ប្រទេសស្វីស ៖ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានប្រកាសកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ថា ការរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារប្រទេសមីយ៉ាន់ម៉ា គឺជាគ្រាអាសន្នកម្រិតខ្ពស់ ហើយខ្លួនបានស្វែងរកកញ្ចប់ថវិកាបន្ទាន់៨លានដុល្លារ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងទប់ស្កាត់ការផ្ទុះជំងឺអាសន្នរោគក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងរយៈពេល៣០ថ្ងៃខាងមុខ។
នៅក្នុងការអំពាវនាវភ្លាមៗសម្រាប់មូលនិធិសង្គ្រោះបន្ទាន់ WHO បានប្រកាសថាចំនួនអ្នកស្លាប់ និងរបួសកើនឡើងខ្ពស់ជាហានិភ័យនៃការឆ្លងជំងឺអាសន្នរោគ ដោយសារតែសមត្ថភាពការវះកាត់នៅមានកម្រិតក្នុងប្រទេសមីយ៉ាន់ម៉ា។ WHO បានចាត់ថ្នាក់វិបត្តិនេះថា គឺជាគ្រាអាសន្នកម្រិតទី៣។
ប្រភពពីទីភ្នាក់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអះអាងថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័របានវាយប្រហារនៅជិតទីក្រុងម៉ាន់ដាឡេ ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ហើយគិតត្រឹមថ្ងៃទី៣០ ខែមីនា មនុស្សប្រហែល ១,៧០០នាក់ស្លាប់ និងជាង ៣,៤០០នាក់រងរបួស ហើយជាង ៣០០នាក់ផ្សេងទៀតបានបាត់ខ្លួន។
ចំនួនអ្នកស្លាប់ និងរងរបួសច្រើនបែបនេះ តម្រូវការសង្គ្រោះបន្ទាន់ត្រូវការជាចាំបាច់បំផុត ប៉ុន្តែការផ្គត់ផ្គង់អគ្គិសនី និងទឹកនៅតែត្រូវបានរំខាន ដែលធ្វើឱ្យលទ្ធភាពទទួលបានការព្យាបាល និងថែទាំសុខភាពកាន់តែអាក្រក់ បង្កើនហានិភ័យនៃការរាតត្បាតជំងឺអាសន្នរោគឆ្លងតាមទឹក និងអាហារ។ អ្នករបួសភាគច្រើនប្រឈមហានិភ័យខ្ពស់នៃការឆ្លងមេរោគ និងផលវិបាកដោយសារសមត្ថភាពវះកាត់នៅមានកម្រិត ព្រមទាំងការទប់ស្កាត់ និងការគ្រប់គ្រងការឆ្លងមេរោគមិនបានគ្រប់គ្រាន់។
WHO បានប្រកាសថា ខ្លួនត្រូវការថវិកាចំនួន៨លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពបន្ទាន់ក្នុងរយៈពេល៣០ថ្ងៃខាងមុខ ដើម្បីសង្គ្រោះជីវិតមនុស្ស ទប់ស្កាត់ជំងឺ និងស្តារសេវាសុខភាពសំខាន់ៗរបស់ប្រទេសមីយ៉ាន់ម៉ាឡើងវិញ។ ហើយប្រសិនបើគ្មានមូលនិធិសង្គ្រោះភ្លាមៗទេ ប្រជាជនមីយ៉ាន់ម៉ាជាច្រើននឹងត្រូវបាត់បង់ជីវិត ហើយប្រព័ន្ធសុខភាពដែលកំពុងតែផុយស្រួយនឹងកាន់តែអាក្រក់ ដ្បិតមន្ទីរពេទ្យមានច្រើន ប៉ុន្តែទំហំនៃការស្លាប់ របួស និងការខូចខាតដល់គ្រឹះស្ថានសុខាភិបាលមិនទាន់មានរបាយការណ៍ច្បាស់លាស់នៅឡើយ។ ការផ្លាស់ទីលំនៅទៅកាន់ទីតាំងសុវត្ថិភាពមានមនុស្សច្រើនកកកុញ រួមនឹងការបំផ្លាញប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធអនាម័យ បានបង្កើនហានិភ័យនៃការផ្ទុះឡើងនៃជំងឺឆ្លង ជាពិសេសជំងឺអាសន្នរោគ និងជំងឺគ្រុនឈាម។
WHO គូសបញ្ជាក់ថា ជំហានដំបូងការផ្គត់ផ្គង់ឧបករណ៍ព្យាបាលរបួស និងការបាក់ឆ្អឹង ព្រមទាំងតង់ ដើម្បីបង្កើតកន្លែងសង្គ្រោះសម្រាប់ការកើនឡើងចំនួនអ្នករបួស ដែលបានទៅដល់មន្ទីរពេទ្យនៅរដ្ឋធានីណៃពីដោ ដែលត្រូវបានបញ្ជូនពីទីតាំងសង្គ្រោះបន្ទាន់នៅទីក្រុងយ៉ាំងហ្គោន។ ហើយការផ្គត់ផ្គង់ស្រដៀងគ្នានេះ កំពុងធ្វើដំណើរទៅភាគខាងជើងបន្ថែមទៀតទៅកាន់មន្ទីរពេទ្យ Mandalay General៕ ប្រភព ៖ Vietnam Plus
ចែករំលែកព័តមាននេះ