រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានផ្ញើរសារទៅកាន់ភាគីថៃថា បានកំពុងធ្វើឧបាយលកពិសពុលដោយគិតថា ពិភពលោកមិនបានដឹងចរិតខ្លួន ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ស សុខា ឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងយ៉ាងដូច្នេះថា៖«បើថៃមានសុចរិតភាព និងបើកច្រកទាំងអស់ជាផ្លូវការមែននោះ ថៃត្រូវចេញលិខិតប្រកាសបើកជាចំហ ឬថ្លែងជាសាធារណៈដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដែលថៃបានបិទដោយឯកឯងកន្លងទៅ» ។

ឯកឧត្តមបានលើកឡើងថា ខ្លាចអន់ ឬក៏ច្រឡំថា ជាតិសាសន៍គេល្ងង់ជាងខ្លួន? រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុតដែលទាហានថៃឆ្ម.ក់បា.ញ់ប្រហារ បណ្ដាលឱ្យកងទ័ពកម្ពុជាពលីទាំងថ្ងៃមិនទាន់រះ កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ ខេត្តព្រះវិហារ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ភាគីថៃ ទាំងថៃរដ្ឋាភិបាល ថៃកងទ័ព និងក្រុមថៃប្រឆាំងថៃបានចែកជើងគ្នារកនឹកធ្វើសកម្មភាពបង្កហេតុ បង្វែរសាច់រឿង កាយកប់ត្រឡប់គ្រប បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុង ដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយនៃរាជរដ្ឋាភិបាលបច្ចុប្បន្ន ។
ឯកឧត្តម ស សុខា បានលើកឡើងទៀតថា មិនចង់លម្អិតច្រើនលើទង្វើមិនស៊ីវិល័យរបស់ថៃ គិតត្រឹមសភាពការណ៍ ព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បន្ទាប់ពីផុងខ្លួន និងវិលក្បង់អស់ក្បួន ដូចពាក្យដូនតាខ្មែរផ្ដាំកូនចៅ ថៃស្រាប់តែចេញមុខសម្ដែងដើរតួកំសត់ឱ្យជនជាតិថៃ និងសហគមន៍អន្តរជាតិជាគូកនបនភឿនខ្លួនមួយចំនួនបានទស្សនា និងជឿងប់ថា «ឥឡូវ ថៃបើកច្រកព្រំដែនអស់ហើយ នៅឡើយតែខ្មែរទេតើ ដែលបន្តបិទផ្ទុយពីជំហថៃ»។ ខ្មែរមួយនគរដែលបាន និងកំពុងរួមចិត្ត និងបេះដូងគាំទ្ររាជរដ្ឋាភិបាល ក៏បន្តទស្សនាល្ខោនថៃមួយឈុតនេះទៀតដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីចំអកទៅភាគីថៃថា ៖ ដោយឡែកសហគមន៍អន្តរជាតិជាទូទៅក៏ប្រហែលជាផ្ដើមជ្រេញនឹងទង្វើថៃអស់ហើយ ដ្បិតពួកគេក៏តាមមិនទាន់ក្បួនល្បិចបែបកូនក្មេងរបស់ថៃដែរ ។
ឯកឧត្តម បានលើកឡើងទៀតថា សូមសាធារណជនជួយពិចារណា? បើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ តើនេះឥរិយាបថអ្វី? ទង្វើបែបនេះ វាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ ។ បើថៃមានសុចរិតភាព និងបើកច្រកទាំងអស់ជាផ្លូវការមែននោះ ថៃត្រូវចេញលិខិតប្រកាសបើកជាចំហ និងឬថ្លែងជាសាធារណៈដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដែលថៃបានបិទដោយឯកឯងកន្លងទៅ។

ឯកឧត្តម ស សុខាបានគូសបញ្ជាក់ថា៖«កុំបើកចំហតែទ្វារ ដើម្បីបង្ហាញរូបភាព តែបិទមិនឱ្យមានការចេញចូលជាទូទៅនោះ ។ នេះហៅថា «បើកតែបិទ» ក្នុងឧបាយកលពិសពល់ ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួន» ។
ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកថា ៖ ជារួមផ្ដើមចេញពីរឿងបង្កហេតុនៅតំបន់មុំ៣ ក្បែរព្រំដែនឡាវ ថៃបានជ្រុលខ្លួនបង្កើតរឿងតាមខ្សែបន្ទាប់ព្រំដែនជាមួយកម្ពុជា រហូតដល់ព្រំដែនចាំយាមជាប់មាត់សមុទ្រ ។ ប្រវត្តិសាស្ត្រជូរចត់របស់ជាតិជាមួយថៃ ខ្មែរស្គាល់ច្បាស់ណាស់! ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ! ថៃមិនស្គាល់សង្គ្រាម តែខ្មែរឆ្អែត និងសង្គ្រាម! ថៃមានបាន ខ្មែរជួយអរ ហើយខ្មែរត្រូវការតែការគោរព និងសហប្រតិបត្តិការដោយស្មើភាពតាមយន្តការច្បាប់ កិច្ចព្រមព្រៀង និងយន្តការអន្តរជាតិ ។ ឈរលើមូលដ្ឋានគ្រឹះនៃខ្មែរសីហនុ ខ្មែរតេជោធិបតី ផ្ដល់តម្លៃខ្ពស់លើសន្តិភាព និងភាពថ្លៃថ្នូរនៃមនុស្សជាតិ៕
ចែករំលែកព័តមាននេះ