ទីក្រុងតេអេរ៉ង់៖ ថ្មីៗនេះ ប្រទេសអ៊ីរ៉ង់ប្រហារជីវិតទណ្ឌិត៣នាក់ពីបទលួចការណ៍សម្ងាត់ទៅឱ្យអ៊ីស្រាអែល។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអាយអ័រអឹនអេ (IRNA) របស់រដ្ឋាភិបាលអ៊ីរ៉ង់ផ្ទាល់តែម្ដង។ ការប្រហារជីវិតដោយព្យួរកលើកនេះជាករណីថ្មីបំផុតដែលពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់ និងអ៊ីស្រាអែល។
ការព្យួរកប្រហារជីវិតនោះធ្វើឡើងនៅពន្ធនាគារអ៊ួមីយ៉ា (Urmia) នៃខេត្តអាហ្ស៊ែបៃហ្សង់ខាងលិច (West Azerbaijan) ជាតំបន់ចុងកាត់មាត់ញកភាគពាយព្យប្រទេសអ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មានខាងលើនេះបានដកស្រង់ប្រភពពីមន្ត្រីតុលាការមកផ្សាយថាបុរសដែលត្រូវប្រហារជីវិតទាំងនោះត្រូវបានចោទប្រកាន់ពីបទនាំយក «គ្រឿងបរិក្ខារសម្រាប់ធ្វើឃាត» ចូលទៅក្នុងប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់បានប្រហារជីវិតមនុស្សជាច្រើននៅអំឡុងពេលផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែល។ ហេតុនេះបង្កជាការព្រួយបារម្ភថាប្រទេសនេះអាចនឹងបើកយុទ្ធនាការប្រហារជីវិតជាបន្តបន្ទាប់ក្រោយពេលចប់សង្គ្រាម។ អ៊ីរ៉ង់បានប្រកាសឈ្មោះទណ្ឌិតដែលត្រូវប្រហារជីវិតទាំងបីនោះមានទី១-អាហ្សាត សូចេអ៊ី (Azad Shojaei), ២-អេដ្រេស អាលី (Edris Aali) និង៣-ជាជនជាតិអ៊ីរ៉ាក់ឈ្មោះរ៉ាស៊ូលអាមេត រ៉ាស៊ូលអ៊ី (Rasoul Ahmad Rasoul)។
ការប្រហារជីវិតអ្នកទាំងបីនៅថ្ងៃនេះនាំឱ្យចំនួនទណ្ឌិតដែលប្រហារជីវិតកើនឡើងដល់៦នាក់ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនា។ គេគិតថាមិនយូរទេ អ៊ីរ៉ង់នឹងប្រហារជីវិតមនុស្សបន្ថែមទៀត។ ជាពិសេស បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់ទុកពេលត្រឹមថ្ងៃអាទិត្យសប្ដាហ៍នេះឱ្យអ្នកលួចយកការណ៍សម្ងាត់ឱ្យអ៊ីស្រាអែលចេញមកសារភាពឱ្យហើយដើម្បីកុំឱ្យមានទោសពៃរ៍កាន់តែធ្ងន់៕
ចែករំលែកព័តមាននេះ