ខេត្តសៀមរាប ៖ ផ្ទះ និងហាងកាហ្វេ ត្រូវបានព្រះអគ្គីលេបត្របាក់អស់ស្ទើរទាំងស្រុង រហូតរាលដាលឆេះដល់តូបកាហ្វេនៅជិតនោះ បណ្តាលឱ្យឆេះអស់៤០% តែសំណាងល្អបានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកបន្ទាយស្រីមកជួយបាញ់ពន្លត់ទាន់ពេលវេលា ទើបមិនឆេះបន្តដល់ផ្ទះអ្នកជិតខាង ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ និងរលត់ទៅវិញនៅវេលាម៉ោង១និង៣០នាទីរសៀល ស្ថិតនៅក្នុងទីប្រជុំជនព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

បើតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុក បន្ទាយស្រីបានប្រាប់ថា គ្រោះអគ្គិភ័យនេះបានលេបត្របាក់ផ្ទះ១ខ្នង ដែលមានម្ចាស់ផ្ទះឈ្មោះ ឡៅ ឡុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទឹង៨ម៉ែត្របណ្ដោយ១០ម៉ែត្រ ដំបូលផ្ទះប្រក់ក្បឿង សម្ភារៈក្នុងផ្ទះទាំងអស់ក្នុងនោះមានម៉ូតូ១គ្រឿង ត្រូវឆេះស្ទើរទាំងស្រុង។

ចំណែករោងកាហ្វេខាងមុខ(ឆេះអស់៧០%) ដែលមានទទឹង៤ម៉ែត្រ បណ្ដោយ៩ម៉ែត្រ ព្រមទាំងតុ កៅអីស្ទើរទាំងស្រុងដែរ ។ ហើយបានរាលដាលឆេះដល់តូបកាហ្វេ DOMO ដែលនៅជិតខាងមានម្ចាស់ឈ្មោះ លី ជុនដុល្លារ ភេទប្រុស អាយុ២៨ឆ្នាំ បណ្តាលឱ្យខូចខាតតូបកាហ្វេអស់៤០% ដែលមានដំបូលប្រក់ស័ង្កសី ទទឹង៣ម៉ែត្រ បណ្ដោយ៤ម៉ែត្រ ។

លោកបានបញ្ជាក់ថា ក្នុងការពន្លត់ភ្លើងនេះគឺបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី សហការជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរា ប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ទើបភ្លើងរលត់ ។ មូលហេតុនៃការឆេះនេះគឺមកពីទុស្សេចរន្តអគ្គិសនី ។

ផ្ទះ និងរោងកាហ្វេ ព្រមទាំងតូបកាហ្វេ ដែលឆេះអស់ស្ទើរទាំងស្រុងនោះ បើគិតជាទឹកប្រាក់អស់ប្រហែលជាង ៥០០០ដុល្លារ ។ នេះបើយោងតាមសម្តីរបស់អាជ្ញាធរ ៕

ចែករំលែកព័តមាននេះ