ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នបងប្អូន​! មានស្ត្រីវ័យ៤១ឆ្នាំម្នាក់ទៀតកើតជំងឺផ្តាសាយបក្សី H5N1 នៅខេត្តសៀមរាប

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ​បានឱ្យ​ដឹង​ថា មាន​អ្នក​ជំងឺផ្តាសាយបក្សី​ចំនួន​០១ ករណី កើត​លើ​ស្ត្រី អាយុ​៤១​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ​បានឱ្យ​ដឹង​ថា មាន​អ្នក​ជំងឺផ្តាសាយបក្សី​ចំនួន​០១ ករណី កើត​លើ​ស្ត្រី អាយុ​៤១​ឆ្នាំ និង​ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី​ប្រភេទ​(H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ល្បើក ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ។

ក្រសួងសុខាភិបាល បាន​ប្រកាស បាន​បន្ត​ថា អ្នកជំងឺ​មាន​រោគ​សញ្ញា គ្រុនក្តៅ ក្អក ហត់ និង​ពិបាក​ដកដង្ហើម ។

ដោយឡែក បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​កំពុង​ទទួល​បានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ។ តាម​ការ​សាកសួរ​បង្ហាញ​ថា នៅផ្ទះ​អ្នកជំងឺ និង​នៅផ្ទះ​អ្នក​ជិតខាង​មាន​មាន់​ទា ឈឺ និង​ងា​.​ប់ ហើយ​អ្នកជំងឺ​បាន​កាន់ និង​ប៉ះពាល់​មាន់​ឈឺ និង​ងាប់​រួច​យក​មក​ធ្វើ​ម្ហូប​ទទួលទាន ៥​ថ្ងៃមុន ថ្ងៃ​ដែល​អ្នកជំងឺ​ចាប់ផ្តើម​ឈឺ ។

ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន និង​កំពុង​សហការ​ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម លើ​ការ​កើតឡើង​នូវ​ជំងឺផ្តាសាយបក្សី និង​ធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេកទេស ស្វែងរក​ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​ស្វែងរក​ករណី​សង្ស័យ​និង​អ្នក​ប៉ះពាល់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​ក្នុង​សហគមន៍ ព្រមទាំង​ចែក​ជូន​ឱសថ​តា​មី​ហ្គូ (Tamiflu) ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែល​កើតហេតុ​ខាងលើ ។

ក្រសួងសុខាភិបាល ក៏​បាន​ក្រើនរំលឹក​សារ​ជា​ថ្មី​ម្តងទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្ត ទុកដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជា​និច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំ​រា​.​ម​កំហែង​ដល់ សុខភាព​ប្រជាពលរដ្ឋ​យើង ហើយ​ក៏​សូម​ជម្រាប​ដល់​បងប្អូន ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់​ក្នុង​អំឡុង​១៤​ថ្ងៃ មុន​ថ្ងៃ​ចាប់ផ្តើម មាន​រោគ​សញ្ញា សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជា​បន្ទាន់ ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ