ទីក្រុងម៉ូស្គូ៖ អាមេរិក និងរុស្ស៊ីចាប់ផ្ដើមបោះពាក្យសម្ដីដាក់គ្នាទៅវិញទៅមកប្រៀបបាននឹងអាយ៉ៃឆ្លើយឆ្លងនយោបាយពាក់ព័ន្ធនឹងវោហារសាស្ត្ររបស់លោកត្រាំដែលបង្ហាញការធុញទ្រាន់នឹងសង្គ្រាមដែលបន្តអូសបន្លាយមិនចេះចប់។ មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានបញ្ចេញប្រតិកម្មតបទៅលោកត្រាំវិញ។ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោកមេតវ៉េដេវ (Dmitri Medvedev) យល់ថាពាក្យសម្ដីរបស់លោកត្រាំថ្មីៗនេះអាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមលោកលើកទីបី។ លោកថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំចាប់ផ្ដើមបង្ហាញអារម្មណ៍ខឹងសម្បារនឹងរុស្ស៊ី និងលោកពូទីនដែលមិនព្រមទទួលយកបទឈប់បាញ់ និងបន្តវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំងឡើងៗ។
មុនដំបូង លោកត្រាំថ្លែងថាពូទីនកាន់តែឆ្កួតមែនទែនហើយ។ ថ្ងៃនេះ លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថែមទៀតនិងនិយាយដៀមដាមដាក់លោកពូទីនយ៉ាងចាស់ដៃ។ លោកថាលោកពូទីនកំពុងប្រឡែងលេងជាមួយភ្លើង។ គាត់មិនព្រមចូលតុចរចាដើម្បីឱ្យមានបទឈប់បាញ់ទេ។ លោកត្រាំសរសេររៀបរាប់ថាលោកពូទីនមិនបានដឹងទេថាបើកុំតែបានលោកធ្វើអន្តរាគមន៍ទប់ស្កាត់ទាន់ពេល កុំអីប្រទេសរុស្ស៊ីជួបរឿងអាក្រក់មិនតិចទេ។ លោកពូទីនកំពុងប្រឡែងលេងជាមួយភ្លើង។
លោកម៉េតវេដេវបង្ហោះសារឆ្លើយតបវិញថាបើសិនរឿងអាក្រក់កើតឡើងមែនគឺសង្គ្រាមលោកលើកទីបី។ លោកសង្ឃឹមថាលោកត្រាំនឹងយល់អំពីបញ្ហានេះ។ ជាកិច្ចឆ្លើយតបទៅលោកម៉េតវេដេវ ប្រេសិតពិសេសរបស់អាមេរិក លោកខេតខេឡក់ (Keith Kellogg) វាយបកវិញ។ លោកខេឡក់ថាការបង្ហោះសាររបស់លោកម៉េតវេដេវជាភាសានិយាយគ្មានការទទួលខុសត្រូវ។ លោកខេឡក់យល់ថាមិនគួរនិយាយពន្យុះអំពីសង្គ្រាមលោកលើកទីបី ធ្វើឱ្យមនុស្សភិតភ័យទេ។ ប្រើភាសាបែបនេះមិនសមជាមេដឹកនាំប្រទេសធំមួយនៅលើពិភពលោកទេ។
ការបំផ្លោងវោហារសាស្ត្រតាមបណ្ដាញសង្គមបែបនេះជាសញ្ញាមិនល្អទាល់តែសោះ។ បញ្ហាអ៊ុយក្រែនកំពុងក្លាយជារឿងភ័យអរៗ និងជារឿងមួយចានទឹក មួយចានគោក។ ដូចលោកត្រាំនិយាយអីចឹងគឺថាបញ្ហានេះអាចនឹងដោះស្រាយចេញ ហើយក៏អាចនឹងដោះស្រាយមិនចេញផងដែរ។ បើមិនចប់ឆាប់ៗនេះទេ សង្គ្រាមអាចនឹងបន្តឆាបឆេះរាប់ឆ្នាំ ឬរាប់សិបឆ្នាំទៅមុខទៀត។
ងាកចេញពីសង្គ្រាមពាក្យសម្ដីចូលទៅសង្គ្រាមប្រដាប់អាវុធវិញម្ដង។ បន្ទាប់ពីវាយប្រហារអ៊ុយក្រែនយ៉ាងចាស់ដៃដោយយន្តហោះដ្រូន និងមីស៊ីលបីយប់ជាប់គ្នា កាលពីយប់មិញរុស្ស៊ីចាប់ផ្ដើមបង្អន់ដៃបន្តិចវិញ។ អ៊ុយក្រែនអះអាងថារុស្ស៊ីបន្តវាយប្រហារទៅលើតំបន់ស៊ូមី ខឺសុន និងខាគីវបណ្ដាលឱ្យរបួសមនុស្សរាប់សិបនាក់។ កងទ័ពរុស្ស៊ីអះអាងថាខ្លួនទើបតែវាយយកបានភូមិចំនួនបួននៅតំបន់ស៊ូមីស្ថិតនៅភាគឦសាន។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៊ីអះអាងថាកងទ័ពរបស់ខ្លួនវាយយកបានភូមិមួយឈ្មោះប៊ីឡូវ៉ូឌី (Bilovody)។ នេះបើតាមការដកស្រង់ប្រភពពីគេហទំព័រអាល់ចាស៊ីរ៉ា (Al Jazeera)៕
ចែករំលែកព័តមាននេះ