ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បាក់ឆ្អឹងជំនី និងបែកថ្លើម ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ខណៈដែលត្រឡប់មកផ្ទះវិញ អ្នកជិតខាងមានកម្មវិធីផឹកសុីចាក់ធុងបាស់លឺៗ ទៅហាមឃាត់ ស្រាប់តែគេនាំគ្នាព្រួតវាយសន្ធប់តែម្តង។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា បុរសរងគ្រោះដែលបញ្ជូនទៅសង្គ្រោះនៅឯភ្នំពេញមានឈ្មោះ នឹង សុខថា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរងរបួសបាក់ឆ្អឹងជំនី និងបែកថ្លើមថែមទៀតផង។
នគរបាលស្រុកសំរោងទងបានបន្តថា នៅមុនពេលកើតហេតុ និងឈានដល់ការប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសនោះ គឺកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ នឹង សុខៃ ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងទៅលើ: ទី១-ឈ្មោះ ភុំ សុភាព ភេទប្រុស អាយុ ៤៧ឆ្នាំ ទី២-ឈ្មោះ ភុំ សុខរ៉ាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣-ឈ្មោះយ៉ន ហាវ ហៅប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ និងទី៤-ឈ្មោះ មឿន បឿក ភេទប្រុស អាយុ ២៤ឆ្នាំ ទាំង៤នាក់ខាងលើ រស់នៅភូមិមហាលាភ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទប្រើ ហិង្សាដោយចេតនា មកលើបងប្រុសបង្កើតខ្លួន ដែលឈ្មោះ នឹង សុខថា ភេទប្រុស អាយុ៣៩ឆ្នាំ។
នគរបាលស្រុកសំរោងទងបានបន្តទៀតថា នៅវេលាម៉ោង៨និង៣០យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បងប្រុសបង្កើតរបស់ខ្លួន មានឈ្មោះនឹង សុខថា បានចេញពីផឹកស៊ីនៅភូមិរំលេច ឃុំរលាំងគ្រើល មកដល់ផ្ទះបានស្រែកជេរទៅផ្ទះឈ្មោះ អ៊ុយ សារិន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិជាមួយគ្នា រឿងចាក់ធុងបាស់លឺៗ បន្ទាប់មកបានក៏ទាស់ពាក្យសម្តីជាមួយគ្នា រួចក៏មានឈ្មោះ ភុំ សុខរ៉ាន់ , ឈ្មោះ ភុំ សុភាព ,ឈ្មោះ យ៉ន ហាវ ហៅប៉ាវ និងឈ្មោះ មឿន បឿក បានយកចបកាប់ ដែក និងដំបង ព្រួតវាយមកលើបងប្រុសរបស់គាត់ ( ឈ្មោះ នឹង សុខថា) បណ្តាលឱ្យរ ងរបួស បាក់ឆ្អឹងជំនី និង បែកថ្លើម នៅចំណុចតាមផ្លូវមុខផ្ទះរបស់ជនរងគ្រោះតែម្តង។ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិជាមួយគ្នា ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានសាច់ញាតិ ក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ហៅពេទ្យលោកសង្ឈ នៅឯរាជធានីភ្នំពេញ។
នគរបាលស្រុកសំរោងទងបាន បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីប្អូនរបស់ ជនរងគ្រោះ រួចមកនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា កម្លាំងនគរបាលស្រុកសំរោងទង បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ឈ្មោះភុំ សុភាព និងឈ្មោះយ៉ន ហៅប៉ាវ មកសាកសួរ ពួកគេបានឆ្លើយសារភាពថាខ្លួនពិតជាបានកាន់ចបកាប់នឹងបក្ខពួកវាយលើជនរងគ្រោះពិតប្រាកដមែន។ចំណែក០២នាក់ទៀតរត់គេចខ្លួនបាត់ហើយ នគរបាលកំពុងធ្វើការស្រាវជ្រាវ។
បច្ចុប្បន្នក្រុមជនដៃដល់ចំនួន០២នាក់ដែលឃាត់បាន រួមជាមួយវត្ថុតាងចបកាប់ នគរបាលជំនាញបានធ្វើការសួរនាំ និងកសាងសំណុំរឿង បញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ