ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​បន្ទប់​ផ្ទះសំណាក់​ ត្រូវគេទះ.១កំផ្លៀង…​ទៅ​ប្តឹងប៉ូលិស​បាន២កំផ្លៀងទៀត

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់ផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​កណ្តាល បាន​ប្រើ​ហិង្សា​ដោយ ទះ​កំផ្លៀង​ទៅ​លើ​ភ្ញៀវ​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។ ដោយ​ការ​កើតទុក្ខ​មិន​សុខចិត្ត ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ក៏​ត្រូវ​សមត្ថកិច្ច​ទះ​២​កំផ្លៀង​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ម្ចាស់ផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​កណ្តាល បាន​ប្រើ​ហិង្សា​ដោយ ទះ​កំផ្លៀង​ទៅ​លើ​ភ្ញៀវ​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។ ដោយ​ការ​កើតទុក្ខ​មិន​សុខចិត្ត ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ក៏​ត្រូវ​សមត្ថកិច្ច​ទះ​២​កំផ្លៀង​ថែម​ទៀត ។ បាតុភាព​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​បុរស ដែល​ត្រូវ​ទទួល​បាន​៣​កំផ្លៀង​ផ្ទួន​ៗ​គ្នា ជា​អ្នក​រត់​ម៉ូតូ​កង់​បី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ទទួល​ដំណឹង​ពី​ប្រពន្ធ​របស់​គាត់​ថា មក​លេង​គាត់​នៅ​ភ្នំពេញ ។ រាល់​យប់​គាត់​ដេក​នៅ​ក្នុង​ម៉ូតូ​កង់​បី​របស់​គាត់ តែ​យប់​នេះ ដោយ​ដឹង​ថា​ប្រពន្ធ​មក​លេង ក៏​ទៅ​ជួល​បន្ទប់​ផ្ទះសំណាក់​សម្រាប់​ដេក ។ លុះ​ពេល​ទៅ​ដល់​ផ្ទះសំណាក់ ស្រាប់តែ​ខាង​ផ្ទះសំណាក់​ថា គ្មាន​បន្ទប់​ទំនេរ​នោះ​ទេ ទើប​គាត់​សុំ​បង់លុយ​មុន​១៥​ដុល្លារ ដើម្បី​កក់​សម្រាប់​ពេល​បន្ទប់​ទំនេរ គាត់​ចូល​ដេក​តែ​ម្តង ។

បុរស​រង​គ្រោះ​បាន​បន្ត​ថា ពេល​ត្រឡប់​មក​វិញ​ម្តងទៀត គាត់​ក៏​បាន​ទៅ​សាកសួរ​បុគ្គលិក​ផ្ទះ​សំណាក់ តើ​មាន​បន្ទប់​ទំនេរ​នៅ ? គេ​ក៏​បាន​ប្រាប់​ថា បន្ទប់​ពេញ​អស់ហើយ ចាំ​គេ​ឆែក​មើល​ឱ្យ ។ រួច​បុគ្គលិក​នោះ ក៏​បាន​ឡើង​ទៅ​ខាងលើ​ប្រាប់​ដំណឹង​ទៅ​មេការ ។ មេការ​ផ្ទះសំណាក់ ក៏​បាន​ចុះ​មក​ក្រោម​គប់​សោ​ទ្វារ​ដាក់​គាត់ រួច​បាន​ទះ​គាត់​មួយ​កំផ្លៀង​ដោយ​មិនដឹង​មូលហេតុ ។

ក្រោយ​គេ​ប្រើ​ហិង្សា​លើ​រូប​គាត់​រួច​មក គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី​២ ខណ​:​កំពុង​សរសេរ​ពាក្យបណ្តឹង ស្រាប់តែ​មាន​មន្ត្រី​ប៉ុស្តិ៍​ម្នាក់ ដើរមក​ទះ​គាត់​ចំនួន​២​កំផ្លៀង​ថែម​ទៀត​ដោយ​មិនដឹង​រឿង ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ម្ចាស់ផ្ទះ​សំណាក់​មក​កាន់​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​អ្នក​រត់​ម៉ូតូ​កង់​បី ដែល​ខ្លួន​បាន​ទះកំផ្លៀង ដោយ​ភាគី​ខាង​ម្ចាស់ផ្ទះ​សំណាក់ បាន​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០​ម៉ឺន​រៀល ដើម្បី​បញ្ចប់រឿង ។

ប៉ុន្តែ​អ្វី​ដែល​ភាគី​រង​គ្រោះ​ទទួលយក​មិន​បាន​នោះ​គឺ ហេតុ​អ្វី​មន្ត្រី​សមត្ថកិច្ច​ក៏​ប្រើ​ហិង្សា​មក​លើ​រូប​គាត់​ដែរ ? ទើប​គាត់​ស្នើ​សុំ​រក​យុត្តិធម៌ ជុំវិញ​បូ​លិ​ស​ទះកំផ្លៀង​គាត់ ។ ជា​ចុង​ក្រោយ ក៏​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច ដោយ​ឱ្យ​មន្ត្រី​នោះ ធ្វើការ​សុំ​ទោស​ទៅ​លើ​ជន​រង​គ្រោះ ហើយ​គាត់​ក៏​ព្រម​ទទួលយក តែ​កុំឱ្យ​មានរឿង​បែប​នេះ​កើត​ទៅ​លើ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​អី ព្រោះ​គាត់​រង​គ្រោះ​មក​រក​សម្ថ​ត​កិច្ច​ឱ្យ​ជួយ បែរជា​ធ្វើ​បែប​នេះ​ដាក់​គាត់​ទៅ​វិញ ។

ទោះបីជា​បែប​ណា មូលហេតុ​ដែល​គេ​ទះកំផ្លៀង​គាត់​បន្តបន្ទាប់​នេះ ក៏​មិនដឹង​ថា មក​ពី​ហេតុ​អ្វី​ដែរ ឬ​មួយ​ឃើញ​គាត់​តូច​ទាប​នាំ​គ្នា​ប្រមាថមើលងាយ​គាត់ ។ រឿងរ៉ាវ​នេះ​ក៏​មិនដឹង​ថា បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​រក​បន្ទប់ដេក​ជាមួយ​ប្រពន្ធ​ដែល​មក​លេង​បាន​ឬ​បែប​ណា បើ​រាត្រី​រំពឹង​លើ​ការ​ក្រេបទឹក​ឃ្មុំ​ក្លាយជា​ទឹកខ្មេះ​បែប​នេះ​ទៅ​វិញ ពិតជា​ខកចិត្ត​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ