ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កើប​ចំណូល​ជិត​៩០០​លាន​ដុល្លារ​ពី​សង្ក្រាន្ត​ឆ្នាំ​នេះ តែ​ការ​ស្នាក់​នៅ​សណ្ឋាគារ​ធ្លា.ក់​ចុះ​១០%

1 ខែ មុន

ទីក្រុង​បាងកក ៖ អាជ្ញាធរ​ទេសចរណ៍​ថៃ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ បាន​រាយ ការណ៍​ប្រាក់​ចំណូល​បាន​ពី​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​២០២៥ ដោយ​ប្រាក់​ចំណូល​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ២៨,៧​ពាន់​លាន​បាត…

ទីក្រុង​បាងកក ៖ អាជ្ញាធរ​ទេសចរណ៍​ថៃ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ បាន​រាយ ការណ៍​ប្រាក់​ចំណូល​បាន​ពី​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​២០២៥ ដោយ​ប្រាក់​ចំណូល​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ២៨,៧​ពាន់​លាន​បាត ឬ​ស្មើនឹង ៨៦០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ទីក្រុង​បាងកក​រក​ចំណូល​បាន​ច្រើន​បំផុត ៤,១​ពាន់​លាន​បាត ឬ​ជិត ១២៣​លាន​ដុល្លារ ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ អត្រា​ស្នាក់​នៅ​សណ្ឋាគារ​ទូ​ទាំង​ប្រទេស​បាន​ធ្លាក់​ចុះ ១០% ដោយសារ​ការ​ធ្លាក់​ចុះ​វត្តមាន​ភ្ញៀវ​ជនជាតិ​ចិន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​កាសែត​បាងកក​ប៉ុស្តិ៍​។

លោកស្រី Thapanee Kiatphaibool អភិបាល​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​ថ្លែង​ថា ពិធីបុណ្យ​មហាសង្ក្រាន្ត​ពិភពលោក​ឆ្នាំ​២០២៥ (Maha Songkran World Water Festival 2025) ដែល​រៀបចំ​ឡើង​នៅ​ទីលាន​សា​ណា​ម​ហ្លួង (Sanam Luang) ក្បែរ​ព្រះ​បរមរាជវាំង​ក្រុង​បាងកក​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​១,១​លាន​នាក់ ចាប់ពី​ថ្ងៃ​ទី ១១​ដល់​១៥ ខែមេសា ដោយ​ក្នុង​នោះ ៩០% ជា​ភ្ញៀវ​ជាតិ​។

បណ្តា​ខេត្ត​នៅ​ភាគ​ខាងកើត​រក​ចំណូល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ចំនួន ៤,០៤​ពាន់​លាន​បាត ឬ ១២១​លាន​ដុល្លារ ស្រប​ពេល​នៅ​ភាគ​ខាងជើង​បាន​កត់ត្រា​កំណើន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ធៀប​នឹង​ឆ្នាំ​មុន ពោល​កើនឡើង ៣០% ក្នុង​ចំនួន ២,៥​ពាន់​លាន​បាត ឬ ៧៥​លាន​ដុល្លារ​។

លោកស្រី​បន្ត​ថា ការ​មក​ដល់​របស់​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​សរុប ៤២១,៣៩៤​នាក់ ចាប់ពី​ថ្ងៃ​ទី ១២ ដល់ ១៦ ខែមេសា ដោយ​បង្កើត​បាន​ប្រាក់​ចំណូល​ចំនួន ៦,៤៥​ពាន់​លាន​បាត ឬ​ជាង ១៩៣​លាន​ដុល្លារ សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​។ លោកស្រី​ក៏​បាន​រាយការណ៍​ពី​ប្រាក់​ចំណូល​ទូ​ទាំង​ប្រទេស​សម្រាប់​សង្ក្រាន្ត​ឆ្នាំ​នេះ ត្រូវ​បាន​កត់ត្រា​ចំនួន ៨៦០​លាន​ដុល្លារ ពោល​កើនឡើង ១៧% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ទីក្រុង​បាងកក​ទាក់ទាញ​ភ្ញៀវ​ច្រើន​បំផុត ព្រមទាំង​រាយការណ៍​ចំណូល​ខ្ពស់​បំផុត​ផង​ដែរ​។ រដ្ឋបាល​ក្រុង​បាងកក​បាន​រាយការណ៍​ថា មនុស្ស​ប្រហែល ២,៨​លាន​នាក់​បាន​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​សង្ក្រាន្ត​ក្រុង​បាងកក ដោយ​ទីលាន​សា​ណា​ម​ហ្លួង​ជាទី​តាំង​ទាក់ទាញ​ខ្លាំង​បំផុត​។

លោក Chatree Wattanakajorn អនុ​លេខា​អចិន្ត្រៃយ៍​របស់​រដ្ឋបាល​ក្រុង​បាងកក​បាន​ថ្លែង​ថា រដ្ឋបាល​បាន​គាំទ្រ​ទីតាំង​សំខាន់​ៗ​ចំនួន ១៧ សម្រាប់​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​នេះ ចាប់ពី​ថ្ងៃ​ទី ១១ ដល់ ១៥ ខែមេសា ដោយ​ទីតាំង​ទាក់ទាញ​កំពូល​ទាំង​៣ គឺ ទីលាន​សា​ណា​ម​ហ្លួង​, ផ្លូវ​ខាវ​សាន (Khao San) និង​ផ្លូវ​ស៊ី​ឡុំ (Silom)​។

ដោយឡែក លោក Thienprasit Chaiyapatranun ប្រធាន​សមាគម​សណ្ឋាគារ​ថៃ​បាន​លើក​ឡើង​ថា ហ្វូង​មនុស្ស​យ៉ាងច្រើន​បាន​ប្រមូលផ្តុំ​នៅ​ក្នុង​ទីក្រុង​បាងកក​សម្រាប់​ឆ្នាំ​នេះ ខណៈ​អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​ជ្រើសរើស​ការ​ស្នាក់​នៅផ្ទះ​ជាង​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​។ លោក​បន្ត​ថា អ្នកដំណើរ​ជាតិ​ជា​ច្រើន​ដែល​ត្រឡប់​ទៅ​ស្រុក​កំណើត​ទំនងជា​ស្នាក់​នៅផ្ទះ​ក្រុម​គ្រួសារ​ពួក​គេ​មិនមែន​សណ្ឋាគារ​នោះ​ទេ ហើយ​គួប​ផ្សំ​ជាមួយ​លំហូរ​ភ្ញៀវ​ជនជាតិ​ចិន​កាន់តែ​ចុះ​ខ្សោយ អត្រា​ស្នាក់​នៅ​សណ្ឋាគារ​ទូ​ទាំង​ប្រទេស​ជា​មធ្យម អំឡុង​ពេល​ពិធីបុណ្យ​សង្ក្រាន្ត​បាន​ធ្លាក់​ចុះ ១០% ពី​អត្រា​សរុប ៧១,៥% ដែល​ត្រូវ​បាន​កត់ត្រា​ក្នុង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ពី​ទី​ឆ្ងាយ​កាន់តែ​ច្រើន​អំឡុង​ពិធីបុណ្យ​សង្ក្រាន្ត ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​មក​ដល់​ទាំងនេះ​មិន​គ្រប់គ្រាន់​ដើម្បី​ប៉ះប៉ូវ​ការ​ធ្លាក់​ចុះ​ពី​ទីផ្សារ​ប្រទេស​ចិន ដែល​បន្ត​រង​ផល​ប៉ះពាល់​ដោយ​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្នុង​ប្រទេស​ថៃ​៕ ប្រភព ៖ Bangkok Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ