ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ពោធិ៍សាត់ ចាត់​តំណាង​ចូលរួម​បុណ្យសព ​វីរ​កងទ័ព ​២​រូប ដែលបាត់បង់​ជីវិតដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

3 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ លោក ហៀ​ម ឃួ​ន អភិបាលរង​ខេត្ត និង​លោក សួង សារា​វុ​ធ នាយក​រដ្ឋបាល​សាលាខេត្ត…

ខេត្តពោធិ៍សាត់ ៖ លោក ហៀ​ម ឃួ​ន អភិបាលរង​ខេត្ត និង​លោក សួង សារា​វុ​ធ នាយក​រដ្ឋបាល​សាលាខេត្ត តំណាង​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ បាន​អញ្ជើញ​នាំ​យក​សម្ភារៈ និង​ថវិកា​ទៅ​ចូលរួម​បុណ្យសព​វីរ​កងទ័ព​ចំនួន​ពីរ​រូប ដែល​បាន​បាត់បង់​ជីវិត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៤​រសៀល ខណៈ​ពេល​ត្រឡប់​ពី​បំពេញបេសកកម្ម ។

សព​វីរ​កងទ័ព​ទាំង​ពីរ​រូប ៖ ទី​១. ពលឯក​ឈ្មោះ ញ៉ុ​ង ស៊ិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ពល​ទាហាន​កងការពារ​ព្រំដែន​លេខ​៥០៤ យោធភូមិ​ភាគ​ទី​៥ ខេត្តបាត់ដំបង មាន​ទីលំនៅ​ភូមិ​ព្រៃ​ដំរី ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ទី​២. ពលឯក​ឈ្មោះ​ចៀន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​អង្គភាព​ជាមួយ​គ្នា មាន​ទីលំនៅ​ភូមិ​អូរ​តូង សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។

លោក ហៀ​ម ឃួ​ន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត បាន​សម្ដែង​ការ​សោកស្ដាយ និង​ក្ដុកក្ដួល​បំផុត ចំពោះ​មរណៈភាព​របស់​ពលឯក​ទាំង​ពីរ​រូប និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព ដែល​មាន​ឪពុក​ម្ដាយ បងប្អូន ជីដូន​ជីតា កូនក្មួយ សាច់ញាតិ កងកម្លាំង​ក្នុង​អង្គភាព និង​ប្រជាពលរដ្ឋ​ក្នុងភូមិ មក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​នា​ពេល​នេះ​។ មរណភាព​របស់​ពលឯក​ទាំង​ពីរ​រូប គឺជា​ការ​បាត់បង់​នូវ​កម្លាំង​កងទ័ព​ជួរ​មុខ​ដ៍​សំខាន់ ដែល​ធ្លាប់​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ការពារ​បូរណភាព​ទឹកដី និង​ជីវិត​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ក្នុង​ខណៈ​ពេល​កងទ័ព​ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ ទាំង​លើក​ទី​១ និង​លើក​ទី​២​នា​ពេល​ថ្មី​ៗ​នេះ ។

លោក ហៀ​ម ឃួ​ន បាន​ជម្រាប​ជូន​ថា ដោយសារ​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ មានការ​មមាញឹក​ខ្លាំង​ក្នុង​ការងារ​រាជរដ្ឋាភិបាល ការ​រៀបចំ​សោភ័ណ​ភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​អភិវឌ្ឍ​ខេត្ត ពុំ​បាន​មក​ផ្ទាល់ ទើប​ចាត់​ឲ្យ​រូប​លោក រួម​ជាមួយ​នាយក​រដ្ឋបាល​សាលាខេត្ត និង​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត នាំ​យក​សម្ភារៈ និង​ថវិកា​មួយ​ចំនួន មក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ពលឯក​ទាំង​ពីរ​រូប នា​ពេល​នេះ ដោយ​បុណ្យសព​នីមួយ​ៗ​មាន​អង្ករ​០៧​កា​រ៉ុ​ង ទឹកបរិសុទ្ធ​០៣​កេស មី​០២​កេស ទឹកស៊ីអ៊ីវ​០២​យួរ ទឹកត្រី​០២​យួរ និង​ថវិកា ៣​លាន​៥​សែន​រៀល ។

លោក ហៀ​ម ឃួ​ន សូម​ឲ្យ​ក្រុម​គ្រួសារ​នៃ​សព ទទួលយក​សម្ភារៈ និង​ថវិកា​របស់​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ទៅ​ធ្វើបុណ្យ​ជូន​ពលឯក​ទាំង​ពីរ​នាក់ ទៅ​តាម​ទំនៀមទំលាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា និង​សូម​ឲ្យ​វិញាណក្ខន្ធ​ពួក​គាត់ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ ៕«មន្ត្រី​យោធា​០២​នាក់​ស្លា.ប់​ក្នុង​ឧប្បត្តិហេតុ​គ្រោះ ថ្នាក់​ចរាចរ​ណ៍ ​ពេល​ធ្វើ​ដំណើរ​ទៅ​មើល​ម្ដាយ​ឈឺ​​នៅ​ឯ​ស្រុក»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ