ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែឧសភា ACU​ ទទួល​ពាក្យ​ប្តឹង​៥៤ និង​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​សរុប ​១១៥​រូប

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ​មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ថ្លែង​ថា ​ក្នុង​ខែឧសភា ឆ្នាំ២០២៥​នេះ​មាន​ពាក្យ​ប្តឹង​សរុប​ចំនួន​៥៤ ក្នុង​នេះ​មាន​៣​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ និង​ចំណែក​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​វិញ​…

រាជធានីភ្នំពេញ ​៖ ​មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ថ្លែង​ថា ​ក្នុង​ខែឧសភា ឆ្នាំ២០២៥​នេះ​មាន​ពាក្យ​ប្តឹង​សរុប​ចំនួន​៥៤ ក្នុង​នេះ​មាន​៣​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ និង​ចំណែក​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​វិញ​ មាន​មន្ត្រី​សរុប​ ១១៥​រូប ​។

បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤៧ អាណត្តិ​ទី​៣ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​នា​រសៀល​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក សយ ច័ន្ទ វិចិត្រ មន្ត្រី​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឱ្យ​ដឹង​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុ​រលួយ​ បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង​ ដែល​មាន​ក្នុង​ខែឧសភា សរុប​ចំនួន ៥៨ពាក្យ​ប្ដឹង និង​ក្នុង​នេះ ​មាន​៣​សំណុំរឿង ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ។ ​ចំពោះ​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​វិញ មន្ត្រី​ចំនួន ១១៥រូប បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល ក្នុង​នោះ​មន្ត្រី ​ទើប​ទទួល​បានការ​តែងតាំង​ថ្មី ចំនួន ៨៩ រូប ដោយឡែក​មន្ត្រី ០២ រូប បាន​ប្រកាស​ក្រោយ​បញ្ឈប់​ពីមុខ​តំណែង និង ២៤ រូប​ទៀត បាន​មក ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល ដោយ​មូលហេតុ​លាឈប់ ចូល​និវត្តន៍​និង​ចប់​អាណត្តិ​ ។

លោក​បាន​ថ្លែង​ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ខែឧសភា​នេះ​ដែរ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បានចូលរួម​សង្កេតការណ៍​កិច្ច​លទ្ធកម្ម​សាធារណៈ ចំនួន ១៤៧ គម្រោង របស់​អង្គភាព​លទ្ធកម្ម ចំនួន ៤៥ អង្គភាព និង​បាន​បន្ត​ចុះ​ប្រតិបត្តិការ​នៅ​តាម​មូលដ្ឋាន​ជាក់ស្តែង​មួយ​ចំនួន​ទៀត តាម​សំណើ​របស់​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេង​ៗ​ទៀត ​។

លោក សយ ច័ន្ទ វិចិត្រ បានឱ្យ​ដឹង​ដែរ​ថា​ ​ក្រៅពី​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចូលរួម​សង្កេតការណ៍​ការ​ប្រឡង​ ចំនួន​៣​លើក​ក្នុង​ដូច​ជា ការ​ប្រឡង​ថ្នាក់​ជាតិ ជ្រើសរើស និស្សិត ចូល​សិក្សា​ថ្នាក់​ឆ្នាំ​ទី​១ កម្រិត​បរិញ្ញាបត្រ​រង នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល ក្នុង​វិស័យ​សុខាភិបាល សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥, ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី រាជការ ឱ្យ​ចូល​បម្រើ​ការ​នៅ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ក្នុង​ក្រប​ខណ្ឌ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបាន​រៀបចំ​ដោយ​ក្រសួង​មុខងារសាធារណៈ និង​ការ​ប្រឡង​ជ្រើសរើស​បេក្ខជន​ចូល​សិក្សា វិជ្ជាជីវៈ​មេធាវី​ជំនាន់ ទី​២០ ដែល​រៀបចំ​ដោយ​គណៈមេធាវី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

គួរ​បញ្ជាក់​ថា បើ​យោង​តាម​របាយការណ៍​ ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ជាតិ​ ប្រឆាំង​អំពើ​ពុក​រលួយ ​បានឱ្យ​ដឹង​ដែរ​ថា ក្នុង​ករណី​ដោយឡែក​មួយទៀត​ គឺ​ការ​ប្រឡង​ចូល​ធ្វើ​ជា​មេធាវី​ជំនាន់​ទី​២០ ចំនួន ៤០​នាក់ ​លើ​អ្នក​ដាក់​ពាក្យ​ចំនួន ៦២១​នាក់ (​ស្រី ២៤០)​ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចូលរួម ដែរ​នោះ​ឃើញ​ថា ​អ្នក​ដាក់​ពាក្យ​១​រូប ឈ្មោះ​លោក យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ត្រូវ​បាន​បដិសេធន៍ មិន​ទទួល​ឱ្យ​ចូល​ប្រឡង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ