មកពីកាប់អុសវិញ បានដើរចូលក្នុងផ្ទះទើបឃើញប្រពន្ធ(ស្ត្រីរងគ្រោះម្ដាយ) របស់ខ្លួនដេកស្លាប់នៅក្នុងផ្ទះបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចទទួលព័ត៌មានចុះដល់កន្លែងកើតហេតុ និងបានហៅជនសង្ស័យឈ្មោះ នឿន ណែត ហៅ ខ្នែត មកសាកសួរ ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយប្រាកដមែន ។ ជនសង្ស័យដៃដល់ជាកូនបានបញ្ជាក់អំពីមូលហេតុថា សុំលុយម្ដាយចំនួន១,០០០រៀល (មួយពាន់រៀល) យកទៅទិញបារី តែម្ដាយមិនឱ្យ ថែមទាំងស្ដីបន្ទោសថែមទៀត ទើបខ្លួនកាប់តែម្តងទៅ ។
បច្ចុប្បន្ន ជនសង្ស័យដៃដល់ត្រូវឃាត់ខ្លួនសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ