ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង និង​មាស​ធ្លាក់​ចុះ ក្រោយ​លោក ត្រាំ ប្រកាស​បទ​ឈប់​បា.ញ់​អ៊ី​ស្រា​អែ​ល​-​អ៊ី​រ៉​ង់

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​១​ស​ប្តា​ហ៍ ស្រប​ពេល​តម្លៃ​មាស​ក៏​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​នៅ​ក្នុង​រយៈពេល​ជិត​២​ស​ប្តា​ហ៍​ផង​ដែរ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់…

សហរដ្ឋអាមេរិក ៖ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​១​ស​ប្តា​ហ៍ ស្រប​ពេល​តម្លៃ​មាស​ក៏​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​នៅ​ក្នុង​រយៈពេល​ជិត​២​ស​ប្តា​ហ៍​ផង​ដែរ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​អំពី​បទ​ឈប់​បាញ់​មួយ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​រវាង​អ៊ី​រ៉​ង់ និង​អ៊ី​ស្រា​អែ​ល​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ការ​ប្រកាស​របស់​លោក ត្រាំ បាន​ជួយ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​ពី​ការ​រំខាន​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​ជា​តំបន់​ផលិត​ប្រេង​ដ៏​សំខាន់​មួយ ព្រមទាំង​ជួយ​កាត់​បន្ថយ​តម្រូវការ​លោហធាតុ​មាស ដែល​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​សុវត្ថិភាព​បំផុត ប្រឆាំង​នឹង​ភាព​មិន​ប្រាកដប្រជា​ភូមិសាស្ត្រ​នយោបាយ​។

អនាគត​ប្រេង​ឆៅ​ម៉ាក Brent ដែល​ជា​ប្រេង​ស្តង់ដារ​ពិភពលោក បាន​ធ្លាក់​ចុះ​ដល់ ២,០៨​ដុល្លារ ឬ ២,៩% នៅ​ត្រឹម​តម្លៃ ៦៩,៤០​ដុល្លារ​ក្នុង​១​បារ៉ែល​នៅ​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​) បន្ទាប់​ពី​ធ្លាក់​ចុះ​មុន​ជាង ៤% និង​ឈាន​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែមិថុនា​។ ប្រេង​ឆៅ​អា​មេ​រិ​ក West Texas Intermediate (WTI) បាន​ធ្លាក់​ចុះ ២,០៣​ដុល្លារ ឬ ៣% មក​នៅ​ត្រឹម ៦៦,៤៨​ដុល្លារ​ក្នុង​១​បារ៉ែល ដោយ​បាន​ធ្លាក់​ចុះ ៦% ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែមិថុនា នៅ​ក្នុង​ការ​ជួញដូរ​ព្រឹក​ព្រលឹម​ថ្ងៃ​ដដែល​។

ស្រប​ពេល​តម្លៃ​មាស បាន​ធ្លាក់​ចុះ ០,៩% មក​នៅ​ត្រឹម ៣ ៣៣៨​ដុល្លារ​ក្នុង​១​អោន ឬ​ស្មើនឹង ៤ ០២១​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ម៉ោង​នៅ​កម្ពុជា បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែមិថុនា ក្នុង​ការ​ជួញដូរ​ព្រឹក​ព្រលឹម​ថ្ងៃ​ដដែល​។

លោក ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ថា អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់​បាន​យល់ព្រម​ទាំងស្រុង​លើ​បទ​ឈប់​បាញ់​មួយ ដោយ​បន្ថែម​ទៀត​ថា អ៊ី​រ៉​ង់​នឹង​ចាប់ផ្តើម​បទ​ឈប់​បាញ់​ភ្លាម​ៗ បន្ទាប់​មក​គឺ​អ៊ី​ស្រា​អែ​ល​នៅ​១២​ម៉ោង​ក្រោយ​។ ប្រសិនបើ​ភាគី​ទាំង​សងខាង​រក្សា​ភាព​ស្ងប់ស្ងាត់​បាន​នោះ​មាន​ន័យ​ថា សង្គ្រាម​នឹង​បញ្ចប់​ជា​ផ្លូវការ​ក្រោយ​រយៈពេល​២៤​ម៉ោង ដោយ​បញ្ចប់​ជម្លោះ​រយៈពេល​១២​ថ្ងៃ​។
អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Phillip Nova បាន​អះអាង​ថា ប្រសិនបើ​បទ​ឈប់​បាញ់​ត្រូវ​បាន​អនុវត្ត​តាម​ការ​ប្រកាស​ពិតប្រាកដ​មែន នោះ​វិនិយោគិន​អាច​រំពឹង​ថា​នឹង​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ សម្រាប់​ទីផ្សារ​ប្រេង ក៏​ដូច​ជា​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​តម្លៃ​ប្រេង​ពិភពលោក​ផង​ដែរ​។ ទោះ​យ៉ាងណា​ក៏​ដោយ អ្នក​វិនិយោគ​នៅ​តែ​បន្ត​តាមដាន​ស្ថានការណ៍​មួយ​នេះ យ៉ាង​យកចិត្តទុកដាក់​ជាទី​បំផុត​។

អ៊ី​រ៉​ង់​ជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ធំ​ជាងគេ​ទី​៣ របស់​អង្គការ OPEC ហើយ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ នាំ​ចេញ​ប្រេង​កាន់តែ​ច្រើន និង​ការពារ​ការ​រំខាន​ការ​ផ្គត់ផ្គង់ ដែល​ជា​កត្តា​សំខាន់​នៃ​ការ​កើនឡើង​តម្លៃ​ប្រេង​ឆៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។

តម្លៃ​ប្រេង​ឆៅ Brent បាន​កើនឡើង​ដល់ ៨១,៤០​ដុល្លារ​ក្នុង​១​បារ៉ែល កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា កន្លង​ទៅ ដែល​ជា​ការ​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ប្រាំ​ខែ បន្ទាប់​ពី​អា​មេ​រិ​កបាន​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់​ៗ​អ៊ី​រ៉​ង់ កាលពី​ចុង​ស​ប្តា​ហ៍​មុន ដោយ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាលដាល​នៅ​ក្នុង​ជម្លោះ​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់​។ ដោយពេល​នោះ​បាន​បង្កើត​ឱ្យ​មានការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ថា ការ​សងសឹក​របស់​អ៊ី​រ៉​ង់​អាច​រួម​បញ្ចូល​ទាំង​ការ​បិទ​ច្រក​សមុទ្រ Hormuz ខណៈ​ការ​ដឹក​ជញ្ជូន​តាម​រយៈ​ច្រក​សមុទ្រ​មួយ​នេះ​មាន​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​លំហូរ​ផ្គត់ផ្គង់​ប្រេង​សកល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ