ក្នុងឱកាសនៃពិធីរួមមួយរៀបចំឡើងខាងក្រៅ «ក្បួនដើររបស់ពួកអ្នកមានមោទនភាព» ក្រោមកម្តៅថ្ងៃយ៉ាងក្តៅហែង គូស្នេហ៍រួមភេទដូចគ្នាដល់ទៅ១១៥គូមកពីទ្វីបផ្សេងៗបាននាំគ្នារៀបការកាលពីថ្ងៃទី២៦ មិថុនា នៅទីក្រុងតូរ៉ុងតូ ប្រទេសកាណាដា ។គូសេ្នហ៍រួមភេទដូចគ្នាមួយគូ លោក RICHARD LASLETT និងលោក COILLIN GUNTHER និយាយថា ពួកគេរង់ចាំអស់៣៧ឆ្នាំមកហើយ មុនពេលបានរៀបការបែបនេះក្នុងឱកាសនៃព្រឹត្តិការណ៍មួយដែលរៀបចំក្នុងសួនច្បារមួយនៃទីក្រុងតូរុ៉ងតូ ។ គូស្នេហ៍នេះមកពីទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ពួកគេនិយាយថា ពួកគេរីករាយដែលបានមករៀបការនៅទីនេះ ទោះបីការរៀបការនោះពេលពួកគេវិលទៅកាន់ក្រុងមែលប៊នវិញ គេមិនទទួលស្គាល់ក្តី ។
មានគូសេ្នហ៍រួមភេទដូចគ្នាដល់ទៅ២០០គូ ពីដំបូងគ្រោងមកជួបជុំរៀបការជាក្រុមនៅទីក្រុងតូរុ៉ងតូ ក៏ប៉ុន្តែគូស្នេហ៍ច្រើនគូមិនអាចទទួលបានទាន់ពេលនូវសំបុត្រអាពាហ៍ពិពាហ៍កាណាដា ហើយមិនធ្វើដំណើរមក ។នៅលើពិភពលោកមានប្រទេសចំនួន១៥ អនុញ្ញាតឱ្យពួកអ្នករួមភេទដូចគ្នារៀបការ ។ នៅកាណាដា ការអនុញ្ញាតនេះមានចាប់តាំងពីខែមិថុនា ឆ្នាំ២០០៥ មក ។
នៅក្នុងសួនច្បារ ពេលរៀបការបណ្តាគូស្នេហ៍រួមភេទដូចគ្នាដែលខ្លះជក់បារី ឬស្លៀកពាក់រ៉ូបពណ៌ស ដែលពួកគេមកពីតៃវ៉ាន់ អូស្ត្រាលី ឬពីហ្គាណា បាននាំគ្នាផឹកស្រាសំប៉ាញ ហើយពួកគេផ្លាស់ប្តូរបទពិសោធន៍គ្នា និងពិភាក្សាគ្នាពីបណ្តាឧបសគ្គដែលពួកគេជួបប្រទះក្នុងប្រទេសរៀងៗខ្លួន ។ អ្នករៀចចំកម្មវិធីនេះម្នាក់ លោក NICK DI DONATO និយាយថា នោះពុំមែនគ្រាន់តែជាការរៀបការលេងៗទេ តែជាការរៀបការដ៏ប្រាកដប្រជាមួយ ។ ពិធីរៀបការនោះមានទាំងតំណាងរបស់សាសនាទាំងឡាយ មានកាតូលិក ព្រះពុទ្ធសាសនា ឬអ៊ិស្លាមចូលរួមដែរ ៕
ចែករំលែកព័តមាននេះ