រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡង់គ្រីស័រ មួយគ្រឿង បើកបរដោយជនជាតិចិន បានរេចង្កូតធ្លាក់ប្រឡាយទឹកស្អុយ ទាំងព្រឹក តែសំណាងល្អ ពុំបណ្ដាលឱ្យអ្នកបើកបរ រងរបួសឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃ១៩ ខែមករា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តដែលធ្លាក់ប្រឡាយ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N-5225 បើកបរដោយជនជាតិចិន ពុំស្គាល់អត្តសញ្ញាណឡើយ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ បើកបរដោយជនជាតិចិន ធ្វើដំណើរតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុ អ្នកបើកបរ(សង្ស័យងងុយដេក)រេចង្កូតទៅខាងស្តាំដៃ ធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលអោយក្រឡាប់ ១ត្រឡប់ បណ្តាលអោយរងការខូចខាត។ ចំណែកអ្នកបើកបរ មិនបណ្តាលអោយរងរបួសឡើយ រួចគេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុ នគរបាលមូលរដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដោយសារមិនបង្កអោយប៉ះពាល់ដល់អ្នកធ្វើដំណើរ តំណាងរថយន្តមកស្ទូចយកទៅជួលជុលដោយខ្លួនឯង ៕





ចែករំលែកព័តមាននេះ