ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង​ ចុះ​សួរសុខទុក្ខ​ កសិករចិញ្ចឹម​ជ្រូក ​នៅ​ស្រុក​កំពង់​រោ​ទិ៍

6 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​លោក​បណ្ឌិត សម តារា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង និង​លោក ប៊ុ​ន សាវ៉ា​ន់

ខេត្តស្វាយរៀង ​៖ ​លោក​បណ្ឌិត សម តារា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង និង​លោក ប៊ុ​ន សាវ៉ា​ន់ សមាជិក​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង និង​អភិបាលស្រុក អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៤ បាន​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ជា​កសិករ​ចិញ្ចឹម​ជ្រូក នៅ​ឃុំ​សំឡី និង​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ដែល​មាន​ករណី​ផ្ទុះ​ឡើង​នូវ​ជំងឺ​លើ​សត្វ​ជ្រូក​របស់​ពួក​គាត់​។

លោក​បណ្ឌិត សម តារា បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ទៅ​លើ​សត្វ​ជ្រូក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​នាំ​ឲ្យ​ងាប់​អស់​ជា​ច្រើន​ក្បាល​នៅ​ឃុំ​សំឡី និង​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ នា​ពេល​នេះ​។ ការ​បាត់បង់​សត្វ​ចិញ្ចឹម​ដោយ​ជំងឺ​នេះ ជា​ការ​ខាតបង់​មួយ​ដ៏​ច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​លោក​បណ្ឌិត ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​ក៏​ដូច​ជា​ចិញ្ចឹមសត្វ​ផ្សេង​ៗ​ទៀត ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឲ្យ​បាន​ល្អ ដើម្បី​ពង្រឹង​ការ​ចិញ្ចឹមសត្វ​ឲ្យ​បាន​ទទួល​ជោគជ័យ និង​ត្រូវ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ ចិញ្ចឹមសត្វ ឲ្យ​បាន​ច្រើន​ថែម​ទៀត ក្នុង​ការ​យក​ជំនាញ​ទាំងនេះ មក​អនុវត្ត​ចិញ្ចឹមសត្វ​របស់​ខ្លួន និង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ចិញ្ចឹម​ផង​ដែរ​។

លោក​បណ្ឌិត​បាន​បន្ថែម​ថា រាល់​មាន​បញ្ហា​សត្វ​ឈឺ​នៅ​ក្នុង​មូលដ្ឋាន ត្រូវ​រាយការណ៍​មក​មន្ត្រី​ជំនាញ​មាន​ពេទ្យសត្វ​ភូមិ មេ​ភូមិ អាជ្ញាធរ ឃុំ ស្រុក ដើម្បី​ដាក់​មន្ត្រី​ជំនាញ​ចុះ​ជួយ​ព្យាបាល​ទាន់​ពេលវេលា ហើយ​រាល់​មាន​សត្វ​ងាប់ កុំ​នាំ​គ្នា​បរិភោគ ដែល​អាច​បង្ក​ឲ្យ​មានការ​ឆ្លង​ជំងឺ​ដល់​មនុស្ស សត្វ​ថែម​ទៀត ជា​ពិសេស ត្រូវ​កប់​ចោល​ទុក​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​ឆ្លង​ជំងឺ​នេះ​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា នា​ចុង​ស​ប្តា​ហ៍​ទី​២ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​នេះ មាន​ករណី​ផ្ទុះ​ឡើង​នូវ​ជំងឺ​លើ​សត្វ​ជ្រូក ចំនួន​១៤៨​ក្បាល និង​បណ្តាល​ឱ្យ​សត្វ​ជ្រូក​ងាប់​អស់​ចំនួន​៧៨​ក្បាល របស់​កសិករ​នៅ​ក្នុង​ឃុំ​សំឡី និង​ឃុំ​ខ្សែ​ត្រ នៃ​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​ ។

របាយការណ៍​បាន​បញ្ជាក់​ថា យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​សំណាក លេខ ០៧១/២៤ វ​.​ជ​.​ស​.​ស​.​ជ ចុះ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សត្វ​ជ្រូក​ឈឺ និង​ងាប់​នៅ​តាម​ភូមិ​ឃុំ​ខាងលើ ពុំ​មាន​ផ្ទុក​នូវ​វីរុស​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ជំងឺ​រាគ​កូនជ្រូក ដែល​ជា​ប្រភេទ ជំងឺឆ្លង​កាច សាហាវ ធ្ងន់ធ្ងរ​គ្មាន​ថ្នាំ​ព្យាបាល​នោះ​ទេ​។

ផ្អែក​តាម​លទ្ធផល នៃ​ការ​អង្កេត​តាមដាន​ជាក់ស្តែង​នៅ​គ្រប់​តំបន់​ដែល​កើតហេតុ និង​តំបន់​ដែល​មានការ សង្ស័យ​របស់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​សុខភាព សត្វ និង​ផលិតកម្ម​សត្វ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤​នេះ សត្វ​ជ្រូក​នៅ​តំបន់​ខាងលើ​ពុំ​មាន​ជំងឺប៉េស្ត​ជ្រូក (CSF) និង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ