ប្រទេសមីយ៉ាន់ម៉ា ៖ សត្វកន្លាត Cyborg សរុបចំនួន១០ក្បាលពីប្រទេសសិង្ហបុរី ត្រូវបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះជីវិតមនុស្សជាប់ក្រោមគំនរអគារដួលរលំ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រិចទ័របានវាយប្រហារកាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅ បានសម្លាប់មនុស្សជាង ៣,០០០នាក់ហើយ គិតមកទល់ពេលនេះ ។
ប្រភពពីសារព័ត៌មានសិង្ហបុរី The Straits Times កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លាត Cyborg បានទៅដល់ប្រទេសមីយ៉ាន់ម៉ា ហើយចូលរួមជាមួយកងកម្លាំងការពារជនស៊ីវិលរបស់សិង្ហបុរី (SCDF) នៃប្រតិបត្តិការ Lionheart កាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅ ខណៈនេះគឺជាលើកដំបូងលើពិភពលោក ដែល Cyborgs ឬរបកគំហើញពាក់ព័ន្ធនឹងការភ្ជាប់ឧបករណ៍រំញោចចល័ត និងទំនាក់ទំនងអេឡិចត្រូនិកទៅនឹងសត្វល្អិតបែបនេះ ត្រូវបានប្រើប្រាស់ក្នុងការងារមនុស្សធម៌។ ហើយវាក៏ជាលើកដំបូងផងដែរ ដែលមនុស្សយន្តកូនកាត់សត្វល្អិត ឬ Insect-hybrid Robots ត្រូវបានអនុវត្តក្នុងការស្វែងអ្នកបាត់ខ្លួនផ្ទាល់បែបនេះ។
សត្វកន្លាត Cyborg ត្រូវបានដាក់ពង្រាយសម្រាប់ការស្វែងរកអ្នកបាត់ខ្លួនលើកដំបូងនៅថ្ងៃទី៣១ ខែមីនា ក្នុងប្រទេសមីយ៉ាន់ម៉ា និងលើកទីពីរ នៅថ្ងៃទី៣ ខែមេសា ក្នុងរដ្ឋធានីណៃពិដោ។ បើទោះជាមិនបានរកឃើញអ្នកនៅរស់រានមានជីវិតក៏ពិតមែន ប៉ុន្តែកន្លាត Cyborg បានរួមចំណែកដ៏សំខាន់ជួយដល់ក្រុមការងារសង្គ្រោះក្នុងតំបន់មួយចំនួន ដែលរងគ្រោះដោយការរញ្ជួយដីខ្លាំងបំផុត។ ស្របពេលកងកម្លាំងការពារជនស៊ីវិលសិង្ហបុរីបានបញ្ជូនកម្លាំងជំនាញ៨០នាក់ និងឆ្កែហិតក្លិន៤ក្បាលទៅមីយ៉ាន់ម៉ា តាំងពីថ្ងៃទី២៩ ខែមីនា មកម្ល៉េះ ហើយក្រុមអ្នកវិទ្យាសាស្ត្រ HTX ដែលមានវិស្វករពីរនាក់ និងវិស្វករពីរនាក់មកពីក្រុមហ៊ុន Klass Engineering and Solutions ដែលជាអ្នកបង្កើតសត្វកន្លាត Cyborg ក៏បានចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។
សត្វកន្លាត Cyborg នីមួយៗបានបំពាក់ដោយកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េដមានប្រវែងប្រហែល៦សង់ទីម៉ែត្រ ដោយសារទំហំតូចបែបនេះហើយ ទើបអាចរុករកចូលដល់កន្លែងតូចៗក្រោមគំនរបាក់បែក ខណៈកន្លាត Cyborg ទាំងអស់ត្រូវបានបញ្ជាពីចម្ងាយដោយអ្នកជំនាញ។
ព័ត៌មានដែលប្រមូលបានតាមរយៈកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាត្រូវបានដំណើរការដោយ Machine Learning ដែលអាចកំណត់ថាតើមានសញ្ញានៃអ្នករស់រានមានជីវិតឬក៏អត់? បន្ទាប់មកព័ត៌មាននេះត្រូវបានបញ្ជូនត្រឡប់មកវិញដោយប្រព័ន្ធឥតខ្សែ (Wireless) ទៅកាន់វិស្វករ ដោយជួយក្រុមសង្គ្រោះក្នុងការដាក់ពង្រាយកម្លាំងរបស់ខ្លួន។
សូមជម្រាបជូនថា សត្វកន្លាត Cyborg ត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ Home Team Science and Technology Agency ហៅកាត់ថា HTX រួមនឹងសាកលវិទ្យាល័យ Nanyang Technological University និងក្រុមហ៊ុន Klass Engineering and Solutions ក្នុងប្រទេសសិង្ហបុរី។ កន្លាត Cyborg ត្រូវបានបង្ហាញនៅឯកិច្ចប្រជុំ Milipol Asia-Pacific និង TechX Summit ក្នុងប្រទេសសិង្ហបុរី កាលពីខែមេសា ឆ្នាំ២០២៤ ជាមួយផែនការនឹងដាក់ឱ្យប្រើប្រាស់ផ្លូវការចាប់ពីឆ្នាំ២០២៦។
បើទោះបីជាសត្វកន្លាត Cyborg នៅតែស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍ក៏ពិតមែន ប៉ុន្តែគ្រោះមហន្តរាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជំរុញឱ្យក្រុមអ្នកវិទ្យាសាស្ត្រ HTX តាមដានបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត និងច្នៃប្រឌិតថ្មីបន្ថែមទៀត។
យោងតាមប្រភពពី Reuters នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានរាយការណ៍ថា ភ្លៀងធ្លាក់លើផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយការរញ្ជួយ ដែលទីភ្នាក់ងារជំនួយបានអះអាងថាអាចធ្វើឱ្យមានភាពស្មុគស្មាញខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងបង្កើនហានិភ័យនៃការឆ្លងជំងឺ ខណៈប្រធានជំនួយរបស់អង្គការសហប្រជាជាតិបានថ្លែងថា ត្រូវការតង់បន្ថែមទៀតដើម្បីផ្តល់ជម្រកដល់អ្នកភៀសខ្លួនទៅកាន់ទីសុវត្ថិភាព។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីដ៏ខ្លាំងក្លបានវាយប្រហារកាលពីថ្ងៃទី២៨ ខែមីនា បានកើនឡើងដល់ ៣,៤៧១នាក់ ហើយ ៤,៦៧១នាក់បានរងរបួស និង ២១៤នាក់ផ្សេងទៀតបាត់ខ្លួន៕ ប្រភព ៖ Straits Times និង Reuters








ចែករំលែកព័តមាននេះ