រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញការសប្បាយចិត្តនៅពេលឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ។

សម្តេចតេជោបានសរសេរលើបណ្តាញសង្គម នៅល្ងាចថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៥ ដោយបានបង្ហោះរូបថតកូនប្រុសស្រីរបស់សម្តេចថតជុំគ្នាក្នុងសម្លៀកបំពាក់ស៊ីវិល និងសម្លៀកបំពាក់ឯកសណ្ឋានទាហានថា បងប្អូនប្រុស៣នាក់នេះ ម្នាក់ពាក់អាវខ្មៅចាប់យកអាជីពការងារខុសហើយដោយសារអត់មានសក់ក្បាល ហើយអត់មានមួកពាក់ទៀត ។ ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ ។
សម្តេចតេជោបានលើកឡើងថា បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហានក៏ទៅស្លៀកស៊ីវិលក៏ទៅ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។ សម្តេចបានលើកឡើងថា កាលពីតូចសក់ច្រើនជាងគេ ពេលនេះអត់សក់ទៅវិញ តែក៏ស្រួលម្យ៉ាងដែរ មិនពិបាកចំណាយពេលសិតពេលចេញដំណើរទៅណា ។ សម្តេចតេជោបានបញ្ជាក់ថា «ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូននិងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ» ៕
ចែករំលែកព័តមាននេះ