ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​មួយ​នៅ​ជប៉ុន​ហាម​មនុស្ស​ចាស់​មិន​ឱ្យ​ប្រើ​ម៉ាស៊ីន ATM ពេល​កំពុងនិយាយ​ទូរស័ព្ទ

5 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ទីក្រុង​អូ​សា​កា (Osaka) ក្នុង​តំបន់​កាន​សៃ (Kansai) នៃ​កោះ​ហុង​ស៊ូ (Honshu) របស់​ប្រទេស​ជប៉ុន នឹង​ហាមប្រាម​មនុស្ស​ចាស់​មិន​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​ដក​ប្រាក់…

ប្រទេស​ជប៉ុន ៖ ទីក្រុង​អូ​សា​កា (Osaka) ក្នុង​តំបន់​កាន​សៃ (Kansai) នៃ​កោះ​ហុង​ស៊ូ (Honshu) របស់​ប្រទេស​ជប៉ុន នឹង​ហាមប្រាម​មនុស្ស​ចាស់​មិន​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​ដក​ប្រាក់ ATM អំឡុង​ពេល​កំពុងនិយាយ​ទូរស័ព្ទ ក្រោម​ច្បាប់​ថ្មី​ដើម្បី​ដោះស្រាយ​ការ​រីក​រាលដាល​នៃ​ការ​ឆបោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ចេញផ្សាយ​។

របាយការណ៍​ផ្លូវការ​បាន​បង្ហាញ​ថា នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន ការ​ខាតបង់​ដោយសារ​តែ​ករណី​ឆបោក​ដែល​បាន​រៀបចំ​គិត​ទុកជា​មុន​ដោយ​ក្រុម​ឧក្រិដ្ឋជន រួម​ទាំង​ក្រុមបងធំ​សង្គម​ងងឹត​យ៉ា​គូ​ហ្សា (Yakuza) ផង​នោះ បាន​ឈាន​ដល់​កម្រិត​កំណត់​ត្រា​គិត​ជា​ទឹកប្រាក់​ចំនួន​៧២,២​ពាន់​លាន​យ៉េន ឬ​ស្មើនឹង ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​មុន ហើយ​មនុស្ស​ចាស់​ជា​ច្រើន​គឺជា​គោលដៅ​ចម្បង​សម្រាប់​ការ​ឆបោក តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ ដោយ​ក្រុម​បោកប្រាស់​បាន​តាំងខ្លួន​ជា​សាច់ញាតិ ជា​ប៉ូលិស ឬ​មេធាវី ដើម្បី​បញ្ចុះបញ្ចូល​ពួក​គាត់​ឱ្យ​ដក ឬ​ផ្ទេរ​ប្រាក់​ទៅ​ឱ្យ​ពួក​គេ​។

ឆ្លើយ​តប​តាម​ការ​កើនឡើង​នេះ អាជ្ញាធរ​ទីក្រុង​អូ​សា​កា​បាន​ដាក់​ចេញ​បទ​ប្បញ្ញត្តិ​ថ្មី ដែល​ចូល​ជា​ធរមាន​ចាប់ពី​ខែសីហា​ខាង​មុខ​នេះ​តទៅ ដោយ​ហាម​បុគ្គល​មាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើង​ទៅ​កាន់​ទូរ​សព្ទ​ដៃ​ពេល​កំពុង​ប្រើប្រាស់​ម៉ាស៊ីន ATM​។ ច្បាប់​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ច្បាប់​ដំបូង​សម្រាប់​ប្រទេស​ជប៉ុន ដោយ​តម្រូវ​ឱ្យ​ប្រតិបត្តិ​ករ​ម៉ាស៊ីន ATM ជូនដំណឹង​ដល់​អតិថិជន​របស់​ពួក​គេ​អំពី​ការ​ហាមឃាត់​នេះ ឧទាហរណ៍​ដោយ​ការ​ដាក់​ផ្ទាំង​រូបភាព ឬ​ការ​ចែកចាយ​ខិត្តប័ណ្ណ​ជាដើម​។ ទោះ​យ៉ាងណា​ក៏​ដោយ នឹង​មិន​មានការ​ផាកពិន័យ​ចំពោះ​មនុស្ស​ចាស់ ឬ​ស្ថាប័ន​ណាមួយ​ដែល​មិន​គោរព​តាម​នោះ​ទេ​។

មន្ត្រី​ប្រចាំ​តំបន់​ម្នាក់​បាន​ពន្យល់​ប្រាប់ AFP កាលពី​ថ្ងៃ​ទី​២៥ ខែមេសា កន្លង​ទៅ​ថា ដោយសារ​តែ​មនុស្ស​ចាស់​គឺជា​ជន​រង​គ្រោះ​នៃ​ក្រុម​ឆបោក ហើយ​ប្រតិបត្តិ​ករ រួម​ទាំង​ធនាគារ​ដែល​ព្យាយាម​ការពារ​ប្រឆាំង​នឹង​សកម្មភាព​ឆបោក​នោះ គឺ​មិន​សក្តិ​សម​ទេ​ក្នុង​ការ​ដាក់​ពិន័យ​លើ​ពួក​គេ​។ បើ​តាម​ការ​អះអាង​ពី​ប៉ូលិស​បានឱ្យ​ដឹង​ថា ទីក្រុង​អូ​សា​កា​មាន ករណី​ឆបោក​ដែល​រៀបចំ​ទុកជា​មុន​ច្រើន​ជាងគេ​លំដាប់​ទី​ពីរ បន្ទាប់​ពី​ទីក្រុង​តូ​ក្យូ​។

បន្ថែម​ពីលើ​នេះ​ទៀត ច្បាប់​ដែល​បាន​កែសម្រួល​ក៏​ជំរុញ​ឱ្យ​ធនាគារ​ធ្វើការ​ឆ្ពោះទៅ​រក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI ដើម្បី​ជួយ​ឱ្យ​ម៉ាស៊ីន ATM របស់​ពួក​គេ​រក​ឃើញ​អ្នក​ប្រើប្រាស់​ដែល​និយាយ​នៅ​លើ​ទូរស័ព្ទ​ដៃ​។ ប៉ូ​លី​ស​ក៏​បាន​ព្រមាន​ថា មនុស្ស​ចាស់​ក៏​អាច​ត្រូវ​បាន​គេ​បញ្ឆោត​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន ATM ដើម្បី​ទទួល​បាន​ប្រាក់​ពី​កិច្ចព្រមព្រៀង​ធានា​រ៉ាប់រង ឬ​ប្រាក់​សោធន​និវត្តន៍​របស់​ពួក​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ