ខេត្តបាត់ដំបង ៖ ច្រកទ្វារអន្តរជាតិចំនួន០១ និងច្រកទ្វារតំបន់ចំនួន០៣ ដែលស្ថិតក្នុងទឹកដីខេត្តបាត់ដំបង ហាក់មានសភាពស្ងប់ស្ងាត់ដូចចោរលួចសេះ បើពិនិត្យលើស្ថានភាពនៅថ្ងៃទី២៥ មិថុនា នេះ លើកលែងតែច្រកទ្វារអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង មួយប៉ុណ្ណោះ ដែលនៅមានសកម្មភាពពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកកំណើតវិញ និងបើកចំហរផ្លូវថ្មើជើង សម្រាប់ឲ្យអ្នកជំងឺ ឬកូនសិស្សឆ្លងចេញចូលទៅសាលារៀន ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីប្រចាំតាមច្រកទ្វារព្រំដែននានានៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ជាប់ជាមួយប្រទេសថៃ ដែលកោះសន្តិភាពទទួលបានត្រឹមម៉ោង១១ព្រឹកថ្ងៃទី២៥ មិថុនា គឺមានតែច្រកទ្វារអន្តរជាតិ«ដូង»ក្នុងស្រុកកំរៀងមួយប៉ុណ្ណោះ ដែលមានសកម្មភាពពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកកំណើតវិញ និងមានកូនសិស្សធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារថ្មើជើងទៅសាលារៀន ។ រីឯច្រកទ្វារអន្តរជាតិ«ភ្នំដី» និង ច្រតទ្វារតំបន់«អូររំដួល»ច្រកទ្វារតំបន់«អូរអន្លក់» និង ច្រកទ្វារតំបន់«៤០០» ពុំឃើញមានសកម្មភាពទេ គឺបិទទ្វារជិតស្ងាត់ឈឹងតែម្ដង ។

កាលពីម៉ោង៥ល្ងាចថ្ងៃទី២៤ មិថុនា គេឃើញមាត់ច្រកទ្វារអន្តរជាតិ«ភ្នំដី» ភាគីកម្ពុជា និងភាគីថៃ បានព្រមព្រៀងបើកទ្វារសម្រាប់ថ្មើជើង អនុញ្ញាតឲ្យពលករខ្មែរវិលត្រឡប់ចូលស្រុកវិញមួយដង្ហើមចង្រិតដែរ ហើយក៏ទាញទ្វារបិទខ្ទប់វិញ ក្រោយអស់សម្រុងពលករខ្មែរឆ្លងកាត់ តែនៅថ្ងៃទី២៥ មិថុនា ច្រកទ្វារអន្តរជាតិមួយនេះ ត្រូវបិទជិតឈឹងជាស្ងាពរតែម្ដង ។

ប្រភពពីមន្ត្រីច្រកទ្វារអន្តរជាតិ «ភ្នំដី» នេះបានឲ្យដឹងថា ចាប់តាំងពីព្រឹករហូតមក (២៥ ០៦ ២៥) ដល់ពេលនេះ ច្រកទ្វារភ្នំដី ត្រូវបិទស្ងាត់ឈឹងតែម្ដង ។ បើក្រឡេកមើលទៅកាន់ច្រកទ្វារតំបន់ចំនួន០៣ទៀត គឺច្រកតំបន់«៤០០»ក្នុងស្រុកសំឡូត ច្រកតំបន់«អូរអន្លក់»ក្នុងស្រុកកំរៀង និងច្រកតំបន់«អូររំដួល»ក្នុងស្រុកភ្នំព្រឹក ។ ច្រកតំបន់ទាំង០៣នេះ ក៏មិនខុសពីច្រកទ្វារអន្តរជាតិ«ភ្នំដី»ប៉ុន្នានដែរ គឺស្ងាត់ឈឹងដូចគ្នា ។
ផ្ទុយពីច្រកទ្វារព្រំដែនទាំង០៤ខាងលើនេះ មន្ត្រីប្រចាំច្រកទ្វារអន្តរជាតិ«ដូង» បានប្រាប់ថា ច្រកទា្វរអន្តរជាតិ«ដូង»បានបិទទាំងស្រុងនូវមុខជំនួញជួញដូរគ្រប់ប្រភេទរវាងភាគីទាំងពីរ (កម្ពុជា ថៃ)។ ប៉ុន្តែភាគីទាំងពីរនៅបន្តបើកផ្លូវថ្មើជើង ដើម្បីអនុញ្ញាតឲ្យពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលស្រុកកំណើតវិញ តែមិនអនុញ្ញាតឲ្យវិលទៅកាន់ប្រទេសថៃវិញឡើយ ។

មន្ត្រីដដែលបានបញ្ជាក់ថា សូម្បីតែភ្ញៀវទេសចរនៃប្រទេសទាំងពីរ ក៏ពុំអនុញ្ញាតឲ្យធ្វើដំណើរចេញចូលទៀតដែរ លើកលេងតែអ្នកមានជំងឺធ្ងន់ ឬសិស្សានុសិស្សប៉ុណ្ណោះ ដែលភាគីទាំងពីរអនុញ្ញាតឲ្យធ្វើការឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិនេះបាន តាមផ្លូវថ្មើរជើង ។
រាល់ច្រកទ្វារព្រំដែនទូទាំងប្រទេស រវាងកម្ពុជា និងថៃ ត្រូវបានប្រកាសបិទមុនទាំងស្រុងជា «ឯកតោភាគី» ដោយភាគីថៃ ក្នុងអំឡុងពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ មិថុនា លុះនៅព្រឹកថ្ងៃទី២៤ មិថុនា ទើបភាគីកម្ពុជា សម្រេចបោះជំហានតាមក្រោយ ដោយរាជរដ្ឋាភិបាលប្រកាសឲ្យមន្ត្រីប្រចាំច្រកទ្វារ ទាញទ្វារបិទខ្ទប់ទាំងស្រុង គ្រប់បណ្ដាច្រកទ្វារព្រំដែនទូទាំងប្រទេស ដែលជាប់ព្រំប្រទល់ប្រទេសថៃ ។

ប៉ុន្តែយ៉ាងណា កម្ពុជានិងថៃបានឯកភាពគ្នាបន្តបើកច្រកទ្វារខ្លះ សម្រាប់ថ្មើជើង ដើម្បីអនុញាតឲ្យពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ បានវិលត្រឡប់ចូលប្រទេសកំណើតវិញ និងជួយសម្រូលដល់ការចេញចូលសម្រាប់អ្នកមានជំងឺធ្ងន់ធ្ងរ និងកូនសិស្សទៅសាលារៀន ។ បញ្ជាក់៖ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលដល់ប្រទេសកម្ពុជាវិញហើយ មិនអនុញ្ញាតឲ្យវិលទៅកាន់ប្រទេសថៃវិញឡើយ ។ ហើយភាគីថៃក៏ត្រូវអនុវត្តតាមលក្ខខណ្ឌនេះដូចគ្នាដែររហូតមានការសម្រេចជាថ្មីរវាងភាគីទាំងពីរ៕
ចែករំលែកព័តមាននេះ