ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​សាច់​អាំង​មួយ​នៅ​ជប៉ុន​​រង​ការ​រិះគន់ ក្រោយ​​​​ប្រកាស​មិន​ទទួល​ស្វាគមន៍​អតិថិជន​ចិន

22 ម៉ោង មុន

ទីក្រុង​អូ​សា​កា ៖ ហាង​សាច់​អាំង​មួយ​កន្លែង​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន បាន​ទទួល​រង​ការ​រិះគន់ និង​ការ​ជជែក​វែកញែក​ខ្លាំង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម បន្ទាប់​ពី​ហាង​នេះ​បាន​បិទ​សេចក្តីជូនដំណឹង​មួយ​នៅ​ទ្វារ​ខាង​មុខ​ហាង មិន​ទទួល​អតិថិជន​ចិន​ឡើយ ដោយសារ​តែ​ពួក​គេ​មាន​អាកប្បកិរិយា​មិន​សមរម្យ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន…

ទីក្រុង​អូ​សា​កា ៖ ហាង​សាច់​អាំង​មួយ​កន្លែង​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន បាន​ទទួល​រង​ការ​រិះគន់ និង​ការ​ជជែក​វែកញែក​ខ្លាំង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម បន្ទាប់​ពី​ហាង​នេះ​បាន​បិទ​សេចក្តីជូនដំណឹង​មួយ​នៅ​ទ្វារ​ខាង​មុខ​ហាង មិន​ទទួល​អតិថិជន​ចិន​ឡើយ ដោយសារ​តែ​ពួក​គេ​មាន​អាកប្បកិរិយា​មិន​សមរម្យ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន South China Morning Post, NDTV និង VnExpress បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ហាង​លក់​សាច់​អាំង​បែប Yakitori ដែល​មានឈ្មោះ​ថា Hayashin បាន​បង្ករឿង​ដ៏​ភ្ញាក់ផ្អើល​កាលពី​ពេល​ថ្មី​ៗ​នេះ និង​ត្រូវ​បាន​បង្ហាញ​ដោយ​គណនី​បណ្តាញ​សង្គម​មួយ​ចំនួន កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥ ដោយ​ពួក​គេ​បដិសេធ​ទទួល​អតិថិជន​ចិន ដោយ​បាន​បិទ​សេចក្តីជូនដំណឹង​សរសេរ​ជា​ភាសា​ចិន​ថា ហាង​យើងខ្ញុំ​មិន​ទទួល​អតិថិជន​ចិន​ទេ ព្រោះ​ភាគច្រើន​មាន​អាកប្បកិរិយា​មិន​សមរម្យ ឬ ឈ្លើយ​។ រូបថត​នៃ​ការ​បិទ​សេចក្តីជូនដំណឹង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម បង្ក​ឱ្យ​មានការ​ជជែក​ដេញដោល​យ៉ាង​ក្តៅ​គគុក​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន NDTV បាន​រាយការណ៍​ថា ខណៈ​ពេល​ដែល​អ្នក​និយម​លេង​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​គាំទ្រ​ការ​សម្រេចចិត្ត​ហាង​សាច់​អាំង​នោះ អ្នក​ផ្សេង​ទៀត​បាន​សម្តែង​ការ​ខកចិត្ត និង​ខឹងសម្បារ​ចំពោះ​អាកប្បកិរិយា​រើសអើង​មួយ​នេះ​។ ជាក់ស្តែង គណនី​មួយ​បាន​សរសេរ​ថា «​នេះ​គឺជា​ការ​សម្រេចចិត្ត​ដ៏​អស្ចារ្យ​»​។ តែ​ផ្ទុយ​ទៅ​វិញ គណនី​មួយ​ផ្សេង​ទៀត​បាន​ឆ្លើយ​តប​ថា «​ហាង​លក់​សាច់​អាំង​ដែល​បិទ​សេចក្តីជូនដំណឹង​បែប​នេះ មាន​អាកប្បកិរិយា​អាក្រក់​ជាង​អតិថិជន​មាន​អាកប្បកិរិយា​មិន​សមរម្យ ឬ ឈ្លើយ​ទៅ​ទៀត​» ចំ​ពេល​ដែល​គណនី​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ស្នើ​ឱ្យ​ខាង​ហាង​ធ្វើការ​បកស្រាយ​ផង​ដែរ​។

គ្រប់​គ្នា​មិន​យល់​ថា​មូលហេតុ​អ្វី​ដែល​ជំរុញ​ឱ្យ​ហាង​លក់​សាច់​អាំង​ជប៉ុន​មួយ​នេះ ប្រកាស​មិន​ទទួល​អតិថិជន​ចិន​នោះ​ទេ ប៉ុន្តែ​នេះ​ក៏​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អាជីវកម្ម​នៅ​ជប៉ុន​រើសអើង​អតិថិជន​ចិន​។ តួយ៉ាង កាលពី​ឆ្នាំ​២០២៣ Influencer ជនជាតិ​ចិន​ម្នាក់​បាន​លាតត្រដាង​ភោជនីយដ្ឋាន​ចិន​នៅ​ទីក្រុង​តូ​ក្យូ​មួយ​កន្លែង បាន​បិទ​សេចក្តីជូនដំណឹង​មិន​ស្វាគមន៍​អតិថិជន​ចិន ដោយ​មាន​ទាំង​សរសេរ​ជា​ភាសា​ចិន និង​កូរ៉េ​ទៀត​ផង​។ ភោជនីយដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ​មួយ​កន្លែង​ផ្សេង​ទៀត ក៏​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​របស់​ពួក​គេ​កាលពី​ខែកក្កដា ឆ្នាំ​មុន​ផង​ដែរ ដោយ​មិន​ទទួល​អតិថិជន​ចិន និង​កូរ៉េ​ខាងត្បូង​ដូច​គ្នា​។

សូម​ជម្រាប​ជូន​ថា ប្រទេស​ជប៉ុន​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ៣៦,៩ លាន​នាក់ កាលពី​ឆ្នាំ​មុន ពោល​កើនឡើង ៤៧,១% បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ខណៈ​ចំនួន​ភ្ញៀ​ង​ច្រើន​បំផុត​ត្រូវ​បាន​កត់ត្រា​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង បន្ទាប់​មក​គឺ​ប្រទេស​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ