ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តបន្ទាយមាន​ជ័យ ពាក់​ព័ន្ធ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឆែ វិវឌ្ឍនៈ ចៅក្រម​ស៊ើប​សួរ​សាលា​ដំ​បូ​ង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៦ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន…

រាជធានី​ភ្នំពេញ ៖ លោក ឆែ វិវឌ្ឍនៈ ចៅក្រម​ស៊ើប​សួរ​សាលា​ដំ​បូ​ង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៦ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឈ្មោះ នួន នី​ណា​រ៉ូ ​បច្ចុប្បន្ន​ មាន​តួនាទី​ជា​នាយ​រង​សេនាធិការ​កង​រាជ​អាវុធ​ហត្ថខេត្តបន្ទាយមានជ័យ ដោយ​ជាប់​ពាក់​ព័ន្ធ​ពី​បទ​.​សមគំនិត​ក្នុង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង សម្អាត​​ប្រាក់ ។

យោង​តាម​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើ​បសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ឈ្មោះ នួន នី​ណា​រ៉ូ ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់សៀម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវ​បាន​ដាក់​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​សមគំនិត​ក្នុង​អំពើ​ឆបោក​តាម​ប្រពន្ធ​បច្ចេកវិទ្យា និង​ស​ម្អា​ត​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច​អគារ​១៣​ជាន់ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​អំឡុង​ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦។

បទល្មើស​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​៥ កថាខណ្ឌ​៣ ចំណុច​១ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រពន្ធ​បច្ចេកវិទ្យា និង​មា​ក​ត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ។

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ នួន នី​ណា​រ៉ូ មក​ប្រគល់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ និង​បញ្ជា​ដល់​ប្រពន្ធ​ពន្ធនាគារ ​ឬ​មណ្ឌល​ឃុំខ្លួន​ឲ្យ​ទទួល និង​ឃុំខ្លួន​បុគ្គល​នេះ និង​ត្រូវ​នាំ​ទៅ​បង្ហាញ​ដល់​ចៅក្រម​ស៊ើបសួរ​ក្នុង​រយៈពេល​យ៉ាង​ខ្លី​បំផុត ។

ហើយ​បើ​តាម​អ្នក​លេង​បណ្តាញ​សង្គម បាន​លើក​ឡើង​ថា ក្រៅពី​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ​ចៅក្រម​ស៊ើបសួរ​ក៏​បាន​ចេញ​ដីកា​បង្កក​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ នួន នី​ណា​រ៉ូ ចំនួន​៩ ទីតាំង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ