ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន YACHIYO របស់ជប៉ុន ចង់​ពង្រីក​ការ​វិនិយោគ​ ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ នៅ​​ខេត្ត​ព្រះ​សីហ​នុ

6 ថ្ងៃ មុន

ប្រទេស​ជប៉ុន ​៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ប្រទេស​ជប៉ុន ​៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក DEMIZU Shigemitsu ប្រធាន​ក្រុមហ៊ុន YACHIYO Engineering Co., Ltd. និង​សហការី ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ក្នុង​ឱកាស ​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​ផ្លូវការ ពី​ថ្ងៃ​ទី​២៨-៣១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​។

ក្នុង​ឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន​បាន​សម្តែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ ជូន​ចំពោះ​សម្តេច​បវរ​ធិ​បតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូប​លោក និង​សហការី​បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ​។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​បវរ​ធិ​បតី​ ប្រទេស​កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត​ នា​ពេល​អនាគត​ ។

ជាមួយ​គ្នា​នេះ​ លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​រាយការណ៍​ជូន​សម្តេច​បវរ​ធិ​បតី​អំពី​វឌ្ឍនភាព ​នៃ​ដំណើរការ ​នៃ​គម្រោង​មួយ​ចំនួន​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​កែ​ច្នៃ​សំណល់​។ លោក​ក៏​បាន​គោរព​ជម្រាប​ពី​គោលបំណង​ពង្រីក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​លើ​ការ​ធ្វើ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​បង្ហាញ​សុទិដ្ឋិនិយម​ថា ការ​វិនិយោគ​នេះ ​នឹង​នាំ​មក​ជាមួយ ​នូវ​បទ​ពិសោធន៍ និង​បច្ចេកវិទ្យា​ទំនើប​មក​កាន់​ប្រទេស​កម្ពុជា សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ។

ទន្ទឹម​នឹង​នេះ​ លោក​ប្រធាន​ក្រុមហ៊ុន​ បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​មាន​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជំងឺឆ្លង​តាម​ទឹក​កខ្វក់ ដែល​នឹង​រួមចំណែក​លើកកម្ពស់​សុខុមាលភាព​ប្រជាជន តាម​រយៈ​ការ​លើកកម្ពស់​អនាម័យ​សាធារណៈ ក៏​ដូច​ជា​ការ​ចូលរួម​អភិវឌ្ឍ​ទីក្រុង​ឆ្លាត ​។

ជា​ការ​ឆ្លើយ​តប សម្តេច​បវរ​ធិ​បតី ​បាន​សម្តែង​ការ​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន ដែល​កំពុង​វិនិយោគ​លើ​គម្រោងការ​កែ​ច្នៃ​សំណល់​នៅ​កម្ពុជា​។ សម្តេច​បវរ​ធិ​បតី ​បាន​គូសបញ្ជាក់​ថា សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ មិន​ខុស​ពី​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ជប៉ុន​នោះ​ទេ ពោល​គឺ​នៅ​ពេល​ ដែល​កម្រិតជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​រីក​ចម្រើន និង​ចំនួន​ប្រជាជន​កាន់តែ​កើនឡើង តម្រូវការ​ក្នុង​ការ​ប្រើប្រាស់​ទឹក និង​ការ​បញ្ចេញ​សំណល់​ ក៏​កើនឡើង​ដូច​គ្នា​ដែរ​។ ក្នុង​ន័យ​នេះ​ ការ​វិនិយោគ​លើ​ការ​កែ​ច្នៃ​សំណល់ និង​ការ​ធ្វើ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ពិតជា​មាន​ភាព​ចាំបាច់ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ ។

សម្តេច​បវរ​ធិ​បតី ​ក៏​បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​គាំទ្រ​គោលបំណង​ពង្រីក​ការ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ធ្វើ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នេះ ​។ សម្តេច​បវរ​ធិ​បតី​ បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន ​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ផ្ទាល់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ