ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ច្រក​ទ្វារ​ព្រំដែន​ទាំង​៥​ក្នុង​ខេត្តបាត់ដំបង មាន​​តែ​អ្នកជំងឺ​និង​យុវ​សិស្ស​ប៉ុណ្ណោះ​ដែល​អាច​ឆ្លង​ដែន​ទៅ​មក​បាន

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ដោះ​ដូរ​ទំនិញ​សព្វសារពើ​ទាំងអស់ ត្រូវ​បាន​បិទ​ទាំងស្រុង រវាង​ភាគី​កម្ពុជា និង​ថៃ ។ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ រួម​ទាំង​ពលករ​ឆ្លង​ដែន​ផង…

ខេត្តបាត់ដំបង ៖ ការ​ដោះ​ដូរ​ទំនិញ​សព្វសារពើ​ទាំងអស់ ត្រូវ​បាន​បិទ​ទាំងស្រុង រវាង​ភាគី​កម្ពុជា និង​ថៃ ។ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ រួម​ទាំង​ពលករ​ឆ្លង​ដែន​ផង ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ឆ្លង​ព្រំដែន​ទៅ​វិញ​ទៅ​មក​ដែរ គិត​ចាប់ពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា នេះ​តទៅ គ្រប់​ច្រក​ទ្វារ​ព្រំដែន​ទាំង​០៥​នៅ​ក្នុង​ទឹកដី ខេត្តបាត់ដំបង លើកលែងតែ​អ្នកជំងឺ ឬ យុវ​សិស្ស​ប៉ុណ្ណោះ ដែល​អាច​ចេញចូល​បាន ។ នេះ​ជា​ការ​ឆ្លើយ​តប​ពី​ភាគី​កម្ពុជា​ទៅ​នឹងទ​ង្វើ​បិទ​បើក​ច្រក​ទ្វារ​ព្រំដែន​ជា​«​ឯកតោភាគី​»​របស់​ភាគី​ថៃ ។

អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព នៅ​ថ្ងៃ​ទី ២៤ មិថុនា នេះ​ថា ច្រក​ទ្វារ​ព្រំដែន​ទាំង​តូច ទាំង​ធំ​ចំនួន​០៥ ក្នុង​ទឹកដី​ខេត្តបាត់ដំបង នៅ​ថ្ងៃនេះ​(២៤ ០៦ ២៥) ត្រូវ​បាន​«​បិទ​»​ទាំង​អស់ហើយ ។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ពេល​នេះ យើង​បិទ​ច្រក​ទ្វារ​ព្រំដែន​ទាំងស្រុង មិន​អនុញ្ញាត​ឲ្យ​មាន​យានយន្ត​គ្រប់ ឬ ការ​ដោះ​ដូរ​ទំនិញ​គ្រប់​ប្រភេទ​ឆ្លងកាត់​ព្រំដែន​ឡើយ ។ ប្រជាពលរដ្ឋ​ខ្មែរ ភ្ញៀវ​ទេសចរ ឬ ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ អាច​វិល​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ​បាន តែ​មិន​អនុញ្ញាត​ឲ្យ​ចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ​វិញ​បាន​ឡើយ ។

ដោយឡែក ខាង​ភាគី​ថៃ​វិញ​ក៏​បាន​អនុវត្ត​នូវ​លក្ខខណ្ឌ​បែប​នេះ​ដូច​គ្នា​ដែរ ។ អភិបាលខេត្ត​បាត់ ដំបង លោក សុខ លូ បាន​បញ្ជាក់​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ប្រជាពលរដ្ឋ ឬ​អាជីវករ​ថៃ ដែល​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ​ក្នុង​ស្ថានភាព​នេះ យើង​មិន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ចូល​មក​ទឹកដី​កម្ពុជា​វិញ​ឡើយ ។ ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បើកផ្លូវ​សម្រាប់​អ្នកមាន​ជំងឺ និង​យុវ​សិស្ស​អាច​ឆ្លង​ព្រំដែន​ទៅ​វិញ​ទៅ​មក​បាន ។

ខេត្តបាត់ដំបង​មានស្រុក​ចំនួន​០៤ និង​មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន​០៥ (​ច្រក​ទ្វារ​អន្តរជាតិ​០២ ច្រក​ទ្វារ​តំបន់​០៣) ដែល​មាន​ភូមិសាស្ត្រ​ជាប់​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ។ ១-​ស្រុក​សំឡូត មាន​ច្រក​ទ្វារ​តំបន់​«៤០០»​។ ២-​ស្រុក​កំ​រៀង មាន​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» និង​ច្រក​ទ្វារ​តំបន់​«​អូរ​អន្លក់​»​។ ៣-​ស្រុក​ភ្នំព្រឹក មាន​ច្រក​ទ្វារ​តំបន់​«​អូរ​រំដួល​» និង​៤-​ស្រុក​សំពៅ​លូន មាន​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» ។

ចំពោះ​ការ​ដោះ​ដូរ​ទំនិញ​គ្រប់​ប្រភេទ រវាង​ភាគី​កម្ពុជា និង​ថៃ បើ​តាម​ការ​កត់សម្គាល់​កន្លង​មក ច្រក​ទ្វារ​ព្រំដែន​ទាំង​០៥ ដែល​មមា​រញឹក​ខ្លាំង​បំផុត គឺ​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» បន្តបន្ទាប់​មក ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» ច្រក​ទ្វារ​តំបន់​«​អូរ​រំដួល​» និង​ច្រក​ទ្វារ​តំបន់«​អូរ​អន្លក់​» រីឯ​ច្រក​ទ្វារ​តំបន់​«៤០០»​នៅ​ស្រុក​សំឡូត ហាក់​មាន​សកម្មភាព​ដោះ​ដូរ​ទំនិញ​បន្ទាប់បន្សំ​ប៉ុណ្ណោះ ។

ទំនិញ​ដែល​ភាគី​កម្ពុជា​នាំ​ចូល​ពី​ប្រទេស​ថៃ គេ​ឃើញ​មាន​គ្រប់​ប្រភេទ ។ ជា​ពិសេស​ប្រភេទ​គ្រឿង សំណង់ សម្ភារៈ​ប្រើប្រាស់ គ្រឿង​អេ​ឡិច​ត្រូ​និក ម៉ូតូ បន្លែ ផ្លែ​ឈើ ត្រី​សាច់​យ៉ាង​សន្ធឹកសន្ធាប់ ។ ដោយឡែក បើ​និយាយ​ពី​ភាគី​កម្ពុជា នាំ​ទំនិញ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​វិញ គេ​សម្គាល់​ឃើញ​ជា​ដុំ​កំ​ភូ​ន គ្មាន​អ្វី​ក្រៅ​តែ​ពី​ផល​កសិកម្ម​ឡើយ ដូច​ជា ដំឡូង​និង​ពោត ឬ​ផល​ម្រេច​ប៉ុណ្ណោះ ។

បើ​ប្រៀបធៀប​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​ពី​ប្រទេស​ថៃ​ទៅ​នឹង​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ថៃ វិញ​គឺ​ខុស​គ្នា​ដាច់​ស្រឡះ ដូច​មេឃ​និង​ដី ។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​កម្ពុជា និង​ថៃ ហាក់​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង ដោយសារ​តែ​បញ្ហា​រំលោភ​បំពាន​ព្រំដែន​ពី​ភាគី​ថៃ រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុធ​តបត​គ្នា​មួយ​ប្រាវ​ទៀត​ផង ។

ក្រោយ​ពី​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កាំភ្លើង​ស្ថានភាព​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឡើង​កំ​ដៅ​យ៉ាង​ខ្លាំង ហើយ​ភាគី​ថៃ បាន​សម្រេច​ជា​«​ឯកតោភាគី​» ក្នុង​ការ​ទាញ​ទ្វារ​ច្រកព្រំដែន​បិទ​។ ដោយ​មិន​អាច​បន្ធូ​បន្ថយ​ភាព​តានតឹង​បាន ភាគី​កម្ពុជា​ក៏​បាន​សម្រេចចិត្ត​បោះ​ជំហាន​តាម​ក្រោយ​ភាគី​ថៃ តាម​រយៈ​លក្ខខណ្ឌ​កំណត់​ពេលវេលា​នៃ​ការ​បិទ​ឬ​បើកទ្វារ​ច្រកព្រំដែន​ផង និង​បិទ​មិន​ឲ្យ​មានការ​នាំ​ចូល​នូវ​បន្លែ ផ្លែ​ឈើ​គ្រប់​ប្រភេទ និង​ប្រេងឥន្ធនៈ ហ្គា​ស ពី​ប្រទេស​ថៃ​ផង ។

ហើយ​រហូត​ដល់​ពេល​នេះ ភាគី​ថៃ​ក៏​បាន​សម្រេច​ជា «​ឯកតោភាគី​» ដើរ​មុន​មួយ​ជំហាន​ទៀត គឺ​ភាគី​បាន​«​បិទ​ច្រក​ទ្វារ​ព្រំដែន​ជាមួយ​កម្ពុជា​»​ទូ​ទាំង​ប្រទេស​តែ​ម្ដង ។ ដូច្នេះ​ហើយ ទើប​ភាគី​កម្ពុជា​សម្រេច​បោះ​ជំហាន​តាម​ក្រោយ​កំដរ​ភាគី​ថៃ​បន្ត​ទៀត ។ ប៉ុន្តែ​យ៉ាងណា គេ​រំពឹង​ថា ភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ នា​ពេល​នេះ​នឹង​អាច​ធូរស្រាល វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​វិញ នា​ពេល​ខាង​មុខ​នេះ​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ