ទីក្រុងវ៉ាស៊ីនតោន៖ គម្រោងលក់អាវុធរបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់នោះប្រើពេលជាច្រើនឆ្នាំមកហើយមុននឹងឈានដល់ការព្រមព្រៀងគ្នា។ ដូច្នេះមិនពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់ទាល់តែសោះ។ នេះបើយោងតាមប្រភពម្នាក់ដែលដឹងអំពីបញ្ហានេះ។ ការបញ្ចេញឱ្យដឹងរឿងនេះបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលអាមេរិកថ្លែងថាអាមេរិកសម្រេចពន្យារពេលលក់អាវុធដោយសារមានតម្រូវការប្រើប្រាស់សម្រាប់វាយប្រហារអ៊ីរ៉ង់។

កោះតៃវ៉ាន់ដែលប្រទេសចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានទន្ទឹងរង់ចាំមើលផ្លូវអាមេរិកអនុម័តការលក់អាវុធដែលមានតម្លៃសរុប១៤ពាន់លានដុល្លារ។ លោកដូណាល់ត្រាំបង្ហាញការមិនប្រាកដប្រជាចំពោះរដ្ឋាភិបាលទីក្រុងតៃប៉ិដោយព្រលយពាក្យថាលោកមិនទាន់សម្រេចចិត្តនៅវគ្គផ្ដាច់ព្រ័ត្រថាត្រូវអនុម័តការលក់អាវុធនោះឬយ៉ាងណាទេ។ លោកថ្លែងដូច្នេះបន្ទាប់ពីជួបប្រធានាធិបតីចិនកាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃព្រហស្បតិ៍ លោកហុងកាវដែលជាឧត្ដមនាវីរងនៃកងទ័ពជើងទឹកអាមេរិកថ្លែងនៅចំពោះមុខអនុគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកខាងកិច្ចការពារជាតិថាគម្រោងលក់អាវុធទៅឱ្យតៃវ៉ាន់ត្រូវផ្អាកសិនដើម្បីធានាថាអាមេរិកមានអាវុធគ្រប់គ្រាន់សម្រាប់ចេញប្រតិបត្តិការសឹកអេពិកព្យូរី (Epic Fury)។ ប្រភពដែលដឹងអាថ៌កំបាំងនៅពីក្រោយរឿងនេះលួចប្រាប់អ្នកសារព័ត៌មានថាលោកត្រាំថ្លែងថាលោកនឹងសម្រេចចិត្តនាពេលឆាប់ៗនេះថាតើត្រូវលក់ ឬមិនលក់អាវុធទៅឱ្យតៃវ៉ាន់។

ប្រភពដដែលនេះប្រាប់ថាតាមពិតអាមេរិកមានអាវុធយុទ្ធភ័ណ្ឌសម្បូរហូរហៀរលើសពីតម្រូវការជាក់ស្ដែងទៅទៀត។ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភទាល់តែសោះពាក់ព័ន្ធនឹងចំនួនអាវុធនៅក្នុងឃ្លាំង។ អាមេរិកមានភារកិច្ចជួយការពារតៃវ៉ាន់ដោយយោងតាមច្បាប់ឆ្នាំ១៩៧៩ដែលតម្រូវឱ្យអាមេរិកផ្ដល់មធ្យោបាយការពារខ្លួនឱ្យបានគ្រប់គ្រាន់សម្រាប់កោះនេះ។ ក្រោយការជួបគ្នារវាងលោកត្រាំ និងលោកស៊ីជីនពីង អាមេរិកអះអាងថាគោលនយោបាយរបស់ខ្លួននៅត្រង់ចំណុចនេះនៅរក្សាដដែល ឥតកែប្រែទេ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ