ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​ព្រមា.ន​កសិករ​ខ្លួន​ពី​ការ​រត់ពន្ធ និង​ដាំ​ស្រូវពូជ​មក​ពី​វៀតណាម

4 ខែ មុន

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ថៃ បាន​ព្រមាន​កសិករ​របស់​ខ្លួន​ពី​ការ​រត់ពន្ធ ឬ​ដាំ​ស្រូវពូជ​មក​ពី​

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ថៃ បាន​ព្រមាន​កសិករ​របស់​ខ្លួន​ពី​ការ​រត់ពន្ធ ឬ​ដាំ​ស្រូវពូជ​មក​ពី​ប្រទេស​វៀតណាម ដែល​អាជ្ញាធរ​ថៃ​មិន​ទាន់​បាន​បញ្ជាក់​។

ប្រភព​ពី​សារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍​បាន​រាយការណ៍​ថា លោក Thamanat Prompow រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហករណ៍ កាលពី​ថ្ងៃ​ទី ៨ ខែ ធ្នូ កន្លង​ទៅ បាន​ចេញ​ការ​ព្រមាន​ដល់​កសិករ​ថៃ​ដោយ​លើក​ឡើង​ថា ពួក​គេ​អាច​មាន​បញ្ហា​ប្រសិនបើ​វៀតណាម​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ពួក​គេ ហើយ​ក៏​អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស និង​ទំនាក់ទំនង​ទ្វេភាគី​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​ទទួលស្គាល់​ថា ពូជស្រូវ​វៀតណាម​ផ្តល់​ទិន្នផល​ច្រើន​ជាង​ពូជស្រូវ​ថៃ ដែល​អាច​បង្កើត​ប្រាក់​ចំណូល​ច្រើន​សម្រាប់​កសិករ​។ ប៉ុន្តែ​ទោះ​យ៉ាងណា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​នាយកដ្ឋាន​ស្រូវ នៅ​ក្នុង​ការ​បញ្ជាក់​ពូជ​អង្ករ ដែល​រត់ពន្ធ​ពី​ប្រទេស​ជិតខាង​។ លោក​បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស្រូវ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ពូជស្រូវ​ក្នុងស្រុក​ថ្មី ដែល​នឹង​ផ្តល់​ទិន្នផល​ស្រូវ​កាន់តែ​ច្រើន​ក្នុង​មួយ​រ៉ៃ ជាមួយ​គុណភាព​ប្រសើរ​ជាង​មុន ដូច្នេះ​កសិករ​ថៃ អាច​ប្រើប្រាស់​វា​សម្រាប់​ដាំ​ដុះ​នៅ​រដូវ​ដាំ​ដុះ​បន្ទាប់​។

កាលពី​ថ្ងៃ​ទី ៥ ខែ ធ្នូ កន្លង​ទៅ គេហទំព័រ The Rice Trader (TRT) បាន​ប្រកាស​ថា អង្ករ Ong Cua ST25 របស់​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​ប្រលង​អង្ករ​ល្អ​បំផុត​ពិភពលោក​ឆ្នាំ ២០២៣ នៅ​សន្និសីទ​អង្ករ​ពិភពលោក​ទីក្រុង​សេ​ប៊ូ (Cebu) ប្រទេស​ហ្វី​លី​ពី​ន ខណៈ​ដែល​លេខ​២ បាន​លើ​ប្រទេស​កម្ពុជា និង​លេខ​៣ បាន​លើ​ប្រទេស​ឥណ្ឌា​។

លោក Chookiat Ophaswongse ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ​លើក​ឡើង​ថា ប្រទេស​ថៃ​មិន​បាន​ចូលរួម​ក្នុង​ការ​ប្រលង​ឆ្នាំ​នេះ​ទេ ទោះបីជា​អង្ករ​ថៃ​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​អំពី​គុណភាព និង​ស្តង់ដារ​យ៉ាងណា​ក៏​ដោយ​។ អង្ករ Hom Mali 105 របស់​ថៃ បាន​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា នៅ​ក្នុង​ឆ្នាំ ២០២០ និង ២០២១​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី អង្ករ​ផ្ការំដួល​របស់​កម្ពុជា​បាន​វ៉ា​ដាច់​អង្ករ Hom Mali របស់​ថៃ ដោយ​បាន​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ ២០២២​។

ការ​បរាជ័យ​នៃ​អង្ករ​ថៃ​ក្នុង​ការ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ បាន​ធ្វើ​ឱ្យ​មានការ​រំជើបរំជួល​ក្នុង​ចំណោម​សាធារណជន​ថៃ ព្រោះ​អង្ករ​ថៃ​បាន​ក្លាយជា​ជើងឯក​ពិភពលោក​យូរ​មក​ហើយ ហើយ​តែងតែ​ស្ថិត​ក្នុង​ចំណោម​អង្ករ​ល្អ​បំផុត​ទាំង​៣​នៅ​ទូ​ទាំង​ពិភពលោក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ