ខេត្តកំពង់ចាម ៖ សពយុវជនម្នាក់ដែលបានលោតទឹកពីលើស្ពានគិហ្ស៊ុណា ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពី២ថ្ងៃមុន បានរសាត់អណ្ដែតទៅដល់ស្រុកកោះសូទិន ដែលមានចំងាយប្រមាណជាង១០គីឡូម៉ែត្រ ពីស្ពានហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញនាព្រឹកថ្ងៃទី៦ កក្កដា ឆ្នាំ២០២៥នេះ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះលាង សុខលាភ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិទួលកណ្ដោលជើងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្រោយការប្រទះឃើញ សពជនរងគ្រោះត្រូវបានក្រុមសាច់ញាតិដឹកតាមទូកម៉ាស៊ីនមួយគ្រឿងឡើងយកមកចតនៅមាត់ច្រាំងទន្លេ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយបានជួលរថយន្តមួយគ្រឿងដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងឃុំជីគរ ក្រោមសំឡេងយំសោកស្ដាយពីសំណាក់ឪពុកម្ដាយ ។
សូមរំលឹកឡើងវិញថា ខណៈពេលមេឃរកកល់នឹងភ្លៀង ស្រាប់តែមានករណីភ្ញាក់ផ្អើលមួយដល់អ្នកដំណើរ ដោយសារតែមានមនុស្សប្រុសម្នាក់បានជិះម៉ូតូមួយគ្រឿង មកលោតទឹកពីលើស្ពានគីហ្ស៊ុណា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី៤ កក្កដា ឆ្នាំ២០២៥ នៅចំណុចចន្លោះសរសរស្ពានP13 -P14 (រាប់ពីលិចទៅកើត) ដោយនៅកន្លែងកើតហេតុ បន្សល់ទុកម៉ូតូវេវមួយគ្រឿងនិងកាបូបស្ពាយមួយ។
ប្រភពពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា:មុនពេលកើតហេតុ មានមនុស្សប្រុសម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាមពណ៍សគ្មានស្លាកលេខ បើកពីកើតទៅលិចមកដល់ចំណុចខាងលើបានលោតទឹកពីលើស្ពានគីហ្ស៊ូណា ដោយបន្សល់ទុកនៅម៉ូតូ១គ្រឿង កាបូបស្ពាយមួយនិងស្បែកជើងសកចំពាមមួយគូរនិងវិក័យប័ត្របញ្ចាំពីរសន្លឹក។ បន្ទាប់ពីកើតហេតុ ម៉ូតូ១គ្រឿងនិងសម្ភារះរបស់ជនរងគ្រោះត្រូវបានប្រគល់អោយនគរបាលប៉ុស្តិ៍រដ្ឋាលវាលវង់ ដើម្បីស្វែងរកឪពុកម្ដាយឬសាច់ញាតិ។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងទៀតថា នៅព្រលប់ថ្ងៃទី៤កក្កដា គេបានឃើញវត្តមានឪពុកម្ដាយព្រមទាំងក្រុមសាច់ញាតិបានជិះរថយន្តចេញពីក្រុងសួង ខេត្តត្បូងឃ្មុំ មកកាន់ប៉ុស្តិ៍រដ្ឋបាលវាលវង់ ដើម្បីមើលម៉ូតូ ត្រូវបានគេស្គាល់ថាម្ចាស់ម៉ូតូឈ្មោះសុខ លាភ អាយុ១៦ឆ្នាំ នៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្រោយពេលដែលបានឃើញវត្ថុតាងបន្សល់ទុកនៅប៉ុស្តិ៍បែបនេះ ស្ត្រីជាម្ដាយបានយំសោកអាណិតដល់កូនប្រុសរបស់ខ្លួន ដែលមានតែម្នាក់គត់នៅក្នុងក្រុមគ្រួសារ ។
សូមបញ្ជាក់ថា មុនលោតទឹក យុវជនរងគ្រោះរូបនោះបានឡាយតាម facebook ដើម្បីឱ្យឪពុកម្ដាយបានដឹង និងឱ្យមកទំនាក់ទំនងជាមួយសមត្ថកិច្ចយកម៉ូតូត្រឡប់ទៅផ្ទះវិញផង។
សមត្ថកិច្ចបានបន្តថា រហូតមកដល់វេលាម៉ោងជិត៧យប់ថ្ងៃដដែល ម៉ូតូរបស់ជនរងគ្រោះគឺរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលវាលវង់ ព្រោះថាភាគីឪពុកម្ដាយយុវជនរងគ្រោះមិនមានលិខិតស្នាមមកបញ្ជាក់ ទើបសុំរក្សាទុកជាបណ្ដោះអាសន្នសិន ។ ក្រោយពីបានបំភ្លឺនៅចំពោះមុខសមត្ថកិច្ចរួចរាល់ ឪពុកម្ដាយព្រមទាំងសាច់ញាតិដែលមានគ្នាប្រមាណជិត១០នាក់ បានឡើងរថយន្តជិះត្រឡប់ទៅកាន់ក្រុងសួងវិញ។
បើតាមប្រភពពីបុរសម្នាក់ជាសាច់ញាតិដែលមកដល់ប៉ុស្តិ៍វាលវង់ បានបង្ហាញរូបភាពក្នុង facebook មុនកើតហេតុមួយថ្ងៃ គឺយុវជនរងគ្រោះរីករាយខួបកំណើតម្ដាយរបស់ខ្លួនយ៉ាងសប្បាយ។ សាច់ញាតិបានលើកឡើងថាមិនមានបញ្ហាទំនាស់ណាមួយនៅក្នុងក្រុមគ្រួសារនោះទេ។
លុះព្រឹកថ្ងៃទី៥ កក្កដា កម្លាំងសមត្ថកិច្ចបន្តស្វែងរកសពជនរងគ្រោះតាមស្រុកមួយចំនួនជាប់ដងទន្លេក្រែងមានសពមនុស្សប្រុសផុសអណ្ដែត រហូតដល់ព្រឹកថ្ងៃទី៦ កក្កដា នេះស្រាប់តែប្រទះឃើញសពមនុស្សម្នាក់អណ្តែតទឹក ទើបសន្និដ្ឋានថាអ្នកស្លាប់នោះពិតជាឈ្មោះសុខ លាភមែន។
សូមបញ្ជាក់ថា ក្រោយពីជនរងគ្រោះលោតទឹកបានរយៈពេល២ថ្ងៃ ទើបសពផុសអណ្ដែតរសាត់តាមខ្សែទឹកហូរទន្លេមេគង្គទៅទើរក្នុងភូមិសាស្ត្រ ស្រុកកោះសូទិន ៕






ចែករំលែកព័តមាននេះ