ទីក្រុងប៉េកាំង៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍ផ្ទុះហ្គាស និងបាក់ស្រុតដីនៅអណ្ដូងរ៉ែនៃខេត្តសានស៊ី ប្រទេសចិនឥឡូវនេះបានកើនឡើងដល់៩០នាក់ហើយ ហើយជាហេតុការណ៍គ្រោះថ្នាក់នៅអណ្ដូងរ៉ែដែលប្រល័យជីវិតមនុស្សច្រើនពុំធ្លាប់មាននៅក្នុងរយៈពេលមួយទសវត្សចុងក្រោយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧:២៩យប់ថ្ងៃសុក្រនៅអណ្ដូងរ៉ែឈ្មោះលាវស៊ឹនយូ។ នៅពេលនោះ កម្មករសរុប២៤៧នាក់កំពុងបំពេញការងារ។

ពួកគេភាគច្រើនត្រូវគេស្ទូចឡើងមកខាងក្រៅអណ្ដូងរ៉ែដោយសុវត្ថិភាពកាលពីព្រឹកមិញ។ ប៉ុន្តែមនុស្ស៩នាក់ទៀតនៅបាត់ខ្លួននៅឡើយ។ ប្រធានាធិបតីចិនលោកស៊ីជីនពីងបានអំពាវនាវឱ្យអាជ្ញាធរខិតខំឱ្យអស់ពីសមត្ថភាពក្នុងការព្យាបាលអ្នករបួស និងក្នុងការស្វែងរក និងជួយសង្គ្រោះ។ លោកក៏បានចេញបញ្ជាឱ្យស៊ើបអង្កេតឱ្យបានស៊ីជម្រៅដើម្បីរកមូលហេតុនៅពីក្រោយហេតុការណ៍នេះ។ នាយករដ្ឋមន្ត្រីចិន លោកលីឆៀង ក៏អំពាវនាវដូចគ្នាផងដែរ។ លោកថែមទាំងជំរុញឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មានឱ្យបានទាន់ពេលវេលា និងប្រកបដោយភាពជាក់លាក់។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរាយការណ៍ថាថ្នាក់ដឹកនាំធំៗរបស់ក្រុមហ៊ុនយករ៉ែខាងលើនេះត្រូវបានចាប់ឃុំខ្លួនរួចហើយ។ តាមរយៈវីឌីអូឃ្លីបដែលផ្សព្វផ្សាយនៅលើទូរទស្សន៍ស៊ីស៊ីធីវីរបស់ចិន គេឃើញក្រុមអ្នកជួយសង្គ្រោះដែលពាក់មួកការពារបានសែងសាកសព និងឃើញរថយន្តគិលានសង្គ្រោះរងចាំយ៉ាងត្រៀបត្រានៅក្បែរកន្លែងកើតហេតុ។ យោងតាម «ទិនានុប្បវត្តន៍ប្រជាជន» ដែលជាសារព័ត៌មានរបស់បក្សកុម្មុយនិស្តចិន មនុស្ស១៥៦នាក់ត្រូវបានជួយសង្គ្រោះ។ អាជ្ញាធរបានប្រើប្រាស់កម្លាំងសរុប៨៧០នាក់ដែលជាបុគ្គលិកពេទ្យ ក្រុមអ្នកជួយសង្គ្រោះ និងនគរបាល។

ចំនួនអ្នកស្លាប់ហាក់ដូចជាកើនឡើងខ្ពស់ហួសពីការស្មានព្រោះកាលពីព្រឹកមិញគេទទួលដំណឹងថាអ្នកស្លាប់មានត្រឹមតែ៨នាក់ប៉ុណ្ណោះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្សាយកាលពីព្រឹកមិញថាកម្មកររាប់សិបនាក់ជាប់ផុងនៅក្នុងស្រទាប់ដីជ្រៅបន្ទាប់ពីកម្រិតឧស្ម័នកាបូនិចកើនឡើងខ្ពស់ហួសពីធម្មតា។ អ្នកដែលជាប់ផុងនៅក្នុងអណ្ដូងរ៉ែខ្លះធ្លាក់ខ្លួនឈឺជាទម្ងន់៕ ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ