រាជធានីភ្នំពេញ ៖ តារាសម្តែងវ័យក្មេង ជូរី ល្អ ហួស បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ក្នុងពេលដែលនាងមានឱកាសបានចូលរួមសម្តែងក្នុងបទចម្រៀងអង្គរកម្ពុជា ដែលត្រូវបានផលិតឡើងឧទ្ទិសជូនបុព្វបុរសខ្មែរគ្រប់ជំនាន់ និងលើកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងឈរការពារទឹក
ដី ។

វីដេអូចម្រៀងដែលមានរយៈពេលប្រមាណជិត៥នាទី ដែលមានចំណងជើងថា អង្គរកម្ពុជា ត្រូវបានផលិតឡើងដោយក្រុមការងារ Personal branding សម្តេចមហាបវរធិបតី និពន្ធដោយ ប៊ុន ពិសី និព្ធបទភ្លេងដោយលោក សួន ពិសិទ្ធ និងច្រៀងដោយតារាចម្រៀងលោក ហេង ប៊ុនលាភ ដោយនៅក្នុងនោះក៏មានការចូលរួមសម្តែងរបាំអប្សរាដោយ ល្អ ហួស ផងដែរ ។

ក្រោយឃើញវីដេអូចម្រៀងមួយនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គមដោយសម្តេចតេជោនោះ ល្អ ហួស ក៏បានចេញមកសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះរូបនាង ដែលបានចូលរួមជាចំណែកមួយនៅក្នុងការសម្តែងនូវបទចម្រៀងដ៏មានអត្ថន័យឧទ្ទិសដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ ។
ល្អ ហួស បានបង្ហោះសំណេរលើបណ្តាញសង្គមថា សូមគោរពអរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់សុន្ទរកថាចម្បង និងសេចក្ដីស្រឡាញ់ជាតិយ៉ាងជ្រាលជ្រៅ។
នាងខ្ញុំ ជូរី ល្អហួស មានមោទនភាពជាខ្លាំងដែលបានចូលរួមជាផ្នែកមួយក្នុងវីដេអូដ៏មានអត្ថន័យនេះ 🙏🇰🇭

សូមឧទ្ទិសបទចម្រៀងមួយបទនេះជូនបុព្វបុរសខ្មែរគ្រប់ជំនាន់ ប្រវត្តិសាស្ត្រដ៏ល្អថ្លៃថ្លារបស់ខ្មែរ គឺជាពូជអម្បូរដ៏ទន់ភ្លន់ ថ្លៃថ្នូរ អង់អាច និងអត់ធ្មត់ ។ សូមអោយប្រជាជនខ្មែរទាំងអស់ រួបរួមស្មារតីលើកទឹកចិត្តកងទ័ពជួរមុខរបស់យើង យើងទាំងអស់គ្នារួមគ្នាជ្រោងទង់ជាតិខ្មែរដើម្បីបូរណភាពទឹកដីខ្មែរ ។ តារាវ័យក្មេងរូបនេះបញ្ជាក់ថា ប្រទេសកម្ពុជាគឺជា ម្ចាស់« អង្គរ » ។

គួរបញ្ជាក់ថា កន្លងមក សម្ដេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់ថ្លែងការកោតសសើរចំពោះ ល្អ ហួស ផងដែរ ចំពោះការខិតខំប្រឹងប្រែងយកវប្បធម៌ខ្មែរទៅបង្ហាញដល់ពិភពលោកតាមរយៈវេទិការប្រឡងជាអន្តរជាតិ ។ សម្តេចបញ្ជាក់ថា ជោគជ័យរបស់ចៅជាជោគជ័យរបស់ជាតិកម្ពុជាទាំងមូល ហើយតាសង្ឃឹមថា ចៅនិងខិតខំរៀនសូត្រក្លាយជាធនធានមនុស្សដ៏ពូកែនាពេលអនាគត ៕



ចែករំលែកព័តមាននេះ