ខេត្ដកំពង់ស្ពឺ ៖ ក្រុមចោរប្រុស-ស្រី ចំនួន០៥នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការស្រាវជ្រាវបង្ក្រាបបានបន្ទាប់ពីក្រុមចោរបានធ្វើសកម្មភាពលួចមាសពីជនរងគ្រោះ ហើយរត់គេចខ្លួនបានជាង១០ថ្ងៃ ។

ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការដឹកនាំសម្របសម្រួលពីឯកឧត្ដមព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដ ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា ការស្រាវជ្រាវ និងបង្ក្រាបបានក្រុមជនសង្ស័យទាំង០៥នាក់ខាងលើកាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ ។

នគរបាលស្រុកគងពិសី បាននិយាយឱ្យដឹងទៀតថា កាលពីវេលាម៉ោង១០និង៣៩នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ និងមាននការដឹកនាំផ្ទាល់លោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចុះស្រាវជ្រាវករណីចោរកម្ម នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិដីក្រហម ឃុំរការកោះ ស្រុកគងពិសី ស្របពេលជនរងគ្រោះម្ចាស់ផ្ទះបានចេញទៅធ្វើការងាររោងចក្រ ហើយក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចមាសជនរងគ្រោះបានរត់គេចខ្លួនបាត់អស់ ។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា កម្លាំងនគរបាលព្រហ្មទណ្ឌបានធ្វើការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រុកគងពិសី ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន០៥នាក់ ដើម្បីធ្វើការសាកសួរទី១-ឈ្មោះ ឡុង លីន ហៅតុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង អ្នកបើកម៉ូតូដឹក និងចាំមើលផ្លូវ ។ ទី២-ឈ្មោះ បេ សុផាក់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ អ្នកធ្វើសកម្មភាពចូលខាងក្នុងផ្ទះ ។

ទី៣-ឈ្មោះកៃ រ៉ូហ្សា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅបន្ទប់ជួល ភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង (បក្ខពួក)ទី៤-ឈ្មោះ ស៊ុន ពិនាយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង (ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)។
នគរបាលបាលស្រុកគងពិសី បានបន្ថែមទៀតថា កម្លាំងជំនាញបានបើកកិច្ចសហការ និងពន្លាត សមត្ថកិច្ចដែនដីគោលការណ៍ពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល និងកិច្ចសហការជាមួយកម្លាំងអធិការនគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងឈានឃាត់ខ្លួនអ្នកទិញគ្រឿងអលង្ការ០១នាក់ឈ្មោះ លឹម ហ៊ុយហៀង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលស្រុកគងពិសី បានបញ្ជាក់ថា ៖ ជាលទ្ធផលកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចនគរបាលបានឃាត់ អ្នកពាក់ព័ន្ធជនសង្ស័យចំនួន០៥នាក់ ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យជាចោរខាងលើដកហូតវត្ថុតាង ប្រាក់រៀល-ដុល្លារ គ្រឿងអលង្ការ សេសសល់ពីការលក់ប្រមាណគិតជាទឹកប្រាក់ប្រហែល៥៥០០ដុល្លារអាមេរិក នគរបាលបានប្រគល់ជូនជនរងគ្រោះវិញហើយ ។
ចំពោះក្រុមជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ