ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​,ចិន និង​កូរ៉េ​ខាង​ជើង​រិះ​គន់​ផែន​ការ​ស្ថាបនា​សំណាញ់​មេ​ឃា​របស់​ត្រាំ

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​ចំនួន​បី​នៅ​ក្បែរ​ៗ​គ្នា​បាន​បរិហារ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ចំពោះ​ផែន​ការ​សាង​សង់​ខែល​ការ​ពារ​ដែន​អាកាស​ដ៏​ទំនើប​ចុង​ក្រោយ​របស់​អាមេរិក​ឈ្មោះ​ហ្គោល​ដឹន​ដូម (Golden Dome)។ ប្រទេស​ចិន កូរ៉េ​ខាង​ជើង និង​រុស្ស៊ី​ព្រួត​គ្នា​រិះ​គន់​ផែន​ការ​នេះ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ លោក​ស្រី​ម៉ារីយ៉ា​ សា​កា​រ៉ូវ៉ា​…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​ចំនួន​បី​នៅ​ក្បែរ​ៗ​គ្នា​បាន​បរិហារ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ចំពោះ​ផែន​ការ​សាង​សង់​ខែល​ការ​ពារ​ដែន​អាកាស​ដ៏​ទំនើប​ចុង​ក្រោយ​របស់​អាមេរិក​ឈ្មោះ​ហ្គោល​ដឹន​ដូម (Golden Dome)។ ប្រទេស​ចិន កូរ៉េ​ខាង​ជើង និង​រុស្ស៊ី​ព្រួត​គ្នា​រិះ​គន់​ផែន​ការ​នេះ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ លោក​ស្រី​ម៉ារីយ៉ា​ សា​កា​រ៉ូវ៉ា​ (Maria Zakharova) ចាត់​ទុក​ហ្គោល​ដឹន​ដូម​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​បាត​គ្រឹះ​នៃ​ស្ថិរ​ភាព​ពិភព​លោក​ព្រោះ​វា​ជា​ប្រព័ន្ធ​ដែល​បូក​បញ្ចូល​គ្នា​នូវ​ខែល​ការ​ពារ​​នៅ​លើ​ដី​ទាំង​អស់​​បញ្ជូន​ទិន្នន័យ​ទៅ​មូល​ដ្ឋាន​ធំ​ដែល​ហោះ​សំកាង​នៅ​ក្នុង​ទី​អវកាស​។

​កាល​ពី​មុន​នេះ កូរ៉េ​ខាង​ជើង និង​ប្រទេស​ចិន​ក៏​បាន​បញ្ចេញ​ប្រតិ​កម្ម​តប​ផង​ដែរ​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ផែន​ការ​របស់​លោក​ត្រាំ​​​បង្កើត​ឡើង​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​ចិន និង​រុស្ស៊ី​។ កាល​ពី​ម្សិល​មិញ ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើងរិះ​គន់​ប្រព័ន្ធ​ការ​ពារ​នេះ និង​ចាត់​ទុក​ថា​វា​ជា​ផែន​ការ​​ដ៏​គ្រោះ​ថ្នាក់​ដែល​មាន​ចរិត​គំរាម​កំហែង​ប្រទេស​ដទៃ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា លោក​ត្រាំ​ប្រកាស​ថា​លោក​បាន​ជ្រើស​រើស​ការ​គូស​វាស​ប្លង់​ (ឌី​ហ្សាញ​) ដើម្បី​ស្ថាប​នា​ខែល​ការ​ពារ​ហ្គោល​ដឹនដូម​ជា​បណ្ដើរ​ៗ​ហើយ​ ហើយ​​ក៏​បាន​ជ្រើស​រើស​អ្នក​ដឹក​នាំ​គម្រោង​នេះ​រួច​ហើយ​ដែរ​។ គ្រាន់​តែ​គិត​ត្រួស​ៗ​​តែ​ប៉ុណ្ណោះ​ ផែន​ការ​នេះ​ត្រូវ​ចំណាយ​​​ថវិកា​​​១៧៥​ពាន់​លាន​ដុល្លារ​ ហើយ​ត្រូវ​ធ្វើ​ឱ្យ​បាន​ចប់​សព្វ​គ្រប់​ និង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ចុង​អាណត្តិ​ដឹក​នាំ​របស់​លោក​នា​​ដើម​ឆ្នាំ​២០២៩​។

របប​ក្រុង​ព្យុង​យ៉ាង​ពន្លះ​វ៉ាស៊ីន​តោន​យ៉ាង​ចាស់​ដៃ​។ ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA) ចាត់​ទុក​ហ្គោល​ដឹន​ដូម​ជា​ផលិត​ផល​នៃ​នយោ​បាយ​តម្កល់​ផល​ប្រយោជន៍​អាមេរិក​ជា​រឿង​សំខាន់​ទី​១,​ ជា​ចរិត​ដែល​គិត​ថា​ខ្លួន​ឯង​ធ្វើ​អ្វី​ក៏​ត្រឹម​ត្រូវ​ជា​និច្ច​, ជា​ចរិត​ច្រឡោង​ខាម​ និង​​ជា​ចរិត​អត្ត​នោ​ម័ត​-​ផ្ដាច់​ការ​ ធ្វើ​អ្វី​ទៅ​តាម​ចិត្ត​ចង់​ដោយ​មិន​ស្ដាប់​យោបល់​អ្នក​ដទៃ។ កូរ៉េ​ខាង​ជើង​ចាត់​ទុក​ថា​នេះ​ជា​ការ​រៀប​ជើង​ព្រួល​ដើម្បី​ធ្វើ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​។

នៅ​ក្នុង​សេណារីយោ​នេះ គោល​ដៅ​របស់​អាមេរិក​ក្នុង​ការ​ស្ថាបនា​ហ្គោល​ដឹន​ដូម​គឺ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្កាយ​រណប​រាប់​រយ​គ្រឿង​ដែល​កំពុង​ហោះ​ហើរ​ពេញ​ផ្ទៃ​មេឃ​ជុំ​វិញ​ផែន​ដី​។ ឧបករណ៍​នេះ​​បំពាក់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​សឹន​សឺ (censor)  និង​ប្រព័ន្ធ​រ៉ាដា​តាម​ចាប់​ និង​បាញ់​កម្ទេច​គ្រាប់​មីស៊ីលដែល​ហោះ​ចេញ​ពី​ទី​ណា​មួយ​នៃ​ភព​ផែន​ដី​។ ឧទាហរណ៍​បាញ់​ចេញ​ពី​ប្រទេស​​ចិន អ៊ីរ៉ង់​ កូរ៉េ​ខាង​ជើង​ ឬ​រុស្ស៊ី​ជា​ដើម​។ ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​តប​មុន​គេ​។ កាល​ពី​សប្ដាហ៍​មុន​ ចិន​បង្ហាញ​ការ​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​​​ និង​អំពាវ​នាវ​ឱ្យ​ទី​ក្រុង​វ៉ាស៊ីន​តោន​បោះ​បង់​ចោល​ផែន​ការ​នេះ​វិញ​។ ​ខាង​លើ​នេះជា​ការ​ស្រង់​ប្រភព​ពី​យូ​អែស​អេ​ធូដេ (USA Today) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ