ច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនត្រូវបានបិទទាំងស្រុងហើយ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញច្រកទ្វារអន្តរជាតិព្រំក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញច្រកទ្វារអន្តរជាតិព្រំក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញច្រកទ្វារអន្តរជាតិព្រំក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងច្រកទ្វារភាគីអន្តរជាតិថៃ ត្រង់ចំណុចបានប៉ាកាត ស្រុកពោងណាមរ៉ន ខេត្តចាន់ថាក់បូរី ប្រទេសថៃ ត្រូវបានខាងភាគីថៃបិទទ្វារជាឯកតោភាគី ចាប់តាំងពីព្រឹកព្រលឹមតែម្តង មិនអនុញ្ញាតឱ្យម៉ូតូ ឬរថយន្ត និងទំនិញចេញចូលបានឡើយ ខណៈខាងភាគីខ្មែរក៏បិទទ្វាររបស់ខ្លួនតាមក្រោយថៃផងដែរ ។
បើតាមការរៀបរាប់ពីពលករម្នាក់ឈ្មោះ ជឿន ភេទប្រុស អាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែងបានរៀបរាប់ឱ្យដឹងថា ក្រោយពេលមានការចម្រូងចម្រាស់រវាងប្រទេសថៃ ជាមួយនឹងប្រទេសកម្ពុជា លោកដែលជាពលករស៊ីឈ្នួលបេះផ្លែសាវម៉ាវ ផ្លែមង្ឃុត និងផ្លែឈើផ្សេងៗទៀតនៅខេត្តចាន់ថាក់បូរី ប្រទេសថៃ បានសុំថៅកែធ្វើដំណើរឆ្លងដែនចូលមកក្នុងស្រុកខ្មែរវិញ ដោយលោកបានទៅស៊ីឈ្នួលធ្វើការឱ្យថៅកែថៃអស់រយៈពេលជាង៣ខែ ។
លោកបន្តទៀតថា ការធ្វើដំណើរឆ្លងដែនមកប្រទេសកម្ពុជាវិញ មិនមានការលំបាកអ្វីនោះទេ ដោយលោកហុចលិខិតឆ្លងដែនរបស់ខ្លួនឱ្យខាងភាគីថៃវាយត្រាបិទរហូតចូលមកដល់ខាងភាគីខ្មែរក៏ត្រួតពិនិត្យ និងវាយត្រាបិទបន្តទៀតដែរ ។ ពេលនេះ លោកនឹងមិនវិលត្រឡប់ទៅប្រទេសថៃវិញឡើយដោយរស់នៅធ្វើការងារស្រុកគេពិតជាមានការលំបាក ណាមួយរស់នៅបែកប្រពន្ធ កូន និងផ្ទះសម្បែងថែមទៀតផង ។
ចំណែកពលករម្នាក់ទៀតមកពីខេត្តសៀមរាប ឈ្មោះ សាន្ត ភេទប្រុស និងពលករជាច្រើននាក់ទៀតដែលកំពុងឈររង់ចាំជិះរថយន្តឈ្នួលធ្វើដំណើរទៅស្រុកកំណើត ក៏បានរៀបរាប់ឱ្យដឹងថា ពួកគាត់បានធ្វើដំណើរទៅស៊ីឈ្នួលបេះផ្លែឈើឱ្យថៅកែជនជាតិថៃ ក្នុងខេត្តចាន់ថាក់បូរី អស់រយៈពេលជាយូរថ្ងៃខែមកហើយ ដោយមានលិខិតឆ្លងដែនត្រឹមត្រូវ។
ប្រភពបន្តទៀតថា ក្រោយពីមានបញ្ហាព្រំដែនរវាងប្រទេសថៃ ជាមួយនឹងប្រទេសកម្ពុជា លោកមិនហ៊ានបន្តនៅទីនោះទៀតទេ ព្រោះខ្លាចមានបញ្ហាប៉ះប្រយុទ្ធគ្នារវាងយោធាថៃ និងយោធាកម្ពុជា អាចធ្វើឱ្យគាត់បែកបាក់ប្រពន្ធកូន ។ ដូច្នេះហើយ ទើបពួកគាត់នាំគ្នាមករស់នៅស្រុកកំណើតវិញ ដោយរកការងារធ្វើនៅក្នុងស្រុកខ្មែរតែម្តង ។
បើតាមប្រភពព័ត៌មានពីមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំបានឱ្យដឹងដែរថា ច្រកទ្វារទាំងអស់ ដែលជាប់នឹងព្រំប្រទល់ប្រទេសថៃ ត្រូវបានបិទជាស្ថាពរហើយ មិនអនុញ្ញាតឱ្យម៉ូតូ ឬរថយន្តចេញចូលទៅមកបានឡើយ ។ ប្រភពបន្តទៀតថា ប៉ុន្តែបើប្រជាជនខ្មែររស់នៅក្នុងទឹកដីប្រទេសថៃ អាចធ្វើដំណើរឆ្លងដែនចូលមកដីខ្មែរវិញបាន ។ ចំណែកឯជនជាតិថៃ ដែលស្នាក់នៅធ្វើការងារក្នុងទឹកដីខ្មែរ ក៏អាចធ្វើដំណើរឆ្លងដែនទៅប្រទេសរបស់ខ្លួនវិញបានដែរ។
រីឯជនជាតិថៃក៏បានហាមឃាត់មិនឱ្យភាគីកម្ពុជាដឹកទំនិញ ឬកសិផលចូលទៅលក់ដូរក្នុងទឹកដីរបស់គេបានដែរ ហើយខាងខ្មែរក៏មិនអាចឱ្យឈ្មួញថៃបើកបរម៉ូតូ ឬរថយន្ត ដឹកទំនិញចូលមកខ្មែរយើងបានដែរ ។
ចំណែកប្រជាពលរដ្ឋខ្មែរដែលរស់នៅក្បែរច្រកទ្វារអន្តរជាតិព្រំ ប្រកបរបរលក់ដូរតាមធម្មតា ដោយមិនខ្វះម៉ូយទិញម្ហូបអាហារនំចំណីរបស់ខ្លួននោះឡើយ ។ ដោយអាជីវករម្នាក់ៗមមារញឹកក្នុងការលក់ដូរទាំងយប់ទាំងថ្ងៃ ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព ជាពិសេស គឺភ្ញៀវចិនតែម្តង ៕
ចែករំលែកព័តមាននេះ