ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ ក្នុងចំណោម៣នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានក្រុមជនសង្ស័យមួយក្រុម ដេញកាប់ពីក្រោយ កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចមុខក្រុមហ៊ុន(ធូរមែន) ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូ ២គ្រឿង ចេញពីភូមិស្រែតាថា ឆ្ពោះទៅទីរួមខេត្តដើម្បីបិតស្កុតម៉ូតូ។ នៅពេលត្រឡប់មកវិញ ពួកគេបានឈប់សម្រាកផឹកទឹកអំពៅ នៅចំណុចអូរពង់មាន់ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុម មកបង្កទំនាស់។ ភ្លាមៗនោះ ក្រុមជនរងគ្រោះ បានជិះម៉ូតូចាកចេញដើម្បីទៅផ្ទះ ប៉ុន្តែត្រូវបានក្រុមជនបង្កដេញតាមកាប់ពីក្រោយយ៉ាងសាហាវ រហូតដល់ចំណុចកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានកាប់ត្រូវចំពីក្រោយ បណ្តាលឱ្យធ្លាក់ទៅម្ខាងនៃផ្លូវ ស្លាប់នៅនឹងកន្លែង ខណៈដែល ២នាក់ទៀត បានរត់គេចចូលផ្ទះអ្នកភូមិ ទាន់ពេលវេលា។ ក្រុមជនបង្ក ក៏បានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឱ្យខូចខាតបន្ថែមទៀតផងដែរ ។
ជនរងគ្រោះក្នុងហេតុការខាងលើ ៖
១. ឈ្មោះ ងួន ហ៊ីម ភេទប្រុស អាយុ ១៦ឆ្នាំ (ស្លាប់)
២. ឈ្មោះ នី ម៉ារឌី ភេទប្រុស អាយុ ១៥ឆ្នាំ
៣. ឈ្មោះ ងួន រ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មិនរងគ្រោះថ្នាក់ឡើយ ។
តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រុមជនសង្ស័យមានគ្នាប្រហែល ៥នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ ២
គ្រឿង។ ក្រោយធ្វើសកម្មភាព ពួកគេបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសេសាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនក្រុមជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ ៕



ចែករំលែកព័តមាននេះ