ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រកាស​ថា ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ទូ​ទាំង​ប្រទេស​នឹង​ដំណើរការ​តាម​ការ​គ្រោងទុក

2 ថ្ងៃ មុន

ប្រទេស​ថៃ ៖ អាជ្ញាធរ​ទេសចរណ៍​ប្រទេស​ថៃ ហៅ​កាត់​ថា TAT នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ បាន​ប្រកាស​ថា ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ទូ​ទាំង​ប្រទេស…

ប្រទេស​ថៃ ៖ អាជ្ញាធរ​ទេសចរណ៍​ប្រទេស​ថៃ ហៅ​កាត់​ថា TAT នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ បាន​ប្រកាស​ថា ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ទូ​ទាំង​ប្រទេស នឹង​ដំណើរការ​តាម​ការ​គ្រោងទុក ដោយ​ធានា​ថា ការ​ធ្វើ​ដំណើរ ការ​ដឹក​ជញ្ជូន និង​សណ្ឋាគារ​នៅ​តែ​មិន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដី​កាលពី​ពេល​ថ្មី​ៗ​នេះ​ឡើយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ Nation បាន​ចេញផ្សាយ​។

TAT បាន​ប្រកាស​ថា ផែនការ​របស់​ខ្លួន​ក្នុង​ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដ៏​ធំ​ទូ​ទាំង​ប្រទេស​នឹង​ដំណើរការ​តាម​ការ​គ្រោងទុក ដោយ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ការ​វាយតម្លៃ​ស្ថានភាព​ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កាលពី​ថ្ងៃ​សុក្រ អ្នកជំនាញ​បាន​រក​ឃើញ​ថា ស្ថានភាព​នៅ​ក្នុង​ទីក្រុង​បាងកក និង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​ថៃ បាន​វិល​រក​ភាព​ប្រក្រតី​វិញ​ហើយ​។ អាកាសយានដ្ឋាន​អន្តរជាតិ​ដ​ន​មឿង និង​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ​ក្នុង​ក្រុង​បាងកក​បាន​បន្ត​ដំណើរការ​ដូច​ធម្មតា នៅ​ពេល​ដែល​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ផ្តល់​សេវា​ជា​ធម្មតា​។

លើស​ពី​នេះ​ទៀត ការ​ដឹក​ជញ្ជូន​សាធារណៈ ពិសេស​សេវា​ផ្លូវដែក​អគ្គិសនី​នៅ​តែ​ដំណើរការ​ពេញលេញ​។ ស្រប​ពេល​ដែល​បណ្តា​សណ្ឋាគារ ក៏​ដូច​ជាទី​តាំង​កម្សាន្ត​នៅ​ក្នុង​តំបន់​ទេសចរណ៍​សំខាន់​ៗ ក៏​មិន​រង​ផល​ប៉ះពាល់​ដែរ​។ TAT បាន​រាយការណ៍​ថា ភ្ញៀវ​ទេសចរ​មិន​បាន​លុប​ចោលការ​កក់​ទុក​របស់​ពួក​គេ​នោះ​ទេ ហើយ​ប្រតិបត្តិ​ករ​ក្រុម​ទេសចរណ៍​ក៏​មិន​បាន​ដក​ការ​កក់​ទុក​របស់​ពួក​គេ​ដូច​គ្នា​។ TAT ក៏​បាន​បន្ថែម​ថា ផ្លូវ​ហា​យ​វេ​នៅ​ទូ​ទាំង​ប្រទេស​មិន​មានការ​ខូចខាត និង​អាច​ប្រើប្រាស់​បាន​ពេញលេញ​សម្រាប់​ការ​ធ្វើ​ដំណើរ​។

ដើម្បី​ធានា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ TAT បាន​គូសបញ្ជាក់​ថា ខ្លួន​នឹង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ពី​វិទ្យាស្ថាន​វិស្វកម្ម​ប្រទេស​ថៃ និង​នាយកដ្ឋាន​សាធារណការ ដើម្បី​ត្រួតពិនិត្យ​បណ្តា​សណ្ឋាគារ​មាន​កម្ពស់​ខ្ពស់​។ ជា​ចុង​ក្រោយ អាជ្ញាធរ​ថៃ​បាន​ធានា​ដល់​សាធារណជន​ថា ការ​រៀបចំ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដ៏​ធំ​នៅ​ទីក្រុង​បាងកក ឈៀង​ម៉ៃ និង​ទីតាំង​ផ្សេង​ទៀត នឹង​មិន​រង​ផល​ប៉ះពាល់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ