ទីក្រុងតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ ប្រកាសថានឹងរំលាយសភានៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រមុនអាណត្តិនាថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៦ ពោលគឺរៀបចំនៅថ្ងៃតែមួយជាមួយនឹងការបោះឆ្នោតនៅប្រទេសថៃដែរ។ សម្រាប់ជប៉ុន គណបក្សនយោបាយនានាអាចចាប់ផ្ដើមឃោសនាបោះឆ្នោតពីថ្ងៃទី២៧ ខែមករាតទៅ។ គេគិតថានេះជាយុទ្ធសាស្ត្ររបស់លោកស្រីតាកាអ៊ីឈិដើម្បីពង្រឹងបាតគ្រឹះនៃរដ្ឋាភិបាលរបស់លោកស្រី។

លោកស្រីថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាការសម្រេចចិត្តរៀបចំការបោះឆ្នោតមុនអាណត្តិលើកនេះជាការប្រថុយមួយចានទឹកមួយចានគោក មានន័យថាអាចនឹងរបូតអំណាចពីដៃក៏ថាបាន។ គោលបំណងធំរបស់លោកស្រីដើម្បីទទួលការកាត់សេចក្ដីពីប្រជាជនជប៉ុនក្នុងការវិនិច្ឆ័យថាតើលោកស្រីស័ក្ដិសមនឹងបន្តតំណែងជានាយករដ្ឋមន្ត្រី ឬក៏ត្រូវចាកចេញ។

នៅក្នុងការបោះឆ្នោតលើកនេះ លោកស្រីតាកាអ៊ីឈិសង្ឃឹមថានឹងទទួលបានសំឡេងគាំទ្រកម្រិតខ្ពស់ដើម្បីឱ្យគណៈរដ្ឋមន្ត្រីថ្មីទទួលបានសេចក្ដីទុកចិត្តពីប្រជាជនក្នុងការអនុវត្តកម្មវិធីនយោបាយសារពើពន្ធដែលប្រកបដោយការទទួលខុសត្រូវ។ គិតទៅ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រលើកមុន (ខែតុលា ឆ្នាំ២០២៤) ទៅទល់នឹងការបោះឆ្នោតថ្មីមានរយៈពេលមិនដល់មួយឆ្នាំកន្លះផង។

យោងតាមរដ្ឋធម្មនុញ្ញជប៉ុន អាណត្តិរបស់អ្នកតំណាងរាស្ត្រមានរយៈពេល៤ឆ្នាំបើគ្មានអ្វីប្រែប្រួលទេ លើកលែងតែរំលាយសភាមុនអាណត្តិ។ ផែនការរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិនេះត្រូវលោកស្រីតាកាអ៊ីឈិជម្រាបជូនគណបក្សដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃតាំងពីពេលមុននេះទៅទៀត។ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រីតាកាអ៊ីឈិមិនសូវមានលំនឹងខ្លាំងពេកទេដោយសារគណបក្សរបស់លោកស្រីទទួលបានអាសនៈមិនច្រើនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯង។

បើទុកជារួមគ្នាជាមួយគណបក្សមួយទៀតក៏បានត្រឹមតែលើសភាគច្រើនដាច់ខាតបន្តិចបន្តួចតែប៉ុណ្ណោះ។ ម៉្យាងទៀត នៅព្រឹទ្ធសភា គណបក្សរបស់លោកស្រីមានសំឡេងភាគតិចទៅទៀត។ ដូច្នេះនៅពេលត្រូវអនុម័តសេចក្ដីព្រាងច្បាប់ម្ដងៗត្រូវទៅនិយាយបញ្ចុះបញ្ចូលគណបក្សដទៃទៀតដើម្បីបង្គ្រប់សំឡេង។ ក្រុមគណបក្សប្រឆាំងរិះគន់ការសម្រេចចិត្តរំលាយសភាដើម្បីបោះឆ្នោតមុនអាណត្តិ។ ពួកគេថាលោកស្រីតាកាអ៊ីឈិឆ្លៀតកេងចំណេញនយោបាយដោយរៀបចំការបោះឆ្នោតមុនគម្រោងកោះប្រជុំសភាដើម្បីអនុម័តកញ្ចប់ថវិកាឆ្នាំ២០២៦នៅខែមេសា៕ ប្រភព៖ ក្យូដូ (Kyodo) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ