រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះរដ្ឋបាលឆែកឆេរត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស នៅ០៣កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានឃាត់ជនបរទេស២៦នាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams និងការស្នាក់នៅដោយខុសច្បាប់ ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ ។

កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យ ទីតាំងចំនួន ០៣ផ្សេងគ្នា ក្នុងនោះទីតាំងទី០១ នៅចំណុផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រកឃើញជនជាតិចិន០៤នាក់ (គ្មានលិខិតឆ្លងដែន) ០៣នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។

ដោយដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ១៩គ្រឿង , កុំព្យូទ័រ All in One ០១គ្រឿង , Laptop ០១គ្រឿងផងដែរ , ទីតាំងទី២ នៅចំណុចផ្ទះលេខ២៦ R-12 ( បុរីប៉េងហួត ) ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយរកឃើញជនជាតិចិន១២នាក់ ពុំមានលិខិតឆ្លងដែនត្រឹមត្រូវ , ទីតាំងទី៣ នៅចំណុចក្នុងបុរីមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១០១៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយរកឃើញជនជាតិចិន១០នាក់ (ស្រីម្នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែន០៧នាក់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២៦នាក់ និងវត្ថុតាងពាក់ព័ន្ធ នគរបាលបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ