ទីក្រុងសេអ៊ូល៖ សោកស្ដាយចំពោះប្រទេសកូរ៉េខាងត្បូង។ ថ្ងៃនេះទន្ទឹមនឹងមានព្រឹត្តិការណ៍បោះឆ្នោតមុនកាលកំណត់ក៏មានព្រឹត្តិការណ៍អកុសលធ្លាក់យន្តហោះល្បាតយោធាមួយគ្រឿងបណ្ដាលឱ្យស្លាប់មនុស្សសរុប៤នាក់នៅទីក្រុងផូហាង (Pohang)។ យន្តហោះម៉ាកភីបី (P-3) បានចូលរួមនៅក្នុងបេសកកម្មហ្វឹកហ្វឺនយោធានៃមូលដ្ឋានទ័ពអាកាសមួយកន្លែង។
បន្ទាប់ពីចាកចេញពីមូលដ្ឋាននោះនៅម៉ោង១:៤៣បានប្រហែល៦នាទី យន្តហោះក៏ធ្លាក់ទៅលើដីតែម្ដង។ វីឌីអូឃ្លីបដែលថតបាននៅនឹងកន្លែងកើតហេតុ និងចាក់ផ្សាយនៅលើទូរទស្សន៍វ៉ាយធីអឹន (YTN) បង្ហាញថាយន្តហោះចាប់ផ្ដើមហោះចាក់កួកាន់តែទាបទៅៗ។ រំពេចនោះ គេឃើញផ្សែងខ្មួលខ្មាញ់ហោះហើរទៅលើអាកាស និងឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីយន្តហោះធ្លាក់ទៅលើដីបានត្រឹមតែបន្តិចប៉ុណ្ណោះ។
កងទ័ពជើងទឹកកូរ៉េខាងត្បូងប្រកាសថាសាកសពរបស់បុគ្គលិកយោធាដែលបានទទួលអនិច្ចកម្មនៅក្នុងឧបទ្ទវហេតុនេះត្រូវបានគេប្រមូលគ្រប់ចំនួនអស់ហើយ ហើយគ្មានអ្នកស្រុកអ្នកភូមិណាម្នាក់ដែលរស់នៅជិតកន្លែងកើតហេតុនោះបានស្លាប់ ឬរងរបួសទេ។ បេសកកម្មរបស់យន្តហោះនេះត្រូវកាត់រំសាយចោលខណៈដែលសមត្ថកិច្ចចាប់ផ្ដើមស៊ើបអង្កេតសំណុំរឿងនេះ។
ការិយាល័យសង្គ្រោះបន្ទាន់ប្រចាំទីក្រុងផូហាង ខេត្តគ្យុងសាង ប្រាប់ថាក្រុមអ្នកជួយសង្គ្រោះ និងពន្លត់អគ្គិភ័យបានដាក់ពង្រាយនៅកន្លែងកើតហេតុ។ រូបថតជាច្រើនសន្លឹកបង្ហាញរូបរថយន្តជាច្រើនគ្រឿងដែលប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូននៅកន្លែងកើតហេតុដែលហ៊ុមព័ទ្ធដោយភ្លើងឆេះ និងឃើញដើមឈើជាច្រើនត្រូវហ៊ុមព័ទ្ធដោយផ្សែងដ៏ខ្មៅងងឹត៕
ចែករំលែកព័តមាននេះ