រាជធានីភ្នំពេញ ៖ គ្រាន់តែរឿងជម្លោះដាក់ម៉ូតូផ្ញើទើសផ្លូវចូលផ្ទះធ្វើឲ្យស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសារតែបុរសម្នាក់មានចិត្តឃោរឃៅបានយកកាំបិតកាប់ត្រូវជាច្រើនកាំបិតនៅវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ២០១៤ ស្ថិតនៅចំណុចបុរីកីឡាអគារCក្នុងសង្កាត់វាលវង់ខណ្ឌ៧មករាចំពោះជនដៃពេលកាប់ជនរងគ្រោះរួចហើយបានព្យាយាមរត់យកប្រាសអាយុចូលមកក្នុងទឹកដីសង្កាត់ដេប៉ូ២ ខណ្ឌទួលគោក ក៍ត្រូវប៉ូលិសរួមនិងអ្នកភូមិក្របួចចាប់បានតែម្តង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាស្ត្រីរងគ្រោះខាងលើមាន ឈ្មោះ សោម បុប្ផា អាយុ៤០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។ ចំពោះជនដៃដល់គឺឈ្មោះ សែន សុវ៉ាតសុគន្ធ អាយុ៣១ឆ្នាំ ជាអ្នកម៉ៅការផ្ញើកង់នៅបុរីកីឡាអគារC ដែលមានទីតាំងនៅក្បែរផ្ទះស្ត្រីរងគ្រោះនោះផងដែរ ។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យរូបនេះបានដាក់ម៉ូតូផ្ញើនៅក្នុងបុរីកីឡាអគារខាងលើ ដោយដាក់ម៉ូតូពេញផ្លូវ និងពិបាកក្នុងការធ្វើដំណើររបស់អ្នកដែលមានទីលំនៅជិតនោះ ។ប្រភពបានបន្តថាព្រោះតែរឿងខាងលើនេះធ្វើឲ្យជនរងគ្រោះនិងជនដៃដល់បានប៉ះសម្តីនិងប្រើពាក្យសម្តីធ្ងន់ៗ ធ្វើឲ្យជនដៃដល់ខឹងក៏ទាញយកកាំបិតមកកាប់ស្ត្រីជាជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។ ហើយភ្លាមៗត្រូវបានក្រុមសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះភ្លាមៗនោះដែរចំណែកឯជនដៃដល់ខណៈពេលកាប់ជនរងគ្រោះរួចហើយបានព្យាយាមរត់ក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់បាននៅក្នុងសង្កាត់ដេប៉ូទី២ ខណ្ឌទួលគោកភ្លាមៗនោះដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ចែករំលែកព័តមាននេះ