ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដាក់​បទបញ្ជា​ឱ្យ​រដ្ឋបាល​ជលផល និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​ត្រី​ពង

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋបាល​ជលផល…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋបាល​ជលផល រដ្ឋបាល​រាជធានី ខេត្ត ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​រាល់​សកម្មភាព​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​រដូវ​ត្រី​ពង ស្រប​តាម​គោលនយោបាយ​ជាតិ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដើម្បី​អភិរក្ស​ធនធានធម្មជាតិ និង​ជលផល​។ ទន្ទឹម​នេះ ក៏​ត្រូវ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ជលផល ដើម្បី​ប្រជា​នេសាទ​ចូលរួម​ចំណែក​ក្នុង​ការ​អភិរក្ស​ធនធានធម្មជាតិ​ដ៏​សំខាន់​សម្រាប់​ទៅ​អនាគត ។

នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ ទី​២២ ខែឧសភា ឆ្នាំ​២០២៦​នេះ សម្តេច​ធិ​បតី ក៏​បាន​ណែនាំ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​រាជធានី ខេត្ត កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​ត្រូវធ្វើ​ឱ្យ​ដូច​ភ្លៀងរលឹម​ដោយ​ចាត់វិធានការ​ឱ្យ​បាន​តឹង​រឹង ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជា​ពិសេស​បទល្មើស​គ្រឿងញៀន ក្មេង​ទំនើង ល្បែងស៊ីសង​គ្រប់​ប្រភេទ ។

សម្តេច​ធិ​បតី ក៏​បាន​ណែនាំ ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវ​ជំរុញ​និង​ដាក់​ចេញ​នូវ​វិធានការ​បច្ចេកទេស និង​វិធានការ​អប់រំ​ស៊ីជម្រៅ​ដើម្បី​ទប់ស្កាត់​នូវ​ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម ពិសេស​អ្នក​ផលិត​មាតិកា​អនាធិបតេយ្យ​លើ​បណ្តាញ​សង្គម ព្រមទាំង​ផ្សព្វផ្សាយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ និង​រាយការណ៍​ដើម្បី​គ្រប់គ្រង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ។

សម្តេច​ធិ​បតី បាន​ណែនាំ ក្រសួងសុខាភិបាល ត្រូវ​បន្ត​ខិតខំ​ត្រៀម​វិធានការ​បង្ការ​និង​ទប់ស្កាត់​នូវ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា និង​វីរុស​ហាន់​តា​។ ទន្ទឹម​នេះ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​ក្រសួងសុខាភិបាល ក្នុង​ការ​បន្ត​ពង្រឹង​វិធានការ​តាមដាន​និង​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ និង​ត្រូវ​ធានា​ថា​គ្រប់​យន្តការ​បង្ការ និង​ការ​ឆ្លើយ​តប​ត្រូវ​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ទោះបីជា​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​រក​ឃើញ​នូវ​ករណី​ជំងឺ​ទាំងនេះ​ក៏​ដោយ ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​អប់រំ និង​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​វេទិកា​ផ្សព្វផ្សាយ​វី​ដេ​អូ​អប់រំ​ដើម្បី​ឱ្យ​បងប្អូន​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការ​ចូលរួម​សហការ ដូច​ជា​ការ​ផ្តល់​អាទិភាព​ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ការ​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដែល​នេះ​គឺជា​ការ​ចូលរួម​ទទួលខុសត្រូវ​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​។

សម្តេច​ធិ​បតី ក៏​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​កង​នគរបាល​ជាតិ​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​ក្នុង​ការ​បង្ក្រាប​បណ្តាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ដោយ​ទទួល​បាន​លទ្ធផល​ធំ​ៗ​ជា​បន្តបន្ទាប់​។ ទោះជា​យ៉ាងណា នៅ​មាន​សេសសល់​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បន្ត​ធ្វើ​ដោយ​គ្មាន​បន្ធូរ​ដៃ​ឡើយ​។ សម្តេច​ធិ​បតី បាន​ផ្ញើ​សារ​ច្បាស់លាស់ និង​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បង្ក្រាប Online Scams ឱ្យ​ទាល់តែ​អស់​ជា​ដាច់ខាត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត ពីព្រោះ​នេះ​គឺជា​មុខមាត់​របស់​ប្រទេស​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ