រាជធានីភ្នំពេញ ៖ ជើងហោះរវាងរាជធានីភ្នំពេញ និងតូក្យូ នឹងជាព្រឹត្តិការណ៍ប្រវតិ្តសាស្ត្រ ដ៏សំខាន់សម្រាប់ការជំរុញវិស័យទេសចរណ៍កម្ពុជា-ជប៉ុន និងការតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោកបន្ថែមទៀត ។ នេះបើយោងតាមផេកក្រសួងទេសចរណ៍បានប្រកាសនាថ្ងៃទី២៦ ខែតុលានេះ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើររវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។

ក្នុងឱកាសដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល តាមរយៈការទទួលស្វាគមន៍ជើងហោះហើរដំបូងរវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូរបស់ក្រុមហ៊ុនហោះហើតរ Air Cambodia ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ។

ការចាប់ផ្តើមបើកបរសេវាការហោះហើរដោយផ្ទាល់នេះ នឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសទាំងពីរងាយស្រួល និងឆាប់រហ័សជាងមុន ។ វាបង្ហាញពីមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ ។ លោករដ្ឋមន្ត្រី ក៏មានប្រសាសន៍បន្ថែមទៀតថា «តាមរយៈបណ្តាញហោះហើរថ្មីនេះយើងរំពឹងថា នឹងមានភ្ញៀវជប៉ុនមកទស្សនាកម្ពុជាច្រើនឡើង ដើម្បីស្គាល់វប្បធម៌ សម្បត្តិធម្មជាតិ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ។ វាក៏ជាឱកាសសម្រាប់ប្រជាជនកម្ពុជា ទៅទស្សនាប្រទេសជប៉ុនផងដែរ។»

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា «ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់បន្ថែមទៀត ។ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរជប៉ុនទាំងអស់ និងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត។»


ចែករំលែកព័តមាននេះ