ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំហាក់ដូចជាតូចចិត្តមិនតិចទេបន្ទាប់ពីលោកខិតខំប្រឹងប្រែងដោះស្រាយជម្លោះប្រដាប់អាវុធនៅលើពិភពលោក ប៉ុន្តែបែរជាគណៈកម្មការរង្វាន់ណូបែលពិភពលោកនៅប្រទេសន័វេមើលមិនឃើញ។ ដូច្នេះថ្ងៃនេះ លោកបានបញ្ចេញសារនយោបាយបែបផ្លែផ្កាទៅនាយករដ្ឋមន្ត្រីន័រវេ។ លោកត្រាំប្រាប់ថាលោកលែងនឹកស្រមៃទៅដល់ «សន្តិភាពដ៏បរិសុទ្ធផូរផង់» តទៅទៀតទេបន្ទាប់ពីលោកមិនជាប់ឈ្មោះជាជ័យលាភីរង្វាន់ណូបែលសន្តិភាពពិភពលោកដូចចិត្តប៉ងប្រាថ្នា។

លោកបញ្ជាក់ដូចខាងលើនេះតាមរយៈការបង្ហោះសារផ្ញើជូននាយករដ្ឋមន្ត្រីន័រវេ។ នៅក្នុងសារនោះ លោកក៏បញ្ជាក់ឡើងវិញអំពីគោលបំណងចង់គ្រប់គ្រងកោះហ្គ្រីនលែនដែលជាដែនដីពាក់កណ្ដាលស្វយ័តរបស់ប្រទេសដាណឺម៉ាក។ លោកថាលោកធ្វើបែបនេះដើម្បីជាប្រយោជន៍នៃសន្តិភាពពិភពលោក។ លោកត្រាំផ្ញើសារទៅនាយករដ្ឋមន្ត្រីន័រវេថា «ដោយសារប្រទេសរបស់លោកសម្រេចចិត្តមិនផ្ដល់រង្វាន់ណូបែលមកឱ្យខ្ញុំដែលខំរំលត់ភ្លើងសង្គ្រាមលើសពី៨ដង ខ្ញុំមិនខ្វល់ខ្វាយតែអំពីអំពីសន្តិភាពទេ។ សន្តិភាពនៅតែជាបញ្ហាសំខាន់ពិតមែនហើយ ប៉ុន្តែលោកចង់គិតអំពីអ្វីដែលល្អ និងសមស្របសម្រាប់ប្រទេសអាមេរិកវិញម្ដង»។
លោកត្រាំ (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រីន័រវេ (រូបខាងស្ដាំ)ខុទ្ទកាល័យនាយករដ្ឋមន្ត្រីន័រវេបញ្ជាក់ថានោះជាសាររបស់លោកត្រាំពិតមែន។ នៅក្នុងការបញ្ចេញមតិជាលាយលក្ខណ៍អក្សរ មេដឹកនាំន័រវេរូបនេះចង់ស្រាយបំភ្លឺឱ្យបានច្បាស់ថាពានរង្វាន់ណូបែលសន្តិភាពពិភពលោកមិនមែនរដ្ឋាភិបាលន័រវេជាអ្នកសម្រេចថាត្រូវប្រគល់ទៅឱ្យបុគ្គលរូបណាទេ។ លោកថាលោកបានពន្យល់ច្បាស់ៗហើយ ហើយលោកត្រាំក៏បានដឹងដែរថារង្វាន់នេះខាងគណៈកម្មការណូបែលធ្វើការដោយឯករាជ្យ។
គណៈកម្មការរង្វាន់ណូបែលសន្តិភាពពិភពលោកនៅក្នុងការផ្ញើសារជូននាយករដ្ឋមន្ត្រីន័រវេ លោកត្រាំក៏ឆ្លៀតរំលឹកអំពីកោះហ្គ្រីនលែនផងដែរ។ លោកអះអាងថាដាណឺម៉ាកមិនអាចការពារកោះនេះទល់នឹងការវាតទីរបស់ចិន និងរុស្ស៊ីបានឡើយ។ លោកដាក់ជាសំណួរថាបើអីចឹងដដែល ហេតុអ្វីពួកគេ (ដាណឺម៉ាក) ខំចេញមកវ៉ាងទីកោះហ្គ្រីនលែនខ្លាំងម៉្លេះ? លោកថាគ្មានឯកសារបញ្ជាក់ជាលាយលក្ខណ៍អក្សរថាកោះនេះជារបស់ដាណឺម៉ាកទេ។ មានត្រឹមតែការតំណាលតគ្នាថាមានទូកមួយគ្រឿងចូលចតមាត់កំពង់នៃកោះហ្គ្រីនលែនតាំងពីប៉ុន្មានរយឆ្នាំមុនមកម៉្លេះ។ យើងក៏មានទូកជាច្រើនគ្រឿងចូលចតនៅលើកោះនេះដែរ។

លោកត្រាំសរសេររៀបរាប់បន្តទៀតថាពិភពលោកមិនអាចមានសន្តិសុខបានឡើយដរាបណាគេនៅតែខ្ទាស់មិនឱ្យអាមេរិកគ្រប់គ្រងកោះហ្គ្រីនលែនយ៉ាងពេញសិទ្ធិ។ កាលពីឆ្នាំមុន លោកត្រាំខិតខំយ៉ាងអស់ពីកម្លាំងកាយចិត្តដើម្បីជួយសម្រុះសម្រួលភាគីជម្លោះ។ លោកអះអាងថាលោកជួយបញ្ចប់សង្គ្រាមចំនួន៨។ នៅទីបញ្ចប់ រង្វាន់ណូបែលសន្តិភាពពិភពលោកមិនបានទៅលើដៃគាត់ បែរជាបានទៅលើប្រធានគណបក្សប្រឆាំងនៅវេណេហ្ស៊ូអេឡា លោកស្រីម៉ាឆាដូ (Machado) ទៅវិញ។ កាលពីខែធ្នូ ឆ្នាំ២០២៥ លោកស្រីសុខចិត្តប្រថុយជីវិតរត់ភៀសខ្លួនតាមទូកដើម្បីធ្វើដំណើរទៅប្រទេសន័រវេទទួលរង្វាន់៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ