ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន កំពុង​ជំរុញ និង​បង្កើន​សកម្មភាព​លើ​ការ​កែ​ច្នៃ​សំណល់​ប្លា​ស្ទិ​ក​នៅ​កម្ពុជា

6 ថ្ងៃ មុន

ប្រទេស​ជប៉ុន ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក OKUMURA…

ប្រទេស​ជប៉ុន ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក OKUMURA Yusuke ប្រធាន​ក្រុមហ៊ុន KOUA SHOJI Co., Ltd. និង​សហការី​ចូល​ជួប​សម្ដែង​ការ​គួរសម នៅ​ក្នុង​ឱកាស​ នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​ផ្លូវការ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​២៨-៣១ ខែឧសភា ឆ្នាំ​២០២៥ ​។

ក្នុង​ឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន​បាន​សម្ដែង​ នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិ​បតី​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​លោក និង​សហការី​បាន​ចូល​សម្ដែង​ការ​គួរសម និង​បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​អំពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។ ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​ចាប់តាំងពី​ឆ្នាំ​២០១៥ មក ដោយ​មាន​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ប្រទេស​ជប៉ុន (JICA) នៅ​ក្នុង​ការ​កែ​ច្នៃ​សំរាម ​នៅ​ក្នុង​ខេត្តស្វាយរៀង​ ។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ ក៏​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​កែ​ច្នៃ​សំរាម​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៃ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប និង​កែ​ច្នៃ​ផលិតផល​ប្លា​ស្ទិ​ក ​ឱ្យទៅ​ជា​សម្ភារៈ​ប្រើប្រាស់​ឡើង​វិញ សម្រាប់​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​នាំ​ចេញ​។ លោក​ប្រធាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​កំពុង​ តែ​មាន​កិច្ចសហការ​ជាមួយនឹង​ដៃគូ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ជំរុញ និង​បង្កើន​សកម្មភាព​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​លើ​ការ​កែ​ច្នៃ​សំណល់​ប្លា​ស្ទិ​ក​បន្ថែម​ទៀត តាម​រយៈ​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ ​ដូច​ជា​ការ​កែ​ច្នៃ​សំរាម​ចល័ត និង​ការ​កែ​ច្នៃ​តាម​ទូ​កុងតឺន័រ ជាដើម ​។

កន្លង​មក​ក្រុមហ៊ុន ​ក៏​បាន​សហការ​ជាមួយ​បណ្ដា​ខេត្ត​មួយ​ចំនួន ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ការ​ចែក​ធុងសំរាម ក៏​ដូច​ជា​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​សាលារៀន​លើ​ការ​បណ្ដុះបណ្ដាល​ផ្នែក​អនាម័យ និង​ធ្វើ​យុទ្ធនាការ​ប្រមូល​សំរាម​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោក​ប្រធាន​ក្រុមហ៊ុន​ បាន​សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្ដល់​នូវ​ការ​សម្របសម្រួល និង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​កន្លង​មកនេះ ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី ​បាន​សម្ដែង​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិ​បតី ​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ទាំងឡាយ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្ទាល់​នៅ​កម្ពុជា ដោយ​សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ពី​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ យន្តការ​នៃ​ការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​ផ្សេង​ៗ សម្រាប់​វិនិយោគិន​ ។

សម្ដេច​បវរ​ធិ​បតី​បាន​បន្ថែម​ទៀត​ថា ស្រប​ពេល​ដែល​កម្ពុជា​ កំពុង​មានការ​អភិវឌ្ឍ​រីក​ចម្រើន ហើយ​កំណើនប្រជាជន​មានការ​កើនឡើង បរិមាណ​សំរាម និង​សំណល់​ផ្សេង​ៗ ក៏​មានការ​កើន​ឡើងជា​បន្តបន្ទាប់​។ ដូច្នេះ​សកម្មភាព​ការ​កែ​ច្នៃ​សំណល់​របស់​ក្រុមហ៊ុន​ពី​ប្លា​ស្ទិ​ក ក៏​ដូច​ជា​សំរាម​ផ្សេង​ៗ ទៅ​ជា​ផលិតផល​ប្រើប្រាស់​ឡើង​វិញ​នេះ គឺជា​អាជីវកម្ម​ដ៏​មាន​សារៈសំខាន់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​នៅ​តែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​អាជីវកម្ម​ប្រភេទ​នេះ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពង្រីក​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ទៀត​ ។

សម្ដេច​បវរ​ធិ​បតី ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​លុប​បំបាត់ ឬ កាត់​បន្ថយ​សំរាម និងសំណល់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ