ខេត្តព្រះវិហារ ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ ពោធិសែនជ័យ តំណាងលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងតំណាងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងនាំយក នូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ ៧៩៣ ដែលកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារ ។
អំណោយដែលនាំយកទៅចែកជូនកងទ័ពខាងលើនេះ រួមមាន ៖ ថវិកា មី ស្រាបៀរ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រីបង្កង ទឹកស៊ីអ៊ីវសណ្តែកសៀង សរុបជាទឹកប្រាក់ចំនួន ១៧,៤៧៨,០០០រៀល ។
ឧបត្ថម្ភ ជាសម្ភារប្រើប្រាស់មាន ៖ ចប កាប់ ដែកស្បែង ពូថៅ កាំបិតផ្គាក់ ត្រសេះ ញញូរ ប៉ែល បង្គំ សរុបទឹកប្រាក់ចំនួន៧,៥៨០,០០០រៀល ។
ឧបត្ថម្ភ ជាថវិកាជូនអង្គភាព និងកងកម្លាំងនគរបាលចំនួន ៩លានរៀល ។ ជាមួយគ្នានេះ ដោយមានសំណូមពរពីមេបញ្ជាការ ក្រុមប្រតិភូ នឹងជួយសាងសង់ផ្លូវបេតុងចូលបន្ទាយប្រវែង ៨៥ម ទទឹង ១០ម៉ែត្រ ផងដែរ បន្ថែមលើការផ្តល់អាងទឹកបេតុងចំនួន ៤ នៅទីតាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ។
បន្ទាប់មក ក្រុមប្រតិភូ ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សួន រោន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៩ ព្រមទាំងបច្ច័យបុណ្យសពចំនួន ២លានរៀល ៕






ចែករំលែកព័តមាននេះ