កម្ពុជា និងអូស្ត្រាលី ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
ទីក្រុងគូឡាឡាំពួ ៖ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
ទីក្រុងគូឡាឡាំពួ ៖ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
ទីក្រុងគូឡាឡាំពួ ៖ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្ដេចបវរធិបតី និងឯកឧត្តម Anthony Albanese កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជិត៦០០លានដុល្លារ ក្នុងឆ្នាំ២០២៤ និងបានអរគុណអូស្ត្រាលី ដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា តាមសំណើរបស់សម្តេចបវរធិបតី ពី៥០កន្លែង ឡើងដល់ ៦២កន្លែង សម្រាប់ឆ្នាំ២០២៥ ។
សម្ដេចបវរធិបតី ក៏បានកត់សម្គាល់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោយនាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១០-១៥ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ។
ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចបវរធិបតី ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិ ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់រូបឯកឧត្តមនៅកម្ពុជាចំនួន ៣លើកកន្លងមក និងបានកត់សម្គាល់អំពីសក្កានុពលរបស់កម្ពុជា ក្នុងវិស័យទេសចរណ៍ផងដែរ ។
ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកបញ្ហាទាំងនេះ ជាបញ្ហាប្រឈមរបស់ប្រទេសទាំងអស់។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានស្វាគមន៍ការវិវត្តជាវិជ្ជមានចំពោះដំណោះស្រាយ នៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ និងបានវាយតម្លៃខ្ពស់អំពីភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ក្នុងដំណើរការរកដំណោះស្រាយនេះ ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីថែមទៀត ៕





ចែករំលែកព័តមាននេះ