ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរសម្រុកមកលេងស្ពានទី២៨ដែលខ្ពស់ជាងគេ«ស្ពានតេជោសន្តិភាពឫស្សីជ្រំ»

1 នាទី មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ «​ក្រោម​ម្លប់​សន្តិភាព​»​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​របស់​ខ្លួន​យ៉ាង​សកម្ម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ឱ្យមកទស្សនា​កម្សាន្ត តាម​គោលដៅ​ទេសចរណ៍​ក្នុង​ប្រទេស ។ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា គោលនយោបាយ​វិស័យ​ទេសចរណ៍…

ខេត្តពោធិ៍សាត់ ៖ «​ក្រោម​ម្លប់​សន្តិភាព​»​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​របស់​ខ្លួន​យ៉ាង​សកម្ម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ឱ្យមកទស្សនា​កម្សាន្ត តាម​គោលដៅ​ទេសចរណ៍​ក្នុង​ប្រទេស ។ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា គោលនយោបាយ​វិស័យ​ទេសចរណ៍ គឺជា​កត្តា​ដ៏​សំខាន់​មួយ​និង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មាស​បៃតង ក្នុង​ការ​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍ​សង្គម តាម​រយៈ​ការ​បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល និង​ជំរុញ​ការ​វិនិយោគ ។

ជាក់ស្តែង ដូច​ជា​គោលដៅ​ទេសចរណ៍​ថ្មី ស្ពាន​ទី​២៨ នៃ​គម្រោង​កសាង​ផ្លូវជាតិ​លេខ​១០ ដែល​ជា​ស្ពាន​ខ្ពស់​ជាងគេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​ថ្មី​មួយ សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក មក​ពី​ទី​ជិត​ឆ្ងាយ សម្រុក​មក​លេង​កម្សាន្ត ។ អ្នកខ្លះ​ឆ្ពោះទៅ​សមុទ្រ​ទឹកប្រៃ ខេត្តកោះកុង និង​ខ្លះ​ទៀត​ឈប់​សម្រាក​សំចត​នៅ​ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដែល​មាន​អាកាសធាតុ​ត្រជាក់ និង​មាន​ផ្ទៃសមុទ្រ​ទឹកសាប​ផង​ដែរ ។

ថ្មី​ៗ​នេះ ស្ពាន​ទី​២៨ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី សម្រេច​ប្រសិទ្ធ​នាម​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​នេះ​ថា «​ស្ពាន​តេ​ជោ​សន្តិភាព​ឫស្សី​ជ្រំ​» ។​ ស្ពាន​ទី​២៨ នៃ​គម្រោង​កសាង​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​សំឡូត​-​វាល​វែង​-​កោះកុង មាន​កម្ពស់​៩០​ម៉ែត្រ ប្រវែង​៥៣៧​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ សណ្តូក​ខ្លួន​ឆ្លងកាត់​ស្ទឹង​ឫស្សី​ជ្រំ ស្ថិត​ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​នេះ​កសាង​ដោយ​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​២៥​លាន​ដុល្លារ កសាង​ដោយ​ក្រុមហ៊ុន CRBC និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ក្វា​ង​ចូ​វ​វ៉ាង​អាន ។​បច្ចុប្បន្ន ស្ពាន​នេះ​ត្រូវ​បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ជា​អចិន្ត្រៃយ៍ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ ក្រោយ​ពេល​វឌ្ឍនភាព​កា​រត​ភ្ជាប់​ធ្នឹម​ស្ពាន និង​គម្រោង​កសាង​ផ្លូវជាតិ​លេខ​១០ សម្រេច​លទ្ធផល​១០០% ។

បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទេសចរ អាច​ធ្វើ​ដំណើរ​ឆ្លងកាត់ ឈប់​ថតរូប ទស្សនា​កម្សាន្ត ជាមួយនឹង​ទិដ្ឋភាព​ស្ពាន​ខ្ពស់ត្រដែត អម​ដោយ​ព្រៃ​ព្រឹក្សា​ខៀវស្រងាត់ មាន​អ័ព្ទ​ត្រជាក់​ភ្នែក ពិសេស​ឆ្លងកាត់​ស្ទឹង​ឫស្សី​ជ្រំ​នៃ​គម្រោង​វា​រី​អគ្គិ​នី ជា​ធុងអាគុយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

ក្នុង​បេសកកម្ម ដឹកនាំ​ក្រុមការងារ​ចុះ​ដាំ​កូន​ក្ងោក​ដើម្បី​លម្អ​នៅ​តាម​សងខាង​ផ្លូវ និង​រៀបចំ​សណ្តាប់ធ្នាប់​ក្បែរ​ស្ពាន​លេខ​២៨ ក្នុង​ឃុំ​អូរ​សោម ស្រុក​វាល​វែង កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ភ្ញៀវ​ទេសចរ ដែល​បាន​មក​កម្សាន្ត​នៅ​ទឹកដី​ខេត្តពោធិ៍សាត់ ដោយ​គូសបញ្ជាក់​ថា «​សន្តិភាព​» គឺ​មាន​សារៈសំខាន់​លើស​អ្វី​ៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​គ្មាន​ឱកាស​បាន​ដើរហើរ និង​គ្មាន​ឱកាស​កសាង​ជាតិ​បាន​ទេ ។

ដូច្នេះ​ហើយ បានជា​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា និង​បន្ត​ដោយ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី គឺ​សម្តេច​ប្តេជ្ញា​បន្ត​ថែរក្សា​ការពារ​សន្តិភាព និង​ស្ថិរភាព​ពេញលេញ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។​

បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ បាន​ថ្លែងអំណរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​អភិវឌ្ឍ​កែប្រែ​តំបន់​មួយ​នេះ​ឱ្យ​មាន​ភាព​ទាក់ទាញ ជាទី​ចាប់អារម្មណ៍​សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ និង​បាន​ចាត់​ទុក​ថា «​ទេសចរណ៍ រស់​ក្នុង​សន្តិភាព ទេសចរណ៍​ក្នុងស្រុក ដើម្បី​លើក​ស្ទួយ​សហគមន៍​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ