ខេត្តបាត់ដំបង ៖ ជនសង្ស័យជាមុខសញ្ញាជូញដូរគ្រឿងញៀនម្នាក់ ត្រូវបានមន្ត្រីជំនាញ នៃអធិការស្រុកភ្នំព្រឹក ឃាត់ខ្លួនជាមួយនឹងការដកហូតបាននូវវត្ថុតាងមួយចំនួនផង កាលពីរសៀលថ្ងៃទី ០៥ កក្កដា នៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខណៈដែលជននេះកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះឈ្មោះ នៅ រី ប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ។ ជននេះត្រូវបានកម្លាំងជំនាញ នៃអធិការនគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងមូលដ្ឋាន ធ្វើការឃាត់ខ្លួន នៅពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅផ្ទះរបស់ខ្លួន។
ជាមួយនឹងការឃាត់ខ្លួននេះ បើតាមការបញ្ជាក់ក្នុងរបាយការណ៏ មន្ត្រីជំនាញ ដកហូតបានវត្ថុតាងពីជនសង្ស័យរួមមាន៖ ១,ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន០៤ថង់ និង មានច្រកក្នុងបំពង់ទុយោចំនួន០៨កំណាត់ទៀត ២,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ រួមជាមួយនឹងសម្ភារៈសម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ដែរថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាជូញដូរគ្រឿងញៀន ដែលមានសកម្មភាពយ៉ាងមមាញឹកនៅក្នុងមូលដ្ឋាន ដែលត្រូវកម្លាំងជំនាញតាមប្រម៉ាញ់ជាប្រចាំ រហូតឈានដល់ការឃាត់ខ្លួនជាមួយនឹងវត្ថុតាង។ ពេលនេះមន្ត្រីជំនាញ បាននិងកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីហើយ៕


ចែករំលែកព័តមាននេះ